ជាតិ
ផ្តល់កិច្ចគាំពារសង្គមដល់អ្នកលក់តាមដងផ្លូវ ដើម្បីកម្ពុជាឈានទៅកាន់សង្គមប្រកបដោយសមភាព និងសមធម៌
26, Nov 2021 , 6:59 pm        
រូបភាព
អ្នកស្រី ពៅ ចាន់ដារី ជាអាជីវករលក់ដូរតាមដងផ្លូវ និងជាម្តាយមានកូនពីរនាក់ អំពាវនាវឱ្យមានអត្ថប្រយោជន៍គាំពារសង្គមស្មើៗគ្នាសម្រាប់កម្មករទាំងអស់។ រូបថត៖ អុកស្វាម
អ្នកស្រី ពៅ ចាន់ដារី ជាអាជីវករលក់ដូរតាមដងផ្លូវ និងជាម្តាយមានកូនពីរនាក់ អំពាវនាវឱ្យមានអត្ថប្រយោជន៍គាំពារសង្គមស្មើៗគ្នាសម្រាប់កម្មករទាំងអស់។ រូបថត៖ អុកស្វាម
ដោយ៖ អ្នកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម
 
អតីតកម្មការិនីរោងចក្រ អ្នកស្រី ពៅ ចាន់ដារី អាយុ៣០ឆ្នាំ បច្ចុប្បន្នជាអាជីវករលក់ដូរតាមដងផ្លូវមួយរូប ដែលមានស្វាមីជាអ្នករត់រ៉ឺម៉កកង់បី។ ការងាររបស់អ្នកទាំងពីរ ត្រូវបានចាត់ទុកជាការងារក្រៅប្រព័ន្ធ ដោយសារមិនមានការគ្រប់គ្រង និងគាំពារដោយច្បាប់ និងរដ្ឋ។ ជាម្តាយដែលមានកូន២នាក់ និងធ្លាប់ធ្វើការនៅរោងចក្រ ចាន់ដារី អាចមើលឃើញពីភាពខុសប្លែកគ្នា និងអត្ថប្រយោជន៍ជាច្រើនដែលកម្មករក្នុងប្រព័ន្ធទទួលបានពីរបបកិច្ចគាំពារសង្គមដូចជា ការថែទាំ សុខភាព ធានារ៉ាប់រងជំងឺ និងហានិភ័យការងារ ការឈប់សម្រាកលំហែមាតុភាព និងប្រាក់សោធនជាដើម។ អ្នកស្រី ចង់មើលឃើញអាជីវករ និងកម្មករក្រៅប្រព័ន្ធទាំងអស់ទទួលបានអត្ថប្រយោជន៍ដូចគ្នាដែរ។

 
នៅកម្ពុជា អាជីវករលក់ដូរតាមដងផ្លូវដូចជា ចាន់ដារី ជួបប្រទះបញ្ហាប្រឈមជាច្រើន រួមមាន ប្រាក់ចំណូលមិនទៀងទាត់ កង្វះអនាម័យ គ្មានកិច្ចគាំពារសង្គម និងរងការបៀតបៀន និងការរើសអើងគ្រប់រូបភាព។ ពួកគេ ទទួលបានការការពារផ្នែកច្បាប់តិចតួចទាក់ទងនឹងសិទ្ធិការងារ ប្រឈមមុខនឹងលក្ខខណ្ឌការងារមិនល្អ មិនទទួលបានការបណ្តុះបណ្តាល និងការអប់រំផ្លូវការនានា ព្រមទាំងពិបាកស្នើសុំកម្ចីសម្រាប់ពង្រីកអាជីវកម្ម។ ពេលខ្លះ ពួកគេរងការយាយីពីម្ចាស់ផ្ទះ ប៉ូលីសឬ អាជ្ញាធរមូលដ្ឋានឲ្យចាកចេញពីកន្លែងលក់។ 


 អ្នកស្រី ពៅ ចាន់ដារី អាយុ៣០ឆ្នាំ បច្ចុប្បន្នជាអាជីវករលក់ដូរតាមដងផ្លូវមួយរូប ដែលមានស្វាមីជាអ្នករត់រ៉ឺម៉កកង់បី។ រូបថត Oxfam

