កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ ការប្រណាំងទូកក្ដោង ជើងឯកអាស៊ីអាគ្នេយ៍ នៅខែធ្នូ នឹងអាចទាញទេសចរមកកម្ពុជា
28, Nov 2021 , 7:30 pm        
រូបភាព
 
សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី នឹងរៀបចំការប្រណាំងទូកក្ដោង ជើងឯកអាស៊ីអាគ្នេយ៍ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១២ -១៧ ខែធ្នូ ឆ្នាំ២០២១។ កម្ពុជា រំពឹងថា ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយ ដែលអាចទាញភ្ញៀវទេសចរមកកម្ពុជាផងដែរ។



ព្រឹត្តិការណ៍ប្រណាំងទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលប្រារព្ធធ្វើនៅ ក្រុងព្រះសីហនុ នាថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ នឹងផ្ដល់ឲ្យកម្ពុជាទទួលបាននូវបទពិសោធន៍ បច្ចេកទេសកីឡានៅលើផ្ទៃទឹក  ជាពិសេសអត្ថប្រយោជន៍ដែលទាក់ទងទៅ និងវិស័យទេសចរណ៍ ថែមទៀត ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា  បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ នឹងជួយឲ្យកម្ពុជាទទួលបាននូវបទពិសោធន៍ បច្ចេកទេសកីឡានៅលើផ្ទៃទឹក  ជាពិសេសអត្ថប្រយោជន៍ ដែលទាក់ទងនឹងវិស័យទេសចរណ៍ថែមទៀត ។

លោកបានបញ្ជាក់ប្រាប់សារពត៌មានថ្មីៗដូច្នេះថា៖ «ការប្រកួតនេះ ជំរុញទឹកចិត្ត និងឲ្យកីឡាករកម្ពុជា មានបទពិសោធន៍ប្រកួតអន្តរជាតិ ជាមួយប្រទេសជិតខាង ក្នុងអាស៊ាន ជាពិសេសការប្រកួតជាមួយដៃគូខ្លាំង ឲ្យដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់យើង ដើម្បីត្រៀមប្រកួត នៅស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ចំពោះចំណុចបច្ចេកទេស គឺឲ្យមន្ត្រីជំនាញ  មន្ត្រីកីឡា មានបទពិសោធន៍ក្នុងការរៀបចំកីឡាជាកម្រិតអន្តរជាតិ ខាងផ្នែកលើទឹក»។

បើតាមលោក វ៉ាត់ ចំរើន ព្រឹត្តិការណ៍ប្រណាំងទូកក្ដោងនេះ គឺជាលើកទីមួយហើយ សម្រាប់កម្ពុជា ។ អគ្គលេខាធិការ រូបនេះ បានបញ្ជាក់បន្ថែមថា ៖ « ដំណើរការផ្នែកទេសចរណ៍ មានន័យថា ការរៀបចំនេះ គឺក្នុងដំណាក់កាល ដែលកម្ពុជាបើកដំណើរការប្រទេសឡើងវិញ ។ នេះ គឺជាបុរេលក្ខខ័ណ្ឌមួយ សម្រាប់បើកទេសចរណ៍ តាមផ្លូវក្រុងព្រះសីហនុ នៅដើមខែធ្នូនេះ»។

គិតត្រឹមថ្ងៃនេះ មានប្រទេសចំនួន ៤ហើយ ដែលបានចុះឈ្មោះ ក្នុងការប្រកួតនេះ ។ ក្នុងនោះមាន កម្ពុជា ថៃ ម៉ាឡេស៊ី និង សិង្ហបុរី ហើយនឹងមានប្រទេសខ្លះទៀត នៅតំបន់អាស៊ីចុះឈ្មោះបន្តទៀត ៕
អត្ថបទទាក់ទង



Tag:
 ទូកក្ដោង
  កីឡាជាតិ
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com