ជាតិ
សង្គមជាតិ
សត្វចតុប្បាទកម្រៗ៥ប្រភេទ មានវត្តមាននៅកម្ពុជា
27, Nov 2021 , 6:59 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅក្នុងពិភពលោក ដែលនៅសេសសល់សត្វព្រៃប្រភេទកម្រ សត្វងាយរងគ្រោះ និងប្រភេទសត្វជិតផុតពូជនៅក្នុងព្រៃធម្មជាតិ។ បច្ចុប្បន្ន សត្វប្រភេទទាំងនោះ ភាគច្រើនរស់នៅក្នុងតំបន់ការពារក្នុងដែនជម្រកសត្វព្រៃរបស់រដ្ឋាភិបាល ដែលត្រូវបានការពារ និងអភិរក្សដោយក្រសួងបរិស្ថាន និងអង្គការដៃគូ។



សត្វក្តាន់៖ ជាប្រភេទសត្វដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងគ្រោះថ្នាក់ជាសកល ក្នុងបញ្ជីក្រហម IUCN និងត្រូវបានចាត់ចូលក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។ ក្តាន់ ជាប្រភេទសត្វកម្រនិងត្រូវបានគេគិតថាបានផុតពូជទៅហើយកាលពីជាង ១០ ឆ្នាំមុន ប៉ុន្ដែមកដល់ឆ្នាំ២០០៦ គេប្រទះឃើញវត្តមានរបស់សត្វនេះនៅក្នុងតំបន់ការពារធម្មជាតិនៅខេត្តក្រចេះ។ ជាមួយគ្នានេះ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវ និងពង្រឹងការអនុវត្តច្បាប់មកពីមន្ទីរបរិស្ថានខេត្តក្រចេះ ខណ្ឌរដ្ឋបាលព្រៃឈើ អង្គការ WWF និងសមាជិកក្រុមល្បាតសហគមន៍ ថតបានតាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ (camera trap) ដែលបានដំឡើងក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។
ខ្ទីង រូបភាពដោយ ក្រសួងបរិស្ថាន

វត្តមានរបស់សត្វប្រភេទនេះ ក្នុងម៉ាស៊ីនថតស្វ័យប្រវត្តិ បានក្លាយជាភស្តុតាងដ៏សំខាន់ ដែលអាចបញ្ជាក់វត្តមានរបស់វាក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ បើតាមទិន្នន័យចុងក្រោយដែលមាននៅឆ្នាំ២០១៧ សត្វក្តាន់មានចំនួនចាប់ពី ២០ទៅ៣០ក្បាល កំពុងតែរស់នៅក្នុងព្រៃក្នុងស្រុកព្រែកប្រសព្វ។ តាមការសិក្សា សត្វក្តាន់មាននៅភូមិភាគខាងជើង និរតី និងខាងកើតទន្លេមេគង្គនៃប្រទេសកម្ពុជា។ សត្វប្រភេទនេះ ក៏មាននៅទីជម្រកសត្វព្រៃនៃប្រទេសឥណ្ឌា រហូតដល់ប្រទេសភូមា ថៃ ឡាវ និងប្រទេសវៀតណាម។

បើយោងតាមការស្រាវជ្រាវ ចំនួនសត្វក្ដាន់ថយចុះខ្លាំង នៅភូមិភាគអាស៊ីអាគ្នេយ៍ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់។ បច្ចុប្បន្ន ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក មិនមានទិន្នន័យច្បាស់លាស់ទាក់ទងនឹងចំនួនសត្វក្តាន់នៅឡើយទេ។

សត្វឈ្លូសយក្ស៖ ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN។ សត្វប្រភេទនេះ ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ឆ្នាំមុន។ វត្តមានរបស់វា ត្រូវបានរកឃើញដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំអាណាមដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យភាគឦសានប្រទេសកម្ពុជា។
ឈ្លូសយក្ស រូបភាពដោយក្រសួងបរិស្ថាន

វត្តមានសត្វប្រភេទនេះ ត្រូវបានម៉ាស៊ីនថតស្វ័យប្រវត្តិដែលដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។ ឈ្លូសយក្ស ជាប្រភេទឈ្លូសដែលមានមាឌធំជាងគេ អាចមានទម្ងន់លើសពី ៣០គីឡូក្រាមក្នុងមួយក្បាល និងស្ថិតក្នុងចំណោមឈ្លូសទាំង១២ប្រភេទហើយលក្ខណៈខុសគ្នារវាងសត្វឈ្លូសយក្ស និងសត្វឈ្លូសធម្មតា ។

សត្វឈ្លូសយក្សខុសពីឈ្លូសធម្មតា ដោយសារចំណុចបីសំខាន់៖ ទី១ ស្នែង៖ ស្នែងសត្វឈ្លូសយក្សមានទំហំធំជាងស្នែងសត្វឈ្លូសធម្មតា ខ្នែងស្នែងតូច ដុះស្រប ឬក៏ដុះបែកងាកចេញក្រៅពីខ្នែងមេ ហើយគល់ស្នែងរបស់ឈ្លូសយក្សខ្លីជាងគល់ស្នែងរបស់ឈ្លូសធម្មតា។ ទី២ កន្ទុយ៖ កន្ទុយរបស់សត្វឈ្លូសយក្ស មានប្រវែងខ្លីជាងប្រហែល ១ភាគ៣ នៃកន្ទុយរបស់សត្វឈ្លូសធម្មតា ហើយកន្ទុយនោះមានរាងត្រីកោណ និងមានពណ៌សនៅផ្នែកខាងក្រោម។ ទី៣ ថ្ងាស៖ ថ្ងាសរបស់សត្វឈ្លូសយក្សញី មានពណ៌ក្រមៅ ស្ទើរតែខ្មៅតែម្តង។
ទន្សោង រូបភាពដោយ WCS

