ជាតិ
សង្គមជាតិ
យុវជន​១៩​ម៉ឺន​នាក់​ប្រកាស​ការពារ​សន្តិភាព និង​ចូលរួម​អនុវត្ត​ទស្សនៈវិស័យ​របស់​រដ្ឋា​ភិ​បាល​
28, Nov 2021 , 12:23 pm        
រូបភាព
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែលមាន​ឈ្មោះ​កំណើត​ជា សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​ប្រារព្ធ​ខួបកំណើត​លើក​ទី​៤៣​របស់ខ្លួន​នៅថ្ងៃនេះ នៅ​អគារ​ខេមរា​នី​ដែលជា​ទីស្នាក់ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​។ «​ស​.​ស​.​យ​.​ក​. ត្រៀមខ្លួន​គ្រប់​កាលៈទេសៈ​ដើម្បី​ចូលរួម​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ហើយ​បន្ត​ប្តេជ្ញា​ថែរក្សា ជាតិ មាតុភូមិ ហើយ​បន្ត​ប្តេជ្ញា​ថែរក្សា ជាតិ សាសនា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យបាន​គង់វង្ស​ស្ថិតស្ថេរ​ជាដ​រាបរៀង​ទៅ​» គឺជា​ប្រធានបទ​នៃ​ព្រឹត្តិការណ៍​ប្រារព្ធ​ខួប​នៃ​ការបង្កើត​ចលនា​យុវជន​ដ៏​ធំ​នេះ​។​

 
 
១៩​ម៉ឺន​នាក់ គឺជា​ចំនួន​សមាជិក​សមាជិកា​រ​បច្ចុប្បន្ន​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​សាធារណជន​ស្គាល់​ជា​ពាក្យកាត់​ថា យុវជន ស​.​ស​.​យ​.​ក​.​។ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​របស់​ពួកគេ គឺ​លោក ហ៊ុន ម៉ា​នី ពួកគេ​បាន​យក​វេទិកា​នៃ​ខួបកំណើត​នៃ​ចលនា​យុវជន​ដ៏​ធំជាងគេ​នេះ ប្រកាស​ការពារ​ថែរក្សា​សន្តិភាព​នៅលើ​ទឹកដី​មាតុភូមិ​របស់​ពួកគេ​។​
 
«​យើងទាំងអស់គ្នា គឺជា​សំឡេង និង​ជា​កម្លាំងចលករ​មួយផ្នែក​ដ៏​ខ្លាំងក្លា​របស់​ប្រជាជាតិ​កម្ពុជា​។ សំឡេង​យើងទាំងអស់គ្នា ជា​សំឡេង​ដែល​បង្ហាញ​ពី​ការជឿជាក់​លើ​ភាព​វិជ្ជា​មាន ការជឿជាក់​លើ​អនាគត​កម្ពុជា និង​ការជឿជាក់​លើ​សក្ដានុពល​របស់​យុវជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ននេះ និង​តទៅ​អនាគត​ទៀត​។​»​។ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានប្រកាស​យ៉ាងនេះ​តាមរយៈ​សុន្ទរកថា​របស់លោក នៅ​ចំពោះមុខ​សមាជិក​សមាជិការ​ជាន់​ខ្ពស់ ស​.​ស​.​យ​.​ក​.​។​
 
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ត្រូវបាន​ប្តូរ​ឈ្មោះ​ពី សមាគមយុវជន​កម្ពុជា​នៅ​ឆ្នាំ​២០១២ ដែលមាន​ឋានៈ​ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​។ តាមពិត សមាគមយុវជន​កម្ពុជា មានឈ្មោះ​ដើម​ជា សមាគមយុវជន​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង​ទន្ទឹមគ្នា​នឹង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​១៩៧៨​។ កាលណោះ សម​មិត្ត ហ៊ុន សែន ដែលជា​ស្ថាបនិក​មួយរូប​នៃ​រណៈសិរ្ស គឺជា​ប្រធាន​អ្នកដឹកនាំ​សមាគមយុវជន​របស់​រណសិរ្ស​នោះ​។​
 


​នៅ​ឆ្នាំ​២០១២ នៅក្នុង​មហាសន្និបាត​លើក​ទី​៣ នា​ថ្ងៃទី​២-៣ ខែវិច្ឆិកា លោក ហ៊ុន ម៉ា​នី ដែល​មុននេះ​មាន​តួនាទី​ជា​អនុប្រធាន​សមាគមយុវជន​កម្ពុជា​ហើយ​នោះ ត្រូវបាន​បោះឆ្នោត​ជា​ប្រធាន​សមាគម​ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ឈ្មោះ​មកជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅក្នុង​មហាសន្និបាត​នោះ​។ 
 
​នាឱកាស​ខួប​ឆ្នាំ​ទី​៤៣​នេះ ថ្នាក់ដឹកនាំ ស​.​ស​.​យ​.​ក​. បានប្រកាស​បន្តវេន​ស្មារតី​នៃ​ថ្ងៃ​ប្រវត្តិសាស្ត្រ​២​ធ្នូ​ឆ្នាំ​១៩៧៨​។ ពោលគឺ យុវជន និង​អ្នកស្នេហាជាតិ​និង​ប្រជាជន​មួយក្រុម​បានដាក់​ជីវិត​ធ្វើ​ដើមទុន ហើយ​រួមគ្នា​ជា​កម្លាំង​សាមគ្គី​មួយ​ដើម្បី​រំដោះប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​
 
​លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖«​យើង​ត្រៀមខ្លួន​ចូលរួម​ជាមួយ​រដ្ឋាភិបាល ក្នុង​កាលៈទេសៈ​តម្រូវ ជាពិសេស​ស្ថានភាព​ដែល​អាច​ផ្ដល់​ផលប៉ះពាល់​ដល់​សុខសន្តិភាព ស្ថិរភាព សន្តិសុខ និង​សុខដុម​នីយកម្ម​របស់​សង្គមជាតិ ជាអាទិ៍ ការប៉ុនប៉ង​ធ្វើ​បដិវត្ត​ពណ៌ ទោះ​ក្នុង​រូបភាព​ណាក៏ដោយ ឬ​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ ជាដើម​។ យើង​ត្រូវ ត្រៀម​ចូលរួម​តាម​គ្រប់​រូបភាព​ក្នុង​ការរក្សា​សន្តិភាព​ឱ្យបាន​ដាច់ខាត​។ ដើម្បី​ជាតិ និង​ប្រជាជន យើង​អាច​ធ្វើបាន ហើយ​យើង​នឹងធ្វើ​បាន​។​»​។​
 
​មិន​ត្រឹមតែ​ការពារ​សន្តិភាព​ប៉ុណ្ណោះ​ទេ លោក ហ៊ុន ម៉ា​នី ដែល​តំណាងឱ្យ​សមាជិក​សមាជិការ​រប​ស់លោក ក៏បាន​ប្រកាស​ប្តេជ្ញាចិត្ត​អភិវឌ្ឍ​កម្ពុជា​តាមរយៈ «​ការចូលរួម​អនុវត្ត​ឱ្យបាន​សម្រេច​នូវ​ទស្សនៈវិស័យ​កម្ពុជា ២០៣០ និង ២០៥០​របស់​រដ្ឋាភិបាល ដោយ​ត្រូវ​ពង្រឹងគោលជំហរ និង​បង្កើន​សមត្ថភាព​ឱ្យ​ក្លាយជា​ពលរដ្ឋ​ពោរពេញ​ដោយ​មោទនភាព ដោយ​សមត្ថភាព និង​ដោយ​ធម៌​។​»​។​
 
​គួរ​រំឭក​ផងដែរ​ថា រាប់​ចាប់ពី​ឆ្នាំ​២០១២​មក សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ា​នី ត្រូវបាន​ស្គាល់​ថា​ជា​ចលនា​យុវជន​ដែល​ចូលរួម​ធ្វើ​កិច្ចការ​សង្គម និង​មនុស្សធម៌​យ៉ាងច្រើន និង​យ៉ាង​ផុលផុស ដើម្បី​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។ មិនតែប៉ុណ្ណោះ សហភាព​នេះ​ក៏បាន​បង្កើត​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​ធំៗ​ដើម្បី​លើកទឹកចិត្ត​សាមគ្គីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​បាន​នាំ​ទង់ជាតិ​ខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិ​ជាច្រើន​ផងដែរ​។​
 
​ស​.​ស​.​យ​.​ក​. បានរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​យ៉ាង​ល្បីល្បាញ​រយៈពេល​៦​ឆ្នាំ​ជាប់​គ្នា បានរៀបចំ ព្រឹត្តិការណ៍​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​មួយចំនួន​ដូចជា អន្សម​យក្ស រាំ​ម៉ា​ឌី​ហ្សុ​ន ទូក ង វែង​ជាងគេ និង​ក្រមា​វែង​ជាងគេ​។ រយៈពេល​៩​ឆ្នាំ​កន្លងមកនេះ សកម្មភាព​មនុស្សធម៌​នៃ​យុវជន​អាវ​ផ្ទៃមេឃ​បាន​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​មហាជន​កម្ពុជា​ហើយ ពិសេស​ប្រជាជន​នៅតាម​ជនបទ​។ អំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ យុវជន ស​.​ស​.​យ​.​ក​. ទូទាំងប្រទេស​បាន​ចូលរួម​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​ដល់​ពលរដ្ឋ​នៅតាម​ភូមិ ចូលរួម​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង និង​បាន​កៀរគរ​មូលនិធិ​ចែកជូន​ពលរដ្ឋ​នៅតាម​សហគមន៍​ដែល​ត្រូវបាន​បិទ​ខ្ទប់​ដោយសារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩៕

Tag:
 ហ៊ុន ម៉ានី
  សសយក
© រក្សាសិទ្ធិដោយ thmeythmey.com