ជាតិ
សង្គមជាតិ
ការអប់រំ​តាម​ប្រព័ន្ធ​អន​ឡាញ ជា​ឱកាសល្អ​ផង​និង​ជា​បញ្ហា​ប្រឈម​ផង​
28, Nov 2021 , 11:42 am        
រូបភាព
​ការអប់រំ​តាម​ប្រព័ន្ធ​អន​ឡាញ ពិតជា​មិនអាច​ជំនួស​ការបង្រៀន​ដោយផ្ទាល់​ទល់មុខ​គ្នា​បានឡើយ​នៅ ក្នុង​ប្រព័ន្ធ​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ប៉ុន្តែ​វា​ក៏​មិនអាច​ខ្វះ​បាន​ផងដែរ​។ ការបង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ គឺ ជា​ឱកាសល្អ​ផង ហើយក៏​ជា​បញ្ហា​ប្រឈម​ផងដែរ​។ ដូច្នេះ នាពេល​អនាគត ការអប់រំ​គួរតែ​ស្ថិតក្នុង ទម្រង់​លាយ​បញ្ចូល​គ្នា ដែល​មានន័យថា​សិស្ស​ត្រូវ​រៀន​ផ្ទាល់​ក្នុង​ថ្នាក់​ផង និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ផង​។​


 
​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ ពិភពលោក​ត្រូវបាន​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទំនាក់ទំនង​រវាង​បុគ្គល ពិសេស​ក្នុង​វិស័យ​អប់រំ​។ ការបង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ត្រូវបាន​បង្ហាញខ្លួន​ឡើង ខណៈ​វិធី​បង្រៀន​បែបនេះ​មិនដែល​ធ្លាប់មាន​ពីមុន​ឡើយ​។ ផលវិបាក​ជាច្រើន​ត្រូវបាន​កើតឡើង ពីក្រោយ​ការអប់រំ​តាម​ប្រព័ន្ធ​អន​ឡាយ​។ ប៉ុន្តែ​វា​ក៏​ត្រូវបាន​អ្នកស្រាវជ្រាវ​អះអាងថា មាន​សារសំខាន់​មិនអាច​ខ្វះ​បាន​ក្នុង​ការអប់រំ​ផងដែរ​។​
 
​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាយ​បាន​ក្លាយជា​បញ្ហា​ប្រឈម ដោយ​វា​តម្រូវឱ្យ​សាស្ត្រាចារ្យ​ផ្លាស់ប្តូរ និង​រៀបចំ​វិធីសាស្ត្រ​បង្រៀន​ឡើងវិញ​ក្នុង​រយៈពេល​ដ៏​ខ្លី​។ មួយវិញទៀត បញ្ហា​អ៊ីនធឺណិត​មិន​រលូន ភាពលំបាក​ក្នុងការ​អនុវត្ត​សកម្មភាព​បច្ចេកទេស និង​កង្វះ​ការផ្លាស់ប្តូរ​យោបល់​រវាង​គ្នា​និង​គ្នា បានធ្វើឱ្យ​ការផ្ទេរ​ចំណេះដឹង​និង​ការបង្រៀន​មិនសូវមាន​ប្រសិទ្ធភាព​។​
 
​លើសពីនោះ ការរៀន​តាម​ប្រព័ន្ធ​អន​ឡាញ​បានធ្វើឱ្យ​បាត់បង់​ភាពជិតស្និទ្ធ​រវាង​គ្រូ​និង​សិស្ស​យ៉ាងខ្លាំង​។ មួយវិញទៀត សិស្ស​ទាំងអស់​មិនមាន​ឱកាស​ទទួល​បានការ​អប់រំ​ស្មើគ្នា​ឡើយ បើ​ពួកគេ​មិនបាន​ទៅ​សាលារៀន​។ វា​ពិតជា​ទាមទារ​ឱ្យ​សិស្ស​មាន​វិន័យ​ផ្ទាល់ខ្លួន និង​ការតាំង​ចិត្ត​ខ្ពស់ ដែលជា​បញ្ហា​ពិបាក​មួយ​ដែរ​សម្រាប់​សិស្ស​។ នេះ​បើតាម​ការចុះផ្សាយ​លើ​ទំព័រ ScienceDaily​។​
 
​យ៉ាងណាមិញ ការបង្រៀន​តាម​អន​ឡាញ​ក៏បាន​ផ្តល់ឱកាស និង​បទពិសោធ​ថ្មីៗ​ជាច្រើន​ឱ្យ​សិស្ស ក៏ដូចជា​សាស្ត្រាចារ្យ​ដែរ​។ វា​បានផ្តល់​ភាពងាយស្រួល​ដែល​អាចឱ្យ​សិស្ស  និង​គ្រូ​បត់បែន​ការងារ​បាន​តាម​ពេលវេលា​ទំនេរ និង​មាន​ពេល​ច្រើន​សម្រាប់​រៀបចំ​ការងារ​ដោយសារ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ទៅ​សាលា​។ មិន​ត្រឹមតែ​ពេលវេលា​ប៉ុណ្ណោះ​ទេ ការកាត់បន្ថយ​ការធ្វើដំណើរ​ក៏​ជួយ​សន្សំសំចៃ​ការចំណាយ​លើ​ថ្លៃ​សាំង​ជាដើម​។ 
 
​សម្រាប់​សិស្ស ការរៀន​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​ជួយ​សម្រួល​ឱ្យ​ពួកគេ​មានឱកាស​រៀន​ដោយ​ខ្លួនឯង​ឡើងវិញ​ច្រើនដង​ចំពោះ​ចំនុច​ដែល​មិនទាន់​យល់​ព្រោះ​ពួកគេ​អាច​មើល​វីដេអូ​បង្រៀន​របស់​គ្រូ​ដែល​បាន​ថត​ទុក​។​
 
​តែ​ទោះយ៉ាងណា ការអប់រំ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅតែ​មិនអាច​ជំនួស​ការអប់រំ​នៅ​សាលារៀន​ដោយផ្ទាល់​បានទេ​។ ដូច្នេះ នាពេល​អនាគត ការអប់រំ​គួរតែ​ស្ថិតក្នុង​ទម្រង់​លាយ​បញ្ចូល​គ្នា ដែល​មានន័យថា​សិស្ស​ត្រូវ​រៀន​ផ្ទាល់​ក្នុង​ថ្នាក់​ផង និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ផង​។ ការរៀន​ក្នុង​ថ្នាក់​នឹង​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​គ្រូ​និង​សិស្ស និង​ការផ្លាស់ប្ដូរ​យោបល់​ផ្សេងៗ ខណៈ​ការរៀន​អន​ឡាញ​បានផ្តល់​ភាពងាយស្រួល​ដែល​អាច​រៀន​បាន​នៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​៕

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com