ជាតិ
​​​ន​យោ​បាយ​ជាតិ​
ហេតុអ្វីកម្ពុជា គ្មានវត្តមាន ក្នុងជំនួបកំពូលប្រជាធិបតេយ្យរបស់អាម៉េរិក?
26, Nov 2021 , 6:30 pm        
រូបភាព
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រធិបតេយ្យកម្ពុជា (ឆ្វេងដៃ) និងលោក ប៉ូ សុវីនដា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រធិបតេយ្យកម្ពុជា (ឆ្វេងដៃ) និងលោក ប៉ូ សុវីនដា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព
ភ្នំពេញ៖ អវត្តមានរបស់កម្ពុជាក្នុងជំនួបកំពូលប្រជាធិបតេយ្យរបស់អាមេរិក ត្រូវបានអ្នកសិក្សាស្រាវជ្រាវ មើលឃើញថា ពុំមែនរឿងគួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ ដោយសារការការអញ្ជើញចូលរួម គឺផ្អែកលើការធ្លាក់ចុះឬមិនធ្លាក់នៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរៀងៗខ្លួន។ លើសពីនេះ អាមេរិកទំនងជាផាត់កម្ពុជាចេញពីយុទ្ធសាស្រ្តនយោបាយការបរទេសក្នុងប្លុកសេរីរបស់ខ្លួន ហើយប្រមូលផ្ដុំប្រទេសណាដែលមានសន្ដានចិត្តដូចគ្នា និងផ្ដល់ផលប្រយោជន៍ឲ្យខ្លួនតែប៉ុណ្ណោះ។



លោក ប៉ូ សុវីន ដា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព ជឿថាកម្ពុជានឹងទទួលយកការអញ្ជើញចូលរួមក្នុងសន្និសិទកំពូលប្រជាធិបតេយ្យរបស់អាមេរិក បើអាមេរិកអញ្ជើញ ព្រោះកម្ពុជានឹង ទទួលបានប្រយោជន៍ច្រើនពីកិច្ចប្រជុំកំពូលនេះ។

ការ​សម្រេច​ចិត្ត​របស់​អាមេរិក ​ក្នុង​ការ​ដក​​កម្ពុជា​ចេញ​ពី​កិច្ច​ប្រជុំ​កំពូល​ប្រជាធិបតេយ្យ មិនមានអ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ ដោយសារប្រទេសជាច្រើនជុំវិញពិភពលោកក៏មិនត្រូវបានអញ្ជើញដែរ។ ការអញ្ជើញ គឺផ្អែកលើមូលដ្ឋានការធ្លាក់ចុះ ឬមិនធ្លាក់នៃលទ្ធិប្រជាធិបតេយ្យតាមប្រទេសនីមួយៗ។ នេះជាការយល់ឃើញរបស់លោក សុវីនដា។

តាមរយៈសារឆ្លើយតបមកកាន់សារព័ត៌មានថ្មីៗ តាមអ៊ីម៉ែល លោក លើកឡើងថា៖ «គេ​មិន​អាច​និយាយ​ថា​ការ​សម្រេច​ចិត្ត​ (របស់អាម៉េរិក) នេះ លម្អៀង​ទេ។ អាម៉េរិក​មើល​ឃើញ​ខ្លួន​ឯង ​ថា​ជា​មេដឹកនាំប្រជាធិបតេយ្យ»។

យ៉ាណាក៏ដោយ អ្នកស្រាវជ្រាវរូបនេះ យល់ថាការអវត្តមាន​របស់កម្ពុជា​ក្នុង​ជំនួប​កំពូល​ប្រជាធិបតេយ្យនេះ នឹង​មិនមាន​ប៉ះពាល់​ដល់​កម្ពុជានោះទេ។ ដោយសារកិច្ចប្រជុំនេះមានលក្ខណៈនយោបាយ ហើយប្រទេសភាគច្រើន ក៏អវត្តមានដែរ ដូចនេះ មិនមែនជារឿងធំសម្រាប់ប្រទេសកម្ពុជាឡើយ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ប្រាប់ថា  លោក ឥតដឹងព័ត៌មានពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលនេះឡើយ ហើយក៏មិនដឹងថា និងកម្ពុជា ត្រូវបានអញ្ជើញឬក៏អត់ដែរ។ លោក រុញឲ្យទៅសួរក្រសួងការបរទេស។ សារព័ត៌មានថ្មីៗមិនអាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឡើយ ដោយសារលោកពុំទទួលការហៅចូល។

លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រធិបតេយ្យកម្ពុជា  មើលឃើញថា ការរៀបចំកិច្ចប្រជុំកំពូលប្រជាធិបតេយ្យនេះ  គឺសហរដ្ឋអាម៉េរិកមានបំណងចង់រក្សាសណ្ដាប់ធ្នាប់ពិភពលោកសេរី ដោយយកប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជារបៀបវារៈនយោបាយ។ សម្រាប់លោក រ៉ូ វណ្ណៈ ការធ្វើបែបនេះ គឺដើម្បីកៀងគប្រទេសទាំងនោះ  ឲ្យគាំទ្រនិងរក្សាសណ្ដាប់ធ្នាប់ដែលអាម៉េរិកបង្កើតឡើងដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន។ លោក បន្ថែមថា អាម៉េរិកទំនងជាវាយតម្លៃតាមរបាយការណ៍ Freedom House ដែលបញ្ហញថាកម្ពុជាពុំទាន់មានសេរីភាពពេញលេញនៅឡើយ។

លោក រ៉ូ វណ្ណៈ បញ្ជាក់ថាដូច្នេះថា៖«បើសិនជាអាមេរិកវាស់វែងតាមរបាយការណ៍ Freedom House កម្ពុជានឹងមិនត្រូវបានគេអញ្ជើញក្នុងសន្និសីទកំពូលប្រជាធិបតេយ្យនេះទេ»។

ទន្ទឹមនឹងនេះ លោកយល់ថា កត្តាផលប្រយោជន៍យុទ្ធសាស្រ្ត ក៏ចូលរួមចំណែកធ្វើឲ្យកម្ពុជាគ្មានវត្តមានដែរ។ លោកពន្យល់ថា ទាល់តែប្រទេសដែលមានសន្តានចិត្ត និងប្រទេសដែលស្ថិតក្នុងទីតាំងយុទ្ធសាស្រ្តបម្រើផលប្រយោជន៍ឲ្យអាម៉េរិក ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិននិងរុស្ស៊ី ទើបអាម៉េរិកអញ្ជើញទៅ។

សហស្ថាបនិកវិទ្យាស្ថានប្រធិបតេយ្យកម្ពុជារូបនេះ សង្កត់ធ្ងន់ថា ៖ «ព្រោះអ្នកដែលអញ្ជើញ គឺបានជ្រើសហើយថារើសរវាងប្លុកសេរី ឬប្លុកុម្មុយនិស្ត»។

លោក បន្ថែមថា អាម៉េរិកកំណត់ច្បាស់ណាស់ថា បើប្រទេសណាមិនស្ថិតក្នុងសណ្ដាប់ធ្នាប់សេរីទេ គឺត្រូវតែផាត់ចេញពីការអញ្ជើញទៅចូលរួមក្នុងប្លុកយុទ្ធសាស្រ្ត គឹរៀបចំឡើងដើម្បីទៅទប់ប្លុកមួយទៀត៕

អត្ថបទទាក់ទង

Tag:
 កម្ពុជា
  អាមេរិក
  ជំនួបប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com