ជាតិ
បទសម្ភាសន៍
លោក តុន ច័ន្ទរិទ្ធិ និពន្ធសៀវភៅបែបជំរុញទឹកចិត្ត ដើម្បីកាត់បន្ថយការបាក់ទឹកចិត្ត
27, Nov 2021 , 7:59 pm        
រូបភាព
លោក តុន ច័ន្ទរិទ្ធិ ស្ថាបនិកទំព័រហ្វេសប៊ុក សៀវភៅខ្ញុំ..
លោក តុន ច័ន្ទរិទ្ធិ ស្ថាបនិកទំព័រហ្វេសប៊ុក សៀវភៅខ្ញុំ..
ដោយ: ថ្មីៗ
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ ម្ចាស់ស្នាដៃ « និទានម៉ែ» និង « អ្នកពិតជាពិសេស តោះ! បន្តដំណើរទៅមុខទៀត» លោក តុន ច័ន្ទរិទ្ធិ បានប្រឡូកចូលក្នុងផ្នែកតែងនិពន្ធ រយៈពេលជាង៣ឆ្នាំមកហើយ។ ស្នាដៃរបស់លោកតែងតែផ្តល់នូវក្តីសង្ឃឹម ការជំរុញលើកទឹកចិត្តឱ្យស្រឡាញ់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ពិសេសលោកចង់ចូលរួមកាត់បន្ថយការបាក់ទឹកចិត្តរបស់យុវជន និងអ្នកអាន ។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក តុន ច័ន្ទរិទ្ធិ ដូចតទៅ៖
 
 
ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ លោក តុន ច័ន្ទរិទ្ធិ ស្ថាបនិកទំព័រហ្វេសប៊ុក «សៀវភៅខ្ញុំ»  បានបង្កើតស្នាដៃចំនួន២ គឺប្រលោមលោក «និទានម៉ែ» និង « អ្នកពិតជាពិសេស តោះ! បន្តដំណើរទៅមុខទៀត» ព្រមទាំងត្រៀមចេញផ្សាយនូវស្នាដៃទី៣ទៀត ឆាប់ៗនេះ។
 
ទម្រាំតែអាចបង្កើតសមិទ្ធផលមួយៗ ឱ្យមានការគាំទ្រ និងទទួលស្គាល់ជាសាធារណៈពីមហាជន មិនមែនជារឿងងាយស្រួលឡើយ។ អ្នកនិពន្ធវយ័ ២៥ ឆ្នាំរូបនេះ បានយកបេះដូងធ្វើដោយក្តីស្រឡាញ់ ខិតខំស្រាវជ្រាវ រៀនពីបទពិសោធជីវិតជាច្រើន  ដើម្បីផ្លាស់ប្តូរទៅរកភាពវិជ្ជមានដល់អ្នកអាន។  
 
អតីតនិស្សិតអក្សសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះមានបញ្ជាក់ថា៖ « អ្នកនិពន្ធគឺជា វិស្វករនៃព្រលឹង ដែលត្រូវចូលរួមចំណែកផ្តល់នូវការផ្លាស់ប្តូរជាវិជ្ជមានទៅកាន់មិត្តអ្នកអាន តាមរយៈមនោគមន៍វិជ្ជា ទស្សនៈផ្ទាល់ខ្លួន ដើម្បីជំរុញលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹម បណ្តុះនូវស្មារតីស្នេហាជាតិទៅកាន់មហាជន ពិសេសបង្រៀនឱ្យស្គាល់តម្លៃនៃជីវិត ចេះប្រើប្រាស់ជីវិតឱ្យបានត្រឹមត្រូវ សម្រាប់ខ្លួនឯង និងសង្គមជាតិ»។
 
បើតាមអ្នកនិពន្ធរូបនេះ ដ្បិតអាជីពនេះមិនអាចឱ្យ លោកក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ តែលោកយល់ថា ការងារមួយនេះ បានផ្តល់ក្តីសុខយ៉ាងខ្លាំង នៅពេលដែលការផ្លាស់ប្តូរការគិតអវិជ្ជមាន ជាវិជ្ជមាន តាមរយៈស្នាដៃ ជាពិសេសអាចលើកទឹកចិត្តមនុស្សដែលកំពុងទទួលរងសម្ពាធ និងបាក់ទឹកចិត្តបាន។
 
បុរសសម្បុរស្រអែមរូបនេះ លើកទឹកចិត្ត យុវជន ត្រូវខិតខំអភិវឌ្ឍខ្លួនតាមរយៈការអានសៀវភៅ ជាជាងប្រើប្រាស់បណ្តាញសង្គមច្រើនពេក ដែលនាំឱ្យខាតពេលវេលា និងខាតបង់ថវិកា។ ទន្ទឹមនេះ លោក សំណូមពរដល់អ្នកនិពន្ធមួយចំនួន គួរយកចិត្តទុកចំពោះស្នាដៃ និងតម្លៃនៃការតែងនិពន្ធឱ្យបានខ្ពស់ ជាជាងចង់បាននូវភាពល្បីមួយឆាវ ប៉ុន្តែប៉ះពាល់ដល់សីលធម៌ក្នុងសង្គមទៅវិញ៕
 




Tag:
 SME
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com