ជាតិ
សង្គមជាតិ
អូសោម ជាកន្លែងស័ក្ដិសមសម្រាប់ទេសចរទៅកម្សាន្ត ចន្លោះពីខែវិច្ឆិកា ទៅមីនា
27, Nov 2021 , 11:37 am        
រូបភាព
ដោយ:
 
ចន្លោះពីវិច្ឆិកា ដល់ខែមីនា ជាពេលវេលាដែលសហគមន៍អេកូទេសចរណ៍អូរសោម មានអាកាស ធាតុ ត្រជាក់ ខ្យល់អាកាសបរិសុទ្ធ និងផ្លូវងាយធ្វើដំណើរ។ ជាមួយគ្នានេះ ប្រជាជនក្នុងសហគមន៍ ក៏បាន ត្រៀមផលិតផលទេសចរណ៍ជាច្រើន សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅថ្ងៃឆ្លងឆ្នាំ ខាងមុខ។



សហគមន៍អេកូទេសចរណ៍អូរសោម មានទីតាំងស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ សហគមន៍នេះ មានកន្លែងកម្សាន្តបែបផ្សងព្រេងជាច្រើនដូចជា ទឹកធ្លាក់ឆាយប្រុយ, អាងក្រពើភ្នំ, ស្ទឹងតាសុខ, ភ្នំខ្នងព្រះអង្គ,  ចម្ការស្រល់ និងភ្នំសំកុសជាដើម។ កន្លែងកម្សាន្តដែលនៅជិតៗ ទីស្នាក់ការឃុំអូរសោម មានច្រើនផងដែរ ដូចជា ទឹកធ្លាក់ឆាយរការឆាយខ្ពស់, អាងទឹកអាតៃ និងដំណាំបន្លែ ផ្លែឈើ ដែលជាកន្លែងកសិ-ទេសចរណ៍។ ទន្ទឹមនឹងសក្តានុពលទេសចរណ៍ទាំងនេះ អាកាសធាតុ នៅអូរសោម ក៏ជាធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកទេសចរ កាន់តែមនោរមបន្ថែមទៀត។


បើតាមលោក នួន លីម មគ្គទេសក៍ទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍អូរសោម រដូវប្រាំងនេះជាពេលវេលាស័ក្តិសមសម្រាប់ទេសចរទៅលម្ហែ នៅអូរសោម។ «ភ្ញៀវមកកម្សាន្តនៅអូរសោមច្រើនចន្លោះពីខែ១១ ដល់ខែ៣ ព្រោះរដូវប្រាំង ផ្លូវស្ងួតមិនពិបាកធ្វើដំណើរ។ ចំណែកអាកាសធាតុវិញនៅខែ១២ គឺត្រជាក់ខ្លាំងរហូតដល់ ១៦អង្សា ទៅ ១៧អង្សា»។ នេះជាការបញ្ជាក់របស់លោក នួន លីម ដោយបន្តថា បច្ចុប្បន្នប្រជាជនក្នុងសហគមន៍ក៏បានបង្កើតកន្លែងស្នាក់នៅបន្ថែម បូករួមជាមួយអាហារដ្ឋាន ដើម្បីត្រៀមទទួលទេសចរ សម្រាប់ពិធីបុណ្យឆ្លងឆ្នាំខាងមុខ។
ឆាយប្រុយ

ជាមួយគ្នានេះដែរ អ្នកស្រី ស៊ី សូនីតា ម្ចាស់ហ្គោលឌិនរីសត នៅសហគមន៍អេកូទេសចរណ៍អូរសោម បានប្រាប់សារព័ត៌មានThmeyThmey25 ថា រីសតរបស់អ្នកស្រីបានពង្រីកកន្លែងស្នាក់នៅ អាហារដ្ឋាន និងហាងកាហ្វេបន្ថែមទៀត ខណៈភ្ញៀវទេសចរនៅអូរសោមបន្តកើនឡើង។ ម្ចាស់ហ្គោលឌិនរីសត រូបនេះបន្តដូច្នេះថា៖ «បឹងកាឡូកន្លែងខ្ញុំឥឡូវមានដល់ ១៣ផ្ទះហើយ។ យើងពង្រីកកន្លែងច្រើន ហើយយើងក៏បានបង្កើតអាហារដ្ឋានបន្ថែម។ សម្រាប់ថ្ងៃឆ្លងឆ្នាំ គឺភ្ញៀវកក់ពេញអស់ទៀតហើយ»។


នាពេលបច្ចុប្បន្នសហគមន៍អូរសោម មានរីសតចំនួន៥កន្លែង និងផ្ទះសំណាក់ចំនួន ៤កន្លែង។ តែកន្លែងស្នាក់នៅ ក្នុងសហគមន៍នេះ នៅតែខ្វះខាតសម្រាប់ទទួលភ្ញៀវរាល់ពេលបុណ្យទាន។ ជាក់ស្ដែង កាលពីថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក សហគមន៍អេកូទេសចរណ៍អូរសោមទទួលទេសចរបានប្រមាណ ១ពាន់នាក់ ហើយភ្ញៀវទេសចរខ្លះត្រូវបោះតង់សម្រាក ព្រោះគ្មានផ្ទះសំណាក់នៅទំនេរ៕
 




Tag:
 អូរសោម
  ThmeyThmey25
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com