ជាតិ
សង្គមជាតិ
ការដោះលែងសត្វទោចចូលព្រៃ ដើម្បីភ្ជាប់ស្នេហាឱ្យទោចចិញ្ចឹម!
28, Nov 2021 , 7:59 pm        
រូបភាព
Front) ទោចញីឈ្មោះ ករុណា ពណ៌ស និងទោចឈ្មោលឈ្មោះ នង្គលីសោកា ពណ៌ខ្មៅ កំពុងអង្គុយលើដើមឈើក្បែរគ្នា ក្នុងព្រៃមេត្តាធម្មជាតិ នៃខេត្តកំពង់ស្ពឺ(រូបផ្ដល់ឱ្យ)
Front) ទោចញីឈ្មោះ ករុណា ពណ៌ស និងទោចឈ្មោលឈ្មោះ នង្គលីសោកា ពណ៌ខ្មៅ កំពុងអង្គុយលើដើមឈើក្បែរគ្នា ក្នុងព្រៃមេត្តាធម្មជាតិ នៃខេត្តកំពង់ស្ពឺ(រូបផ្ដល់ឱ្យ)
 
កំពង់ស្ពឺ៖ អង្គការ Wildlife Alliance ទទួលបានជោគជ័យ ក្នុងការសាកល្បងដោះលែងសត្វទោចម្កុតញីចិញ្ចឹម ឱ្យទៅរស់នៅក្នុងព្រៃ។ យ៉ាងណា ជោគជ័យកម្រមានអ្នកធ្វើបាន ដែលអាចនិយាយបានថាជាគំរូទី១នៅកម្ពុជានោះ គឺការចាប់ដៃគូស្នេហ៍ឱ្យសត្វទោចម្កុតញីចិញ្ចឹម និងសត្វទោចម្កុតឈ្មោល រស់នៅក្នុងព្រៃនោះ។


ហេតុអ្វីបានជាការចាប់គូស្នេហ៍ ឱ្យសត្វទោចម្កុតទាំងពីរ ចាត់ទុកថាជាជោគជ័យទី១នៅកម្ពុជា ដែលកម្រមានអ្នកធ្វើបាន? មូលហេតុ ក៏ព្រោះធម្មជាតិរបស់សត្វទោចម្កុត គឺជាសត្វដែលរើសដៃគូខ្លាំង គឺវាមិនងាយស្រឡាញ់សត្វទោចណាមួយឡើយ។  
លោក និក ម៉ាក នាយកសង្គ្រោះ និងថែរក្សាសត្វព្រៃ នៃអង្គការ Wildlife Alliance បានប្រាប់សារព័ត៌មានថ្មីៗ ខណៈលោកកំពុងឈរនៅក្នុងព្រៃមេត្តាធម្មជាតិថា គម្រោងនៃការដោះលែងសត្វទោចម្កុតញីចិញ្ចឹម ឱ្យទៅរស់នៅក្នុងព្រៃ ពិសេសការចាប់ដៃគូស្នេហ៍ឱ្យសត្វទោចម្កុតនោះ គឺជារឿងកម្របំផុត។



លោក និក អះអាងថា ពេលដែលមានការស្នើសុំ បង្កើតគម្រោងលែងសត្វទោចម្កុតញីចិញ្ចឹម ពីសួនសត្វភ្នំតាម៉ៅ ឱ្យទៅរស់នៅក្នុងព្រៃមេត្តាធម្មជាតិ ជាមួយសត្វទោចម្កុតឈ្មោលព្រៃ លោកគិតថា គម្រោងនេះនឹងមិនទទួលបានជោគជ័យឡើយ។ មូលហេតុដែលលោកមិនជឿជាក់ ក៏ព្រោះសត្វទោចម្កុតជាប្រភេទសត្វដែលរើសដៃគូស្នេហ៍ខ្លាំង។
លោក និក ម៉ាក នាយកសង្គ្រោះ និងថែរក្សាសត្វព្រៃ នៃអង្គការ Wildlife Alliance(រូបឆ្វេងដៃ) រូបផ្ដល់ឱ្យ

