ជាតិ
សង្គមជាតិ
WHO ទទូចឱ្យប្រជាជនកម្ពុជាត្រៀមខ្លួន ដ្បិត «អូមីក្រុង»អាចធ្វើឱ្យករណីឆ្លងថ្មីកើនឡើង
27, Nov 2021 , 8:24 pm        
រូបភាព
លោកស្រីវេជ្ជបណ្ឌិត Li Ailan អំពាវនាវឱ្យពលរដ្ឋកម្ពុជាបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃការឆ្លងកូវីដ ស្របពេលដែលមានវត្តមានមេរោគបំប្លែងថ្មី។ រូបភាពពី Twitter
លោកស្រីវេជ្ជបណ្ឌិត Li Ailan អំពាវនាវឱ្យពលរដ្ឋកម្ពុជាបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃការឆ្លងកូវីដ ស្របពេលដែលមានវត្តមានមេរោគបំប្លែងថ្មី។ រូបភាពពី Twitter
ភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជានៅថ្ងៃ ២៧ ខែវិច្ឆិកានេះ បានអំពាវនាវឱ្យប្រជាជនកម្ពុជាត្រៀមលក្ខណៈជាស្រេច និងចូលរួមទាំងអស់គ្នាដើម្បីឆ្លើយតបនឹងការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មី B.1.1.529 ឬ មានឈ្មោះថា អូមីក្រុង ដែលអាចនាំឱ្យមានករណីឆ្លងជំងឺកូវីដ ១៩ ថ្មីកើនឡើង។


 
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Li Ailan បានផ្តល់យោបល់ថា ទោះបីជាបច្ចុប្បន្ន អត្រានៃប្រជាជនទទួលបានវ៉ាក់សាំងមានភាគច្រើនក៏ដោយ វាជារឿចាំបាច់ដែលកម្ពុជាត្រូវត្រៀមលក្ខណៈជាមុន ដើម្បីឆ្លើយតបនឹងលទ្ធភាពដែលអាចមានការកើនឡើងនៃការឆ្លងមេរោគកូវីដ ​១៩​​​ បង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង។  
 
«កម្ពុជា គួរតែបារម្ភអំពីវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដែលទើបរកឃើញថ្មីៗនេះ បើទោះបីជាកម្ពុជា សម្រេចបានអត្រានៃការចាក់វ៉ាក់សាំងកូវីដ-១៩ខ្ពស់ក៏ដោយ»។  លោកស្រីវេជ្ជបណ្ឌិត Li មានប្រសាសន៍បែបនេះក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅរសៀលថ្ងៃសៅរ៍នេះ។ 
 
លោកស្រីបន្តថា ដូច្នេះហើយប្រជាជនកម្ពុជាគ្រប់រូបត្រូវត្រៀមខ្លួន ក្នុងស្ថានភាពដែលករណីជំងឺឆ្លងថ្មីមានការកើនឡើងយ៉ាងគំហុកជាយថាហេតុ។ វានឹងជួយឱ្យកម្ពុជាអាចរៀនសូត្របាន និងអាចកែតម្រូវវិធានការឆ្លើយតបបានដោយប្រសិទ្ធភាព។ 
 
អូមីក្រុង ដែលត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោកជាវីរុសបំប្លែងខ្លួនថ្មីគួរឱ្យព្រួយបារម្ភនេះអាចបំប្លែងខ្លួនជាវីរុសចំនួនច្រើន។ បើតាមអង្គការនេះ ភស្តុតាងបឋមបានបង្ហាញថា វាអាចបង្កឱ្យមានហានិភ័យខ្ពស់ជាងវីរុសបំប្លែងថ្មីដែលគួរឱ្យបារម្ភផ្សេងទៀត។ បច្ចុប្បន្ននេះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងបន្តស្រាវជ្រាវដើម្បីកំណត់ថា វីរុសបំប្លែងថ្មីនេះអាចមានលទ្ធភាពចម្លងខ្ពស់កម្រិតណា ហើយមានឥទ្ធិពលជាងប្រសិទ្ធភាពវ៉ាក់សាំងដែលកំពុងត្រូវបានប្រើប្រាស់ដែរឬអត់។ 
 
