ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​ដកហូតយក​ដីព្រៃ​លិច​ទឹក ដែល​ត្រូវបាន​កាប់​ទន្ទ្រាន​ខុសច្បាប់​មកវិញ​ ជាពិសេសដីពីមន្ត្រី
28, Nov 2021 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ តាមរយៈ​សារ​សំឡេង​ពិសេស ពាក់ព័ន្ធនឹងបញ្ហាបឹងទន្លេសាប នៅ​ថ្ងៃទី​២៨ វិច្ឆិកា សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ដកហូតយក​ដីព្រៃ​លិច​ទឹក ដែល​ត្រូវបាន​អ្នកមានអំណាច និង​ជនខិលខូច កាប់​ទន្ទ្រាន​ខុសច្បាប់​យកមក​វិញ​ទាំងអស់​។​


 
«​ទោះបី​ថ្នាក់​ណាក៏ដោយ​ត្រូវ​ប្រមូលយក​ដី​នោះ​មកវិញ​ទាំងអស់ ហើយ​ដីនោះត្រូវ​តែជាកម្មវត្ថុនៃការដាំ​ដើមឈើ​ឡើងវិញនៅពេលក្រោយ​»​។ នេះ​ជា​សារ​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​បញ្ជា​ឱ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ​ដ្ឋា​ន និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ដីធ្លី បើក​កិច្ចប្រជុំ​ជាបន្ទាន់លើ​ករណីនេះ​ ជាមួយក្រសួងធនធានទឹក និងឧតុនិយម , ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួងបរិស្ថាន និងអាជ្ញាធរបឹងទន្លេសាប រួមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត។​ ចំណែកអភិបាលខេត្ត នៅតាមបឹងទន្លេសាបទាំងអស់ ត្រូវពិនិត្យមើល និងទប់ស្កាត់ជាបន្ទាន់ លើករណីទន្ទ្រានដីព្រៃលិចទឹក។

បន្ថែម​ពីនេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​បញ្ជា​ឱ្យ​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ ដឹក​កងកម្លាំង​ទាំង​ថ្មើ​ជើង​ផ្លូវគោក និង​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ ជិះ​ល្បាត និង​បង្ក្រាប​លើ​ករណី​ទន្ទ្រាន​ដីព្រៃ​នេះ ព្រមទាំង​ច្បាប់​ខ្លួន​ជនខិលខូច​មក​អនុវត្ត​ច្បាប់​។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​លើ​មន្ត្រី​ពាក់ព័ន្ធ​លើ​ករណី​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​មក​ដាក់ទោស​តាមផ្លូវ​ច្បាប់ រួមទាំង​រឹបអូស​ទ្រព្យសម្បត្តិ ដែល​ពួកគេ​រកបាន​ពី​ការប្រព្រឹត្តិ​ពុករលួយ ពី​ការកាប់​ទន្ទ្រាន​នេះ​។​
 


 
«​ទោះបីជា​ត្រូវ​លះបង់​អី ដោយ​តម្លៃ​ណា​យើង​ត្រូវយក​ដី​ទាំងនោះ មកវិញ​ឱ្យបាន​…​។​ឯ​ចំពោះអ្នកប្រព្រឹត្ត​ត្រូវតែ​ទទួលខុសត្រូវចំពោះតាមច្បាប់ ដោយ​ខានមិនបាន​។ ខ្ញុំបានបញ្ជាក់ហើយ មានតែផ្លូវច្បាប់ប៉ុណ្ណោះ ដែលអាចដោះស្រាយបានបញ្ហាពួកអ្នកទាំងនេះ។ យើងបានអប់រំពួកគេរាប់សិបឆ្នាំមកហើយ អំពីផលវិបាកលើបញ្ហានេះ ហេតុអ្វីក៏នៅមានមន្ត្រីបែបនេះតទៅទៀត»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​តែ​យ៉ាងណា​សម្ដេច ហ៊ុន សែន ទុក​ឱកាស​ឱ្យ​មន្ត្រី​ប្រព្រឹត្ត​ខុស ចេញ​សារភាព​មុនគេ​ចាត់វិធានការ​ដែរ​។​«​ខ្ញុំសូមប្រាប់​មន្ត្រី​ទាំងឡាយ ដែល​អនុវត្ត​ខុស បើចង់បានការបន្ធូបន្ថយទោស ត្រូវ​ចេញមក​សារភាព​បន្ទាន់ បើមិនចេញសារភាពជាបន្ទាន់ ខ្ញុំសូមឱ្យអ្នកដែលចេញមកអនុវត្ត ចាត់វិធានការយ៉ាងម៉ឺងមាត់បំផុត គឺការចាប់ខ្លួនតែម្ដង សម្រាប់ផ្ដន្ទាទោសតាមច្បាប់។ ហើយឈានទៅរឹបអូស មិនត្រឹមតែដីធ្លីនៅហ្នឹងកន្លែង ទ្រព្យសម្បត្តិដែលពួកគេមាន ដែលបានមកពីដីធ្លីដែលពួកគេបានបំផ្លាញនេះ ត្រូវតែធ្វើការដកហូត»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​សង្កត់ធ្ងន់ថា អភិបាលខេត្ត និងអភិបាលស្រុក ដែលប្រព្រឹត្តិខុសត្រូវចេញសារភាព ដើម្បីទទួលបានការបន្ធូរបន្ថយទោស ប៉ុន្តែពួកគេនៅជាប់ពិរុទ្ធភាព។
 
ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​បង្ហើប​ករណី​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក ២​ពាន់​ហិកតា មុនពេល​អភិបាលខេត្ត​រូបនេះ ត្រូវបាន​ផ្លាស់​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ កាលពី​ខែមិថុនា ឆ្នាំ​២០២១​កន្លងមក​។​ សម្ដេច បាននិយាយដូច្នេះ៖«ហើយខ្ញុំចេញបញ្ជាឱ្យដកយកដីត្រឡប់មកវិញទាំងអស់ នូវដីដែលត្រូវបានកាប់ទន្ទ្រានរួចហើយ ដូចជានៅខេត្តកំពង់ឆ្នាំង បើសិនជារបាយការណ៍នេះខុស ក៏ខ្ញុំសូមអធ្យាស្រ័យ។ ឮថាអតីតអភិបាលខេត្ត ដែលទើបចាកចេញពីតំណែង ក្នុងប៉ុន្មានខែមុននេះ បានកាប់បំផ្លាញយកដីប្រមាណជាង២ពាន់ហិកតាឯណោះ។ ដូច្នេះខ្ញុំមិនខ្វល់ថា វាជាដីរបស់អតីតអភិបាលខេត្តទេ ទោះបីថ្នាក់ណាក៏ដោយ ត្រូវតែប្រមូលយកនោះមកវិញទាំងអស់»។

សម្ដេច ហ៊ុន សែន បានប្រកាសមិនអត់ឱនឱ្យមន្ត្រីណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើលោភលន់ខុសច្បាប់ ខណៈរដ្ឋាភិបាល កំពុងរវល់ប្រឹងប្រែងប្រយុទ្ធ​ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះទេ។ «អ្នកទាំងនេះ មិនសាកសមធ្វើជាមន្ត្រី តទៅទៀត ពួកគេដេកគុកប្រសើរជាងនៅធ្វើមន្ត្រី។ ហើយសុំកុំនិយាយថា ធ្វើការជួយបក្ស(ប្រជាជនកម្ពុជា) ជូនរដ្ឋយូរហើយ​ បែរជារដ្ឋ និងគណបក្សគ្មានការយោគយល់។ យើងគ្មានការយោគយល់ណា ចំពោះអំពើទុច្ចរិកបែបនេះ សម្រាប់មន្ត្រីរបស់យើងនោះទេ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលនៅតែរក្សាជំហរបញ្ជាឱ្យសមត្ថកិច្ចចេញទៅអនុវត្តច្បាប់ លើករណីទន្ទ្រានដីព្រៃលិចទឹកនេះ ដោយម៉ឹងម៉ាត់ និងគ្មានការលើកលែង៕ 
 
 

Tag:
 ហ៊ុន សែន​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com