ផ្ទុយពីការគិត គម្រោងដោះលែងសត្វទោចម្កុតញីនេះ ដំណើរការរលូន ហើយជោគជ័យលើសពីការរំពឹងទុក។ ទោចម្កុតញី ដែលត្រូវបានឱ្យឈ្មោះថា ករុណា ចាប់ផ្ដើមស្គាល់សត្វទោចម្កុតឈ្មោល ដែលរស់នៅក្នុងព្រៃមេត្តាធម្មជាតិ ឈ្មោះ ន័ង្គលីសោកា។ បន្តិចម្ដងៗ ពួកវាកាន់តែមានទំនាក់ទំនងល្អជាមួយគ្នា។
«ព្រះសង្ឃ និងស៊ីថេង ចង់បានសត្វទោចម្កុតញីមួយក្បាលពីភ្នំតាម៉ៅ ឱ្យទៅនៅក្នុងព្រៃជាមួយទោចម្កុតឈ្មោលមួយក្បាល។ ខ្ញុំគិតថាមិនបាច់ធ្វើទេ។ ខ្ញុំគិតថាយើងមិនមានជោគជ័យ។ យើងធ្លាប់យកសត្វទោច១គូៗ ទៅលែងក្នុងព្រៃ។ ប៉ុន្តែយកតែ១ក្បាលទៅលែង ហើយឱ្យគេស្រឡាញ់គ្នាជាមួយទោចក្នុងព្រៃ យើងមិនដែលធ្វើទេ។ ទីបំផុតយើងបែរជាអាចធ្វើបាន យើងជោគជ័យ។ នេះកម្របំផុត ខ្ញុំគិតថាអត់មានមួយទៀតទេ នៅលើពិភពលោក»។ នេះជាការអះអាងរបស់លោក និក ម៉ាក។
លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិក នៃអង្គការ Wildlife Alliance (រូបឆ្វេងដៃ) រូបផ្ដល់ឱ្យ

លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិក នៃអង្គការ Wildlife Alliance បានបញ្ជាក់បន្ថែមថា ការដោះលែងសត្វដែលធ្លាប់ចិញ្ចឹមក្នុងទ្រុង ឱ្យទៅរស់នៅក្នុងព្រៃ ត្រូវការការយកចិត្តទុកដាក់ខ្លាំង។ លោកថា គេត្រូវធ្វើទ្រុងក្នុងព្រៃ ដើម្បីឱ្យសត្វទាំងនោះស៊ាំនឹងព្រៃ ដែលពួកវានឹងត្រូវរស់នៅជាមុនសិន។ ហើយគេត្រូវដាក់ចំណីឱ្យពួកវារាល់ថ្ងៃ។
នៅពេលឃើញថា សត្វទាំងនោះស៊ាំនឹងព្រៃហើយ គេចាប់ផ្ដើមបើកទ្រុង ឱ្យពួកវាចេញក្រៅ ប៉ុន្តែចំណីនៅតែដាក់ឱ្យពួកវាជាធម្មតា។ មូលហេតុដែលត្រូវដាក់ចំណីឱ្យពួកវារហូតបែបនេះ គឺមកពីពួកវាពុំទាន់ចេះរកចំណីនៅក្នុងព្រៃដោយខ្លួនឯងបាន។  
ទោចញីឈ្មោះ ករុណា កំពុងអង្គុយលើដើមឈើក្នុងព្រៃមេត្តាធម្មជាតិ នៃខេត្តកំពង់ស្ពឺ(រូបផ្ដល់ឱ្យ)

លោក ទ្រី ស៊ីថេង ពន្យល់បន្ថែម៖«យើងមិនអាចកំណត់បានទេ ថារយៈពេលប៉ុន្មាន ក្រោយយើងដោះលែងសត្វពីក្នុងទ្រុង ហើយពួកយើងនឹងឈប់ដាក់ចំណីឱ្យពួកវា។ ព្រោះអាស្រ័យលើទីតាំង និងប្រភេទសត្វ។ កន្លែងខ្លះមានចំណីព្រៃច្រើន សត្វអាចរកចំណីដោយខ្លួនឯងបានលឿន វាក៏ឈប់មកយកចំណីដែលយើងដាក់ឱ្យ។ សត្វខ្លះវាខ្ជិលរកចំណី វាក៏មកយកចំណីស្រាប់។ តែជាធម្មតាយើងនៅដាក់ចំណី និងមើលថែវា ក្នុងរង្វង់ឆ្នាំ»។
បច្ចុប្បន្នព្រះសង្ឃ ព្រហ្ម សុជាតិ ដែលជាអ្នកថែរក្សាសត្វទោចម្កុត ក្នុងព្រៃមេត្តាធម្មជាតិ សង្ស័យថា ករុណា មានផ្ទៃពោះ។ ប្រសិនបើរឿងនោះបានកើតឡើងមែន លោក និក ម៉ាក ថានេះគឺជារឿងដ៏គួរឱ្យសប្បាយចិត្តខ្លាំងបំផុត។ ជាការងារបន្ទាប់ អង្គការ Wildlife Alliance មានគម្រោងសហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ ដើម្បីដោះលែងសត្វទោច និងសត្វព្រៃផ្សេងទៀត ឱ្យទៅរស់នៅក្នុងព្រៃអង្គរ នៃខេត្តសៀមរាបបន្ថែមទៀត។
ព្រះអង្គ ព្រហ្ម សុជាតិ ដែលមើលថែរក្សាសត្វព្រៃ និងព្រៃឈើ នៅព្រៃមេត្តាធម្មជាតិ កំពុងកាន់ចំណីរបស់សត្វទោចម្កុត(រូបផ្ដល់ឱ្យ)