យ៉ាងណាក៏ដោយ បើតាមអង្គការសុខភាពពិភពលោក ចំណុចវិជ្ជមានគឺ ការស្វែងរកវីរុសកូវីដ-១៩ ដោយប្រើម៉ាស៊ីនមន្ទីរពិសោធន៍ PCR ក្នុងពេលបច្ចុប្បន្ន នៅតែមានប្រសិទ្ធភាពក្នុងការបន្តកំណត់វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង។ ដូច្នេះហើយ លទ្ធភាក្នុងការតាមដានការរីករាលដាលរបស់វា ក៏អាចធ្វើទៅបានដូចគ្នា។ 
 
«យើងអាចកែកម្រូវ និងពង្រឹងការឆ្លើយតបចំពោះជំងឺកូវីដ-១៩របស់យើង ដោយផ្អែកលើព័ត៌មានថ្មី ដើម្បីកាត់បន្ថយការគំរាមកំហែងរបស់វា»។ លោកស្រី Li រៀបរាប់ដូច្នេះ មុននឹងបន្ថែមថា វិធានការឆ្លើយតបនានាអាចរាប់បញ្ចូលទាំងការពង្រឹងការតាមដានជំងឺ ការចាត់ថាក់ និងការអនុវត្តវិធានការព្រំដែនអន្តរជាតិដែលផ្អែកលើហានិភ័យដែលមាន។ ចំណែក វិធានការបីកុំ បីការពារ ដូចជាការពាក់ម៉ាស់បានត្រឹមត្រូវ រក្សាគម្លាតសុវត្ថិភាព និង លាងដៃឱ្យបានញឹកញាប់នៅតែមានសារៈសំខាន់ខ្លាំងក្នុងស្ថានភាពបច្ចុប្បន្ន។ 
 
ការអំពាវនាវរបស់តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាទៅកាន់ពលរដ្ឋកម្ពុជា​​​ ធ្វើឡើងក្រោយពេលដែល​ក្រសួងសុខាភិបាលចាប់ផ្តើមណែនាំពលរដ្ឋ ឱ្យបន្តការពារ និងទប់ស្កាត់ការចម្លងវីរុសប្រភេទថ្មី ស្របពេលដែលកម្ពុជា បានបើកប្រទេសគ្រប់វិស័យឡើងវិញ។
 
តាមរយៈសេចក្តីប្រកាសព័ត៌មាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វ៉ាន់ឌីន បានអំពាវនាវឱ្យពលរដ្ឋអនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ រួមទាំងអនុវត្តវិធានការសុខភាពសាធារណៈ និងសង្គមចាំបាច់នានា ដូចជា បន្តពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ រក្សាអនាម័យដៃដោយលាងសម្អាតញឹកញាប់ បន្តអនុវត្តគម្លាតសុវត្ថិភាពបុគ្គលត្រឹម ១,៥ម៉ែត្រឡើង និងធានាឱ្យបាននូវខ្យល់ចេញចូលក្នុងទីធ្លារផ្ទះ ឬទីតាំងប្រកបការងារ ឬទីតាំងប្រកបរបររកស៊ីទទួលទាននានា។ ក្រសួងក៏បានដាស់តឿនឱ្យពលរដ្ឋចៀសវាងទៅកន្លែងមានមនុស្សច្រើន កន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល និងនាំគ្នាទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ឱ្យបានគ្រប់ដូសមូលដ្ឋានទាំងអស់គ្នា។
 
សូមបញ្ជាក់ថា កម្ពុជារកឃើញករណីឆ្លងកូវីដ ១៩ ថ្មី ចំនួន ២៦ ​ទៀត ដែលករណីនេះត្រូវបានរកឃើញ​តាមរយៈ​ម៉ាស៊ីន PCR ដោយ​ក្នុងនោះ​មាន​៤​នាក់ ជា​ករណី​នាំចូល​ពី​បរទេស​។ មកដល់បច្ចុប្បន្ន​កម្ពុជា មាន​អ្នក​ឆ្លង​សរុប ១២០ ០៦៤​នាក់ ខណៈ​អ្នកជា​សះស្បើយ​១១៦ ៤៤៦​នាក់ និង​អ្នកស្លាប់​២ ៩២៧​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com