ការរីករាលដាលនៃជំងឺរាតត្បាតសាកលកូវីដ-១៩ បានធ្វើឲ្យក្រុមអ្នកលក់ដូរតាមដងផ្លូវកាន់តែជួបការលំបាកបន្ថែមទៀត កាន់តែងាយរងគ្រោះ និង ប្រឈមនឹងភាពមិនជាក់លាក់ និងហានិភ័យសុខភាព សង្គម និងសេដ្ឋកិច្ច។ ក្រៅអំពីប្រាក់ចំណូលមិនទៀងទាត់ និងកង្វះសុវត្ថិភាព អាជីវករតាមដងផ្លូវ មិនទាន់បានចុះបញ្ជីក្នុងប្រព័ន្ធរបបសន្តិសុខសង្គម និងមិនត្រូវបានកត់ត្រានៅក្នុងការប្រមូលទិន្នន័យផ្លូវការនៅឡើយទេ រីឯការរួមចំណែកផ្នែកសេដ្ឋកិច្ចរបស់ពួកគេទទួលបានការវាយតម្លៃទាប និងជារឿយៗត្រូវបានផាត់ចេញ។ ពួកគាត់មិនមានឈ្មោះពេញលេញក្នុងនាមជាកម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងច្បាប់ស្តីពីសន្តិសុខ សង្គមនៅឡើយ ដែលនេះជាហេតុធ្វើឲ្យពួកគាត់ ពុំទាន់អាចទទួលបាននូវការឆ្លើយតបទៅតាមតម្រូវការ មិនទទួលបានរបបសន្តិសុខសង្គម និងជំនួយដើម្បីពង្រឹងស្ថានភាពរស់នៅនៅឡើយ។
 
បញ្ហាលំបាក ដែលចាន់ដារីបានឆ្លងកាត់ មិនមែនជារឿងថ្មី ឬជាករណីពិសេសកម្ពុជានោះទេ ប៉ុន្តែស្ថានភាពលំបាកនៅបន្តកើតមាន ហើយកាន់តែអាក្រក់ជាងមុន ក្រោយមានការរីករាលដាលនៃជំងឺកូវីដ១៩។
ប្រសិនបើយើងមើលឲ្យកាន់ស៊ីជម្រៅ អាជីវករតាមចិញ្ចើមផ្លូវ គឺដូចជាសហគ្រិនដែរ ប៉ុន្តែជាអកុសលសហគ្រិនភាពនេះ មិនទទួលបានការការពារ ឬការទទួលស្គាល់ទេ ថ្វីបើពួកគេមានការរួមចំណែកដ៏ធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដូចជាតាមរយៈការបង់ពន្ធជាដើម។ អាជីវកម្មតាម ដងផ្លូវ ភាគច្រើនគឺស្ត្រីជាម្ចាស់អាជីវកម្ម បានផ្តល់អាហារ និងទំនិញដែលមានតម្លៃសមរម្យ ដល់ប្រជាពលរដ្ឋរាប់លាននាក់នៅតាមប្រទេសចំណូលមធ្យមកម្រិតទាបដូចជាកម្ពុជា ជាពិសេសនៅតាមទីសាធារណៈ ដូចជាចិញ្ចើមផ្លូវ និងផ្លូវថ្មើរជើង។ អាជីវករតាមចិញ្ចើមផ្លូវ បានបំលាស់ទីពីកន្លែងមួយទៅកន្លែងមួយ ដើម្បីលក់ទំនិញ និងផលិតផល ដោយបានផ្តល់ភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាដែលមមាញឹកពេកមិនមានពេលវេលាទៅផ្សារ។ ជាងនេះទៅទៀត អ្នកលក់ដូរតាមដងផ្លូវ គឺជាកម្លាំងពលកម្មនៅក្នុងសេដ្ឋកិច្ចទីក្រុង ព្រមទាំងកាត់បន្ថយការចំណាកស្រុកដោយប្រថុយប្រថាន។ 

ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក្តី នៅតាមបណ្តាប្រទេសចំណូលមធ្យមកម្រិតទាបជាច្រើន ការផ្តល់កិច្ចគាំពារសង្គមប្រកបដោយប្រសិទ្ធិភាពនៅតែជាបញ្ហាប្រឈមមួយដ៏ធំដែលធ្វើឱ្យកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រឈមនឹងការផាត់ចេញពីការទទួលបានកិច្ចគាំពារសង្គមនេះ។ យើងអាចមើលឃើញ អ្នកលក់តាមដងផ្លូវនៅគ្រប់ទីក្រុង និងរាជធានីក្នុងពិភពលោក ជាពិសេសនៅតំបន់អាស៊ី។ កម្ពុជា អាចជាប្រទេសដែលមានវត្តមានអ្នកលក់ដូរតាមផ្លូវច្រើនជាងគេក្នុងតំបន់។ យ៉ាងហោចណាស់ អាជីវករតាមដងផ្លូវ មានចំនួនជិត៦ម៉ឺន៣ពាន់នាក់ ឬ៣,៨% នៃចំនួនសរុបជិត១លាន ៧ សែននាក់ ដែលបានចុះបញ្ចីក្នុងទម្រង់អាជីវកម្មនានា (NIS/EC2011)។ ក្នុងចំណោមនេះ ជាង១ម៉ឺន៦ពាន់អាជីវកម្ម ឬ១% គឺស្ថិតនៅក្នុងទីក្រុងភ្នំពេញ ហើយ ៧៥% គឺជាអាជីករស្ត្រី។ ទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិ គឺជាភស្តុតាងបង្ហាញថា វត្តមានអាជីវករលក់ដូរតាមដងផ្លូវកំពុងត្រូវបានគេយកចិត្តទុកដាក់នៅថ្នាក់អន្តរជាតិ ហើយនេះក៏ជាឱកាសដែលកម្ពុជាអាចនាំមុខគេក្នុងតំបន់ចំពោះការទទួល ស្គាល់ និងផ្តល់ការគាំពារដល់អ្នកលក់ដូរតាមដងផ្លូវផងដែរ។
 