សត្វខ្ទីង៖  ជាប្រភេទសត្វកម្រជិតផុតពូជនៅកម្ពុជា ហើយសត្វប្រភេទនេះ ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក ហើយចំនួនរបស់វាត្រូវបានកត់សម្គាល់ថាមាននិន្នាការធ្លាក់ចុះនៅទូទាំងពិភពលោក។

បើទោះបីជា វត្តមានសត្វប្រភេទនេះនៅមាននៅកម្ពុជាក្តី ប៉ុន្ដែតាមការសិក្សាសត្វខ្ទីង ថយចុះជាង ៨០ភាគរយ ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ ហើយសត្វខ្ទីងនៅលើពិភពលោកបានថយចុះប្រមាណ ៩០ភាគរយ ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី២០មក។ ជាមួយគ្នានេះដែរ សត្វខ្ទីងនៅកម្ពុជាមានការធ្លាក់ចុះប្រមាណជាង ៥០ភាគរយ នៅចន្លោះឆ្នាំ ១៩៦០ មកដល់ដើមឆ្នាំ ១៩៩០ ហើយនៅតែបន្តធ្លាក់ចុះដល់បច្ចុប្បន្ន។

ចំពោះ វត្តមានសត្វខ្ទីងត្រូវបានប៉ានស្មានថា មានប្រមាណជាង ១០០ក្បាលនៅឆ្នាំ២០២០កន្លងទៅ ខណៈនៅឆ្នាំ២០១០ មានសត្វខ្ទីងប្រមាណ ៥០០ក្បាលរស់នៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី។ វត្តមានពិតប្រាកដរបស់សត្វកម្រ និងជិតផុតពូជនៅកម្ពុជានេះ អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញមិនទាន់អាចបញ្ជាក់ពីចំនួនជាក់លាក់បាននៅឡើយទេ។

សត្វរមាំង៖ ជាសត្វកម្រនៅលើពិភពលោកស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតពូជ។
ចំពោះក្រុមប្រភេទរបស់រមាំង Cervus Siamensis បច្ចុប្បន្នមានចំនួនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា បើធៀបទៅនឹងប្រទេសជិតខាង។ ចំនួនទាំងនេះ មាននៅក្នុងខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក្រចេះ កំពង់ស្ពឺ បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តសៀមរាប ជាពិសេសខេត្តព្រះវិហារក្នុងស្រុកឆែប ជាំក្សាន្ត គូលែននិងសង្គមថ្មី។ យោងតាមទិន្នន័យដែលផ្សាយដោយអង្គការ IUCN ចេញផ្សាយនៅឆ្នាំ២០១៥ សត្វរមាំងនៅប្រទេសកម្ពុជាមានចំនួនតិចជាង ៧០០ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។ ចំនួននេះ អាចថយចុះថែមទៀតនាពេលបច្ចុប្បន្ននេះ។

កំណត់ត្រានៃសត្វរមាំងនាពេលនេះ បានផ្តល់ជាព័ត៌មាន និងចំណេះដឹងផ្នែកវិទ្យាសាស្ត្រដ៏សំខាន់បន្ថែមទៀត ដល់កំណត់ត្រាដំបូងបង្អស់ នៅក្នុងដែនជម្រកកាលពីឆ្នាំ២០២០ ដើម្បីរួមចំណែកគាំទ្រដល់ការរស់រានមានជីវិតតទៅអនាគតទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ សម្រាប់សត្វដែលជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជមួយនេះ។

សត្វទន្សោង៖  ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ សត្វទន្សោង ត្រូវបានចាត់ក្នុងចំណាត់ថា្នក់ជាប្រភេទសត្វព្រៃកម្រ ក្រោមប្រកាសលេខ ០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់យកសាច់ និងស្នែង។ សត្វប្រភេទនេះ មានវត្តមានរាយប៉ាយនៅទូទាំងប្រទេសកម្ពុជា ជាពិសេសមានច្រើននៅតំបន់ភាគនិរតី ភាគខាងជើង និងភាគពាយព្យ និងមានចំនួនតិចតួចនៅក្នុងប្រទេសវៀតណាម។

បច្ចុប្បន្នចំនួនសត្វទន្សោងនៅលើពិភពលោក ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ៤០០០ក្បាល។ ប៉ុន្ដែចំនួនពិតប្រាកដ ក្រសួងមិនអាចបញ្ជាក់បាននៅឡើយទេ។ បើតាមទិន្នន័យអង្កេតតាមដាននៅតាមតំបន់ជាច្រើន ដែលវារស់នៅ និងទិន្នន័យពីអង្គការអភិរក្សផ្សេងទៀត ចំនួនសត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទំនងជាមានតិចជាង ១៥០០ក្បាល។

អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងការពារទីជម្រករបស់សត្វទន្សោងនៅក្នុងតំបន់ការពារធម្មជាតិ ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ដើម្បីការពារសត្វប្រភេទនេះកុំឱ្យផុតពូជ៕

ប្រើស ដោយក្រសួងបរិស្ថាន

រមាំង រូបដោយក្រសួងបរិស្ថាន

Tag:
 ក្រសួងបរិស្ថាន
  សត្វកម្រ
  ព្រៃធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com