ជាតិ
សេដ្ឋកិច្ច
គិតត្រឹម​ឆមាស​ទី​១ឆ្នាំនេះ កម្ពុជា ទទួលបានការវិនិយោគ​ផ្ទា​ល់ពី​បរទេសសរុប ៣៩​ប៊ី​លាន​ដុល្លារ
27, Nov 2021 , 2:04 pm        
រូបភាព
 
ភ្នំពេញ​៖ គិតត្រឹមចុងឆមាសទីមួយ ឆ្នាំ​២០២១ កម្ពុជា​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស(FDI) ​សរុប ​៣៩​ប៊ី​លាន​ដុល្លារ។ ទំហំវិនិយោគទាំងនេះ ​ផ្ដោតលើ​វិស័យហិរញ្ញវត្ថុ អចលនទ្រព្យ​ កសិកម្ម កម្មន្តសាល និងសណ្ឋាគារ និង​​ជាដើម​។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)។

 
​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ នាថ្ងៃទី២៧វិច្ឆិកា ថា ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា​ មានក្នុងទំហំទឹកប្រាក់ ៣៩ប៊ីលានដុល្លារ។ ធនាគារជាតិ បានបញ្ជាក់ថា តួលេខនេះ គឺគិតត្រឹមចុងឆមាសទីមួយ ឆ្នាំ២០២១។ បើតាមធនាគារជាតិ ទំំហំទឹកប្រាក់ទាំងនេះ បានពីការវិនិយោគរបស់ប្រទេសចិន កូរ៉េខាងត្បូង វៀតណាម សិង្ហ​បុរី ជប៉ុន ម៉ាឡេស៊ី ថៃ អង់គ្លេស និង​កាណាដា​។

លំហូរ​វិនិយោគ​នេះ​គ្របដណ្តប់​លើ​វិស័យ​កសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ សណ្ឋាគារ​និង​រមណីយដ្ឋាន សំណង់ វា​រី​អគ្គិសនី និង​អចលនទ្រព្យ ជាដើម​។ សម្រាប់​ផ្នែក​ហិរញ្ញវត្ថុ​មានការ​វិនិយោគ​ប្រមាណ​២១​ភាគរយ កម្មន្តសាល​២០​ភាគរយ អចលនទ្រព្យ​១២​ភាគរយ សណ្ឋាគារ​១១​ភាគរយ និង​កសិកម្ម​១០​ភាគរយ​។ 

សូមជម្រាបថា កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេស ចាប់តាំងពីឆ្នាំ១៩៩៣មក។ ការវិនិយោគនោះ មានកំណើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ បើតាមរបាយការណ៍របស់ធនាគារជាតិ ក្នុងឆ្នាំ២០១៨  កម្ពុជា ទទួលបានការវិនិយោគផ្ទាល់ពីបរទេស ក្នុងទំហំទឹក ៣ ២១២លានដុល្លារ, ឆ្នាំ២០១៩ ទទួលបាន ៣ ៥៨៨លានដុល្លារ 
និងឆ្នាំ២០២០ ទទួលបាន ប្រមាណ ៣ ៥០០ លានដុល្លារ ។ 
 
​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូបនេះ បាន​បញ្ជាក់ថា ទោះបីជា​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩ និង​បន្ត​សម្រប​ខ្លួន​ទៅនឹង​ប្រក្រតីភាព​ថ្មី​ក្តី ក៏ប៉ុន្តែ​វិស័យ​អចលនទ្រព្យ​នេះ គឺ​នៅមាន​សក្កា​នុព​ល​ក្នុងការ​វិនិយោគ​។ លោក អូន ព័ន្ធមុនីរ័ត្ន​ថា​៖«​អត្រា​នេះ គឺ​បាន​ដោយសារ​ការកើនឡើង​សន្សឹមៗ​នៃ​លំហូរ​ទុនវិនិយោគ​ពី​បរទេស ខណៈ​ការវិនិយោគ​និង​តម្រូវការ​ស្រុកលើ​វិស័យ​អចលនវត្ថុ​ដែលមាន​តម្លៃ​ទាប​និង​មធ្យម នឹង​បន្ត​រក្សា​កំណើន​ល្អប្រសើរ​»​។​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com