ជាតិ
សង្គមជាតិ
អង្គការWCS និងរដ្ឋបាលជលផល លែងអណ្ដើក៥១ក្បាលចូលព្រៃធម្មជាតិខេត្តព្រះសីហនុ
28, Nov 2021 , 5:33 pm        
រូបភាព
រូបភាពដោយ WCS (2)
រូបភាពដោយ WCS (2)
ដោយ:
 
ភ្នំពេញ៖ អណ្ដើកហ្លួងពេញវ័យចំនួន ៥១ក្បាល ត្រូវបានលែង​ចូលព្រៃធម្មជាតិ តាមប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងស្រុកកំពុងសីលា ខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ដំណើរការនៃការលែងនេះ ចូលរួមដោយអង្គការWCS និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងបង្កើនវត្តមានសត្វអណ្ដើកហ្លួង នៅក្នុងព្រៃធម្មជាតិឱ្យមានកាន់តែច្រើនឡើងៗ។



លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំខេត្តកោះកុង និងទន្លេមេគង្គរបស់អង្គការWCS បានបញ្ជាក់ថា កម្មវីធីលែងអណ្ដើកចូលព្រៃធម្មជាតិ មានរយៈ៦ឆ្នាំហើយ បើគិតពីឆ្នាំ២០១៥មក ដោយមានសត្វអណ្ដើកសរុប១៤៧ក្បាល។

« កន្លងមកយើងតែងមានកម្មវិធីលែងអណ្ដើកទៅព្រៃធម្មជាតិ។ អណ្ដើកហ្លួងដែលលែងម្សិលមិញមានអាយុចន្លោះពី ១០ទៅ១៥ឆ្នាំ មានខ្លះអាចបន្តពូជបាន និងមានខ្លះទៀតមួយឆ្នាំ ឬពីរទៀតទើបបន្តពូជបាន។ ម្សិលមិញយើងលែង៥១ក្បាលក្នុងនោះឈ្មោល២០ក្បាល និងញី៣១ក្បាល»។ នេះជាការបញ្ជាក់របស់លោក ស៊ីថា។

ប្រធានគម្រោងអភិរក្សប្រចាំខេត្តកោះកុង និងទន្លេមេគង្គរបស់អង្គការWCSរូបនេះប្រាប់ថា គម្រោងរបស់អង្គការ មានការកំណត់ត្រឹមត្រូវ ទាក់ទងចំនួនសត្វអណ្ដើក ដែលត្រូវលែងចូលព្រៃធម្មជាតិ។ សម្រាប់សត្វអណ្ដើកទាំងអស់ ដែលលែងចូលទៅក្នុងព្រៃវិញ ត្រូវបានក្រុមការងារបង្កប់ឧបករណ៍តាមដាន នៅតាមស្នូករបស់វា ដើម្បីអាចកំណត់ទីតាំង និងស្ថានភាពរស់នៅរបស់ពួកវា ក៏ដូចជាការកំណត់បញ្ហាប្រឈមផងដែរ។

« មួយខែយើងពិនិត្យមើល​ម្ដង ដើម្បីបានដឹងពីស្ថានភាពពួកវានៅក្នុងព្រៃ។ កន្លងមក ចាប់ពីឆ្នាំ២០១៥រហូតដល់២០២១ ឃើញថាអណ្តើកដែលបានលែងចូលព្រៃអាត្រាជោគជ័យចន្លោះពី៦០ ទៅ៨៥ភាគរយនៅរស់រាន ក្នុងព្រៃធម្មជាតិបាន។ នេះជាមូលហេតុដែលពួកយើងនៅតែបន្តធ្វើការងារនេះ»។ លោក ស៊ីថា បញ្ជាក់ពីដំណើរការនៃការលែងអណ្ដើក។

ចំពោះវត្តមានរបស់កូនអណ្ដើកថ្មីនៅក្នុងធម្មជាតិ ក្រុមអ្នកជំនាញមិនទាន់អាចបញ្ជាក់បានទេ ដោយត្រូវរង់ចាំពេលវេលា ចន្លោះពី៥ ទៅ១៥ឆ្នាំ ទើបអាចវិភាគអណ្ដើកថ្មីៗនៅក្នុងព្រៃធម្មជាតិបាន។

គោលបំណងធំបំផុត ដែលអង្គការWCS សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លែងអណ្ដើកចូលព្រៃធម្មជាតិ និងធ្វើយ៉ាងណាឱ្យអណ្ដើកទាំងនោះអាចត្រឡប់ទៅរស់នៅ និងបន្តពូជតាមបែបធម្មជាតិ ដើម្បីអាចបង្កើតចំនួនសត្វប្រភេទនេះឱ្យកាន់តែច្រើន។ ជាពិសេសអប់រំប្រជាពលរដ្ឋឱ្យយល់ពីតម្លៃរបស់អណ្ដើក ដែលជាសត្វតំណាងជាតិ​ និងធ្វើយ៉ាងណាឱ