នៅឆ្នាំនេះ ក្នុងទិវាអ្នកលក់តាមដងផ្លូវអន្តរជាតិលើកទី៩ អង្គការអុកស្វាមកម្ពុជា (OXFAM) រួមជាមួយនឹងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងដៃគូបានរួមគ្នាប្រារព្ធពិធីនេះ ដើម្បីរំឭកពីភាពសំខាន់របស់អ្នកលក់ដូរតាមដងផ្លូវចំពោះបរិយាបន្នសង្គម និងការរួមចំណែករបស់ពួកគេក្នុងតម្លៃសង្គមសេដ្ឋកិច្ច។ 


 អ្នកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម។ រូបថត Oxfam

ក្នុងឱកាសនេះ យើងសូមអំពាវនាវឲ្យមានការយល់ដឹងបន្ថែមទៀតអំពីភាពសំខាន់របស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការទទួលស្គាល់កាន់តែស៊ីជម្រៅជុំវិញតម្រូវការសង្គម និងការចូលរួមជាបន្តបន្ទាប់របស់ពួកគេចំពោះសង្គមកម្ពុជា។ អ្នកលក់ដូរតាមដងផ្លូវ មានតម្លៃស្មើគ្នានឹងកម្មករដទៃទៀតដែរ ហើយគប្បីទទួលបានសិទ្ធិស្មើគ្នាក្នុងការទទួលបាននូវសេវា និងការការពារដោយរបបគាំពារសង្គម ក៏ដូចជាសេរីភាពសមាគម ដើម្បីធានាថាពួកគេក៏អាចទទួលបានអត្ថប្រយោជន៍នានា ដូចគ្នានឹងកម្មករក្នុងប្រព័ន្ធនៅកម្ពុជាដែរ។ ហេតុដូច្នេះ ជំនួសឱ្យការជម្លៀស អ្នកលក់ដូរតាមដងផ្លូវ ចេញពីទីតាំងលក់ កម្ពុជាគួរតែផ្តល់ឲ្យពួកគេនូវកិច្ចគាំពារសង្គម ជាអាទ៍ ការធានារ៉ាប់រងសុខភាព សេវាថែទាំកុមារ ការផ្តល់ ទីតាំងសមរម្យ និងមានអនាម័យសម្រាប់អាជីវកម្មតាមដងផ្លូវ ការទទួលបានសេវា និងជំនួយហិរញ្ញវត្ថុ ព្រមទាំងការព័ត៌មានស្តីពីសុខភាពសាធារណៈ និងសុវត្ថិភាពស្បៀងជាដើម។
 
យើងសម្លឹងឃើញសង្គមមួយដែលមិនទុកនរណាម្នាក់ឲ្យនៅឯកា។ កម្ពុជា បានកំណត់ គោលដៅឆ្ពោះទៅរកសង្គមមួយប្រកបដោយសមភាព សមធម៌ និងបរិយាបន្ន។ ក៏ប៉ុន្តែ គោលដៅនេះអាចសម្រេចបាន លុះត្រាតែយើងមានការប្តេជ្ញាយ៉ាងមោះមុតចំពោះគោលនយោបាយ និងការ អនុវត្តកិច្ចគាំពារសង្គមប្រកបដោយសមធម៌ និងបរិយាបន្ន សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
 
អង្គការអុកស្វាម និងអង្គការដៃគូ ត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យគោលដៅកិច្ចគាំពារសង្គមក្លាយជាការពិត ដើម្បីធានាថា អ្នកលក់ដូរតាមដងផ្លូវដូចជា អ្នកស្រី ពៅ ចាន់ដារី អាចទទួលបានអត្ថប្រយោជន៍ការពារនានា ដូចដែលនាងធ្លាប់មានពីមុន។ យើងនឹងបន្តសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីសម្រេចការប្តេជ្ញានេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com