ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ៖ «លោក សម រង្ស៊ី និង​សហការី ឈប់​បំពាន​មកលើ​រូបខ្ញុំ​»
28, Nov 2021 , 2:33 pm        
រូបភាព
​ភ្នំពេញ​៖ លោក កឹម សុខា ប្រាប់​ឱ្យ​លោក សម រង្ស៊ី និង​សហការី​ផ្សេងទៀត ឈប់​បន្ត​យកឈ្មោះ​ខ្លួន ទៅ​ផ្សារភ្ជាប់​ជាមួយ​សកម្មភាពនយោបាយ និង​ចលនា​ផ្សេងៗនៅក្រៅ​ប្រទេស ដែល​ប៉ះពាល់​សិទ្ធិ​ និងជំហររបស់លោក​។ សារ​របស់លោក កឹម សុខា ពេលនេះ ហាក់​បង្ហាញថា លោក កឹម សុខា និង​លោក សម រង្ស៊ី លែង​ជាម​នុស្ស​តែមួយ​ទៀតហើយ​។​


 
«​ខ្ញុំ​សង្កេតឃើញថា រហូតមកដល់​ពេលនេះ លោក សម រង្ស៊ី និង សហការី​នៅតែ​បន្ត​យកឈ្មោះ និង​រូបថត​ខ្ញុំ​ទៅប្រើ​ប្រាស់​ភ្ជាប់​ជាមួយនឹង​សកម្មភាព​នានា ដែល​ពុំ​មានការ​អនុ​ញ្ញ​តិ ឬ គាំទ្រ​ពី​ខ្ញុំ​»​។ នេះ​ជា​លើកដំបូង​ហើយ ដែល​លោក កឹម សុខា សរសេរ​សារ​ប្រាប់​ទៅ​លោក សម រង្ស៊ី មេដឹកនាំ និង​ជា​ដៃគូ​នយោបាយ នៅក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មួយ​អាណត្តិ មុនពេល​គណបក្ស​នេះ ត្រូវបាន​រំលាយ កាលពី​ចុងឆ្នាំ​២០១៧​។​
 
​អម​ជាមួយ​សារ​ទាំងនេះ លោក កឹម សុខា ដែល​កំពុង​ជាប់​រឿងក្តី​ក្ដាំ​ជាង​៤​ឆ្នាំ​មកនេះ បាន​រៀបរាប់​ទៀតថា លោក សម រង្ស៊ី​និង​សហការី​បាន​ដើរ​ចេញពី​គោលការណ៍ និង​ស្មារតី​ដើម​នៃ​ការរួបរួម ដោយ​ទៅ​បង្កើត​ចលនានយោបាយ​ផ្សេងៗ និង​មុខតំណែង​ខ្លួនឯង​។ ជាពិសេស​ថ្មីៗ​នេះ គឺ​ការ​ត្រឡប់​ទៅ​គាំទ្រ​ដោយ​ចំហរ​ឬ នៅ​ពីក្រោយ​ការដឹកនាំ​គណបក្សនយោបាយ​ចាស់​របស់​ពួកគេ គឺ​គណបក្ស​ភ្លើងទៀន​។ សម្រាប់​លោក កឹម សុខា ទង្វើ​របស់​ពួកគេ​ទាំងនោះ បានបញ្ជាក់​ឱ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជា​មនុស្ស​តែមួយ​ទេ ព្រោះ​សកម្មភាព​ទាំងអស់នេះ មិនមាន​ការគាំទ្រ ឬ ជា​ជំហរ​របស់ខ្លួន​ឡើយ​។​
 
«​អាស្រ័យហេតុនេះ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​លោក សម រង្ស៊ី និង ក្រុម​ខាងលើ ឈប់​បំពាន​មកលើ​រូបខ្ញុំ​ដោយ​ការយក​ឈ្មោះ និង​រូបថត​ខ្ញុំ ទៅប្រើ​ប្រាស​ភ្ជាប់​ជាមួយ​សកម្មភាព​ម​ហិ​ច្ឆិ​តា​នយោបាយ​របស់ខ្លួន ដែល​ធ្វើឱ្យ​សាធារណមតិ​ជាតិ និង អន្តរជាតិ​មានការ​ភ័ន្តច្រឡំ​។ ខ្ញុំ​សូមបញ្ជាក់​ផងដែរ​ថា ខ្ញុំ​មិន​ពាក់ព័ន្ធ និង​មិន​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់លោក សម រង្ស៊ី និង ក្រុម​នោះឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កឹម សុខា ដែល​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន នៅ​ថ្ងៃទី​២៨ វិច្ឆិកា​។​
 


​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាច​ទាក់​លោក ចាន់ ចេ​ន ដែលជា​ប្រធាន​ក្រុម​មេធាវី និង​ជា​ប្រធាន​ក្រុម​អ្នកនាំពាក្យ​ផ្ទាល់ខ្លួន​លោក កឹម សុខា ដើម្បី​សាកសួរ​ពី​មូលហេតុ នៃ​ការបញ្ចេញ​សារ​បែប​នេះឡើយ​។​
 
​តែ​យ៉ាងណា​លោក ចាន់ ចេ​ន ប្រធាន​ក្រុម​អ្នកនាំពាក្យ​លោក កឹម សុខា បាន​សរសេរ​អត្ថាធិប្បាយ​ឆ្លើយតប​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម សួរនាំ​ករណីនេះ​ថា ទង្វើ​របស់លោក​សម រង្ស៊ី និង​បក្ខពួក បានធ្វើ​ទង្វើ​ក្បត់​និង​ម្ចាស់ឆ្នោត​ពាក់កណ្តាល​នគរ ដែល​បោះ​ឱ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក ហើយក៏​ជា​ទង្វើ​ក្បត់​លោក កឹម សុខា និង​សមាជិក​សមាជិកា​រហើយ ។​
 
​ប្រធាន​ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា រូបនេះ បាន​សរសេរ​តប​ដូច្នេះ​ថា​៖«​លោក​ប្រធាន កឹម សុខា សុខចិត្ត​ទទួលយក​ការឈឺចាប់ សុខចិត្ត​ជាប់គុក​ដោយ​ស្មោះត្រង់​និង​ជាតិ សាសនា ព្រះមហាក្សត្រ ពិសេស​ម្ចាស់ឆ្នោត ។ ផ្ទុយទៅវិញ​លោក​សម រង្សី និង​ក្រុម​គាត់​ដោ​យម​ហិ​ច្ឆិ​តា​ផ្ទាល់ខ្លួន ក្រុម​ខ្លួន​ដើរ​ចេញពី​សម្ព័ន្ធភាព ទៅ​គាំទ្រ​ឲ្យ​បក្ស​ភ្លើងទៀន​របស់លោក សម រង្ស៊ី ឲ្យ​ដំណើរការ​ឡើងវិញ ខណៈ​បក្ស​សិទ្ធិមនុស្ស​សុំ​រំលាយ​ដោយ​ខ្លួនឯង ដើម្បី​បញ្ជាក់​ពី​ភាពស្មោះត្រង់​និង​ដៃគូ​នយោបាយ »​។​
​គួរ​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​តាម​អំណាច​សាលក្រម​របស់​តុលាការ​កំពូល ជុំវិញ​សំណុំរឿង​ក្បត់ជាតិ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ មិន​ត្រឹមតែ​រំលាយ​គណបក្ស​នេះ​ទេ សូម្បី​មន្ត្រី​១១៨​រូប (​ស្លាប់​១​នាក់​) ក៏​ត្រូវបាន​ហាមឃាត់​សកម្មភាព​នយោបាយ​៥​ឆ្នាំ​។​
 
​គិត​មកដល់ពេលនេះ មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​២០​រូប​ហើយ ដែល​បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្រោម​ហេតុថា ចង់​ជួយ​សង្គម តាមរយៈ​សកម្មភាព​ន​យោ​បាយ​។ ពួកគេ​ទាំងនោះ មាន​អ្នក​ខ្លះទៅ​បង្កើត​គណបក្ស​ខ្លួនឯង និង​អ្នក​ខ្លះទៀត​រួម​ជីវភាព​នយោបាយ ជា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ដទៃ​ផ្សេងទៀត​៕

Tag:
 កឹម សុខា​
  សម រង្ស៊ី
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com