ជាតិ
សង្គមជាតិ
Hunmany.kh នឹងផ្សារភ្ជាប់ទំនាក់ទំនងអ្នកនយោបាយ និងសាធារណជន
27, Nov 2021 , 5:59 pm        
រូបភាព
 
ភ្នំពេញ៖ Hunmany.kh ជាវេបសាយ​ចូលទៅកាន់ការិយាល័យអេឡិចត្រូនិករបស់លោក​ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ។ លោក សោម រតនា សមាជិកាគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានលើកឡើងថា វេបសាយនេះ ជាវេទិកាផ្សារភ្ជាប់លោក ហ៊ុន ម៉ានី ជាអ្នកនយោបាយ និងសាធារណជន។



ការិយាល័យ​អេឡិចត្រូនិក​របស់ លោក ហ៊ុន ម៉ានី ដែលអាចចូលតាមរយៈវេបសាយ Hunmany.kh មានមុខងារសំខាន់មួយចំនួនដែលជាប្រភពព័ត៌មាន អំពីលោក ម៉ានី ក្នុងទម្រង់អត្ថបទ វីដេអូ និងឯកសារផ្សេងៗ ហើយសាធារណជនអាចចូលមើល និងទាញយកបាន។ លើសពីនេះ វាក៏ជាវេទិកាសម្រាប់បង្កើនប្រសិទ្ធភាពនៃការទំនាក់ទំនងសាធារណៈ តាមរយៈសារខ្លីៗ របស់លោក ម៉ានី ទៅដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសផងដែរ។
បន្ថែមទៀតនោះ ការិយាល័យអេឡិចត្រូនិក​ ក៏បង្ហាញពីបេសកកម្ម និង​ការ​បំពេញការងាររបស់លោក ហ៊ុន ម៉ានី ក្នុងវិស័យនយោបាយ ការងារសង្គម និងយុវជនផងដែរ។ វាឆ្លុះបញ្ជាំងពីភាពជាអ្នកដឹកនាំជំនាន់ថ្មី ឱ្យស្របតាមការវិវត្តន៍របស់សង្គម ពិសេសក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ ដោយទាញប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យា ដើ់ម្បីទំនាក់ទំនងជាមួយសាធារណជនផងដែរ។

ជុំវិញការដាក់ឱ្យប្រើប្រាស់វេបសាយ Hunmany.kh លោក សោម រតនា សមាជិកគណៈកម្មាធិការកណ្ដាល សសយក បានលើកឡើងថា៖«វេបសាយនេះ ជាវេទិកាផ្សាភ្ជាប់អ្នកនយោបាយ និងសាធារណជន។ ហើយតាមរយៈនេះ យើងសង្ឃឹមថា ទំនាក់ទំនងរបស់លោក ហ៊ុន ម៉ានី ជាមួយអ្នកសារព័ត៌មាន និងសាធារណជន នឹងកាន់តែមានភាពជិតស្និទ្ធជាមួយគ្នា នៅថ្ងៃអនាគត»។

លោក បន្ថែមថា ការិយាល័យអេឡិចត្រូនិកដំបូងរបស់លោក ម៉ានី នឹងផ្ដល់ជាគំរូ សម្រាប់អ្នកនយោបាយផ្សេងទៀត នាពេលអនាគត។
ទន្ទឹមនឹងនេះ លោក ក៏បានបញ្ជាក់ថា វេបសាយ Hunmany.kh នឹងផ្ដល់ឱកាសឱ្យសាធារណជន អាចជួបជាមួយលោក ម៉ានី តាមរយៈការស្នើសុំ និងបំពេញលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ៕




© រក្សាសិទ្ធិដោយ thmeythmey.com