COVID-19
ជាតិ
រដ្ឋមន្ត្រីសុខាភិបាល ប្រកាសឱ្យប្រយ័ត្នចំពោះវីរុសកូវីដ១៩ បំប្លែងថ្មីឈ្មោះ «អូមីក្រុង» ដែលពិភពលោកកំពុងព្រួយបារម្ភ
27, Nov 2021 , 4:04 pm        
រូបភាព
 
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី មានឈ្មោះថា «អូមីក្រុង (Omicron)» ខណៈអង្គការសុខភាពពិភពលោក កំពុងតាមដាន និងព្រួយបារម្ភ។


ក្រសួងសុខាភិបាល ក៏បានណែនាំពលរដ្ឋ ឱ្យបន្តការពារ និងទប់ស្កាត់ការចម្លងវីរុសប្រភេទថ្មីខាងលើនេះ ស្របពេលដែលកម្ពុជា បានបើកប្រទេសឡើងវិញ។ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសឱ្យពលរដ្ឋអនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ រួមទាំងអនុវត្តវិធានការសុខភាពសាធារណៈ និងសង្គមចាំបាច់នានា ដូចជា ការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ អនាម័យដៃដោយលាងសម្អាតញឹកញាប់ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល១.៥ម៉ែត្រឡើង ការកែលម្អខ្យល់ចេញចូលនៃទីធ្លាក្នុងផ្ទះ ឬទីតាំងការងារ ឬទីតាំងប្រកបរបររកស៊ីទទួលទាន។ ជាពិសេសជៀសវាងទៅកន្លែងមានមនុស្សច្រើន ,កន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល និងទទួលចាក់ថ្នាំបង្ការជំងឺកូដ-១៩ ឱ្យបានគ្រប់ដូសមូលដ្ឋានទាំងអស់គ្នា។

ពលរដ្ឋត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬគ្រូពេទ្យដែលនៅជិតកន្លែងរស់នៅ អំពីករណីសង្ស័យណាមួយ ដែលពាក់ព័ន្ធទៅនឹងភាពខុសប្លែកធម្មតានៃរោគសញ្ញា ឬជំងឺ និងត្រូវនៅដាច់ដោយឡែក ដើម្បីកុំឱ្យមានការចម្លងបន្តទៅអ្នកដទៃ ឬក្រុមគ្រួសារខ្លួនក្នុងពេលរង់ចាំការវិភាគ រកវីរុសកូវីដ-១៩ថ្មីនេះ។

មិនតែប៉ុណ្ណោះប្រជាពលរដ្ឋត្រូវទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់គ្នា ជាពិសេសជនដែលងាយរងគ្រោះ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដោយបុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវលើការការពារខ្លួន ព្រមទាំងគ្រួសារ និងសហគមន៍ ។ ជាពិសេសត្រូវលើកកម្ពស់ការចូលរួម តាមដាន និងអនុវត្តវិធានការការពារ និងស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺធ្ងន់ៗជាដើម។
បច្ចុប្បន្ន​កម្ពុជា មាន​អ្នក​ឆ្លង​សរុប ១២០ ០៦៤​នាក់ ខណៈ​អ្នកជា​សះស្បើយ​១១៦ ៤៤៦​នាក់ និង​អ្នកស្លាប់​២ ៩២៧​នាក់​៕


Tag:
 COVID-19
  Omicron
© រក្សាសិទ្ធិដោយ thmeythmey.com