ជាតិ
សង្គមជាតិ
ភូមិព្រះដាក់ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថានថ្នាក់ជាតិ ពីក្រសួងបរិស្ថាន
28, Nov 2021 , 4:35 pm        
រូបភាព
រូបភាពដោយក្រសួងបរិស្ថាន
រូបភាពដោយក្រសួងបរិស្ថាន
ដោយ:
 
ភ្នំពេញ៖ «ភូមិព្រះដាក់» នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថានថ្នាក់ជាតិឆ្នាំ២០២១ ពីក្រសួងបរិស្ថាន។ លោក ឡឹក វន់ ថា បណ្ណសរសើរថ្នាក់ជាតិនេះ ជាកម្លាំងជំរុញទឹកចិត្តឱ្យពលរដ្ឋគ្រប់រូប ប្រឹងប្រែងថែរក្សាអនាម័យ ដើម្បីរក្សានូវកេរិ៍ឈ្មោះ និងកិត្តិយសជាភូមិមានបរិស្ថានស្អាត និងជាមុខមាត់សម្រាប់ខេត្តសៀមរាបផង។



លោក ឡឹក វន់ មេភូមិព្រះដាក់បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងបរិស្ថានបានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ឱ្យភូមិព្រះដាក់ កាលពីថ្ងៃទី២៤ វិច្ឆិកា។ វាជាបណ្ណសរសើរថ្នាក់ជាតិលើកទីមួយ សម្រាប់អ្នកភូមិព្រះដាក់។

« កន្លងមកមកភូមិព្រះដាក់តែងទទួលបានការសរសើរពីថ្នាក់លើនៅពេលធ្វើដំណើរឆ្លងកាត់ តែលក្ខណៈជាបណ្ណសរសើរបែបនេះមិនធ្លាប់មានទេ។ បណ្ណសរសើរដែលទទួលបានពីក្រសួងបរិស្ថានថ្មីៗនេះ ជាកិច្ចប្រឹងប្រែងរួមគ្នាទាំងថ្នាក់លើ និងថ្នាក់ក្រោម ក្នុងកិច្ចសហការណ៍ការពារបរិស្ថាន»។ នេះជាការពន្យល់របស់មេភូមព្រះដាក់។

បើតាមលោក វន់ បណ្ណសរសើរមេត្រីភាពបរិស្ថាន ដែលក្រសួងប្រគល់ឱ្យភូមិព្រះដាក់ គឺផ្តោតទៅលើបរិស្ថាននៅក្នុងភូមិ ដោយរួមមានការគ្រប់គ្រងសំរាម  ការថែរក្សាអនាម័យសម្រាប់សុខភាពភ្ជាប់ជាមួយបរិស្ថាន និងសោភ័ណភាពភូមិផ្អែកលើបរិស្ថានបៃតងជុំវិញ។ លោក វន់ថាបណ្ណសរសើរនេះ បានធ្វើឱ្យអ្នករស់នៅភូមិព្រះដាក់ និងពលរដ្ឋក្នុងខេត្តសៀមរាបរីករាយសាទរ​ស្ទើរគ្រប់ៗគ្នា។

« លិខិតសរសើរនេះមានតម្លៃណាស់ សម្រាប់អ្នកភូមិបន្ទាយស្រី ព្រោះអាចនិយាយថាជាបណ្ណសរសើរសាមគ្គីរបស់ពលរដ្ឋក្នុងភូមិទាំងមូលតែម្ដង។ ជាមួយគ្នានេះ នៅពីក្រោយនៃរីករាយ មានកិច្ចប្រឹងប្រែងណែនាំពីថ្នាក់លើរហូតមក ទើបទទួលបានលទ្ធផលបែបនេះ»។ នេះជាការបញ្ជាក់របស់លោក វន់។

ភូមិព្រះដាក់មានពលរដ្ឋសរុបចំនួន៥៤២គ្រួសារ ក្នុងនោះមានពលរដ្ឋខ្លះប្រកបរបស់កសិកម្ម អាជីកម្ម មន្ត្រីរាជការ និងកម្មករជាដើម។ លោក វន់ បញ្ជាក់ថា ក្នុងចំណោមគ្រួសារទាំងអស់ មានប្រមាណ ៣០ភាគរយ តែងចូលរួមសកម្មជាមួយការប្រជុំតាមមួយភូមិឬឃុំ ទាក់ទងនឹងកិច្ចការពារបរិស្ថាន និងអនាម័យ និងមាន៧០ភាគរយចូលរួមដោយប្រយោល។

« ពលរដ្ឋក្នុងភូមិព្រះដាក់ ភាគច្រើនតែងចូលរួមជាមួយកិច្ចការពារបរិស្ថាន មិនថាជាពួកគាត់ធ្វើការងារអ្វីនោះទេ។ ទោះមិនបានចូលរួមផ្ទាល់ ក៏ពួកគាត់ជួយនេះជួយនោះដែរ»។ នេះជាការពន្យល់របស់ វន់។

លោក វន់ វ័យ៤២ឆ្នាំបានលើកឡើងថា សម្រាប់ភូមិព្រះដាក់របស់លោក ទើបនឹងមានការប្រែប្រួល រយៈពេល៤ឆ្នាំចុងក្រោយនេះ។ វាកើតចេញពីការចូលរួមរបស់ពលរដ្ឋ ទាក់ទង់ស្វែងយល់ពីអត្ថប្រយោជន៍​ ដែលទទួលបានពីបរិស្ថានកន្លងមក ទើបធ្វើភូមិព្រះដាក់កែប្រែមុខមាត់រហូតមកដល់សព្វថ្ងៃ។

« ប្រាំបួនឆ្នាំមុនភូមិនេះ មិនខុសពីភូមិផ្សេងទៀតទេ។ ចាប់ពី២០១៧ ពលរដ្ឋចាប់ផ្ដើមប្រែម្ដងបន្តិចៗ ទាក់ទងនឹងផ្នត់គំនិត គិតលើបរិស្ថាននៅជុំវិញ។ ដំបូងក៏មិនស្រួលប៉ុន្មានដែរ យើងត្រូវប្រឹងប្រែងពន្យល់ណែនាំ ដើម្បីឱ្យពលរដ្ឋយល់ពីផលដែលទទួលបានក្រោយពេលបរិស្ថានស្អាត។ ពេលនេះភាគរយច្រើនហើយដែលពលរដ្ឋយល់»។ នេះជាការលើកឡើងរបស់ពលរដ្ឋ។

ពលរដ្ឋ និងអាជ្ញាធរជាប់ពាក់ព័ន្ធនៅក្នុងភូមិបន្ទាយស្រី និងដៃគូពាក់ព័ន្ធ ប្ដេជ្ញាបន្តប្រឹងប្រែងថែរក្សាបរិស្ថានបន្តទៀត ដើម្បីធ្វើយ៉ាងណាភូមិមួយនេះ នៅតែរក្សាបាននូវភាពស្អាត និងការសរសើរ៕
 



Tag:
 សៀមរាប
  មេត្រីភាពបរិស្ថាន
  ភូមិព្រះដាក់
© រក្សាសិទ្ធិដោយ thmeythmey.com