លោក និក ម៉ាក បញ្ជាក់៖«ទៅអង្គរ យើងដោះលែងសត្វទាំងគូរ មានញីនិងឈ្មោល។ ប្រសិនបើមានកន្លែងល្អ ថ្ងៃក្រោយយើងអាចយកទោចចិញ្ចឹម ឱ្យទៅរស់នៅក្នុងព្រៃជាមួយទោចព្រៃបន្ថែមទៀត។ ការដោះលែងសត្វទោចមួយគូរៗ ឱ្យទៅរស់នៅក្នុងព្រៃ ពិបាកបន្តិច ព្រោះសត្វទោចព្រៃនិងដេញទោចចិញ្ចឹមទាំងនោះ។ ទោចរស់នៅជាលក្ខណៈគ្រួសារ បើវារស់នៅក្នុងតំបន់ណាមួយ វាមិនឱ្យទោចផ្សេងទៀតរស់នៅក្នុងតំបន់នោះឡើយ»។
សូមបញ្ជាក់ថា សត្វទោចម្កុតញី ឈ្មោះ ករុណា ត្រូវបានយកទៅក្នុងព្រៃមេត្តាធម្មជាតិ នៃខេត្តកំពង់ស្ពឺ ក្នុងខែកុម្ភៈ ឆ្នាំ២០២១។ ករុណា ត្រូវបានដាក់ឱ្យនៅក្នុងទ្រុងប្រហែល៤ទៅ៥ខែ ដើម្បីឱ្យស៊ាំនឹងព្រៃ។ បន្ទាប់មក នង្គលីសោកា ដែលជាសត្វទោចម្កុតឈ្មោលរស់នៅក្នុងព្រៃ ចាប់ផ្ដើមស្គាល់ និងមានទំនាក់ទំនងល្អជាមួយ ករុណា។
ទោចឈ្មោលឈ្មោះ នង្គលីសោកា កំពុងអង្គុយលើដើមឈើ ក្នុងព្រៃមេត្តាធម្មជាតិ នៃខេត្តកំពង់ស្ពឺ(រូបផ្ដល់ឱ្យ)

ប្រមាណ៤ទៅ៥ខែបន្ទាប់ទៀត អង្គការបានសម្រេចបើកទ្រុង ដោះលែង ករុណា ឱ្យស្គាល់ពិភពលោកថ្មី។ ក្រោយបើកទ្រុង ប្រហែល៥ថ្ងៃ ករុណា និង នង្គលីសោកា បានបាត់ខ្លួន ដោយពុំមានអ្នកណាដឹងថា ពួកគេទៅទីណាឡើយ។ ប៉ុន្តែថ្ងៃទី៦ ករុណា បានត្រឡប់មករកចំណីនៅក្នុងទ្រុងវិញ។ ចាប់ពីថ្ងៃនោះមក គូស្នេហ៍ថ្មីថ្មោងនេះ តែងលោតលេងក្នុងព្រៃជាមួយគ្នា យ៉ាងសប្បាយរីករាយ ហើយក៏តែងតែទៅទទួលចំណីពីព្រះសង្ឃ ព្រហ្ម ធម្មជាតិ ហៅលោកតាមធម្មជាតិ ជារៀងរាល់ថ្ងៃផងដែរ។
លោក និក ម៉ាក មានសេចក្ដីអរគុណ ចំពោះរដ្ឋបាលព្រៃឈើ ក្រសួងបរិស្ថាន និងព្រះសង្ឃ ព្រហ្ម សុជាតិ ដែលមានចិត្តស្រឡាញ់សត្វព្រៃ និងយល់ព្រមឱ្យអង្គការ Wildlife Alliance ធ្វើការងារនេះ។ លោកថា នេះគឺជាគំរូល្អ សម្រាប់ប្រទេសកម្ពុជា។ លោក និក បន្ថែមទៀតថា លោកចង់ឱ្យសត្វមានសេរីភាព ក្នុងការរស់នៅក្នុងព្រៃ៕
ករុណា កំពុងអង្គុយលើដើមឈើ ក្នុងទ្រុងនៅព្រៃមេត្តាធម្មជាតិ នៃខេត្តកំពង់ស្ពឺ(រូបផ្ដល់ឱ្យ)




Tag:
 កំពង់ស្ពឺ
  ព្រៃ
  បរិស្ថាន
  សត្វទោច
  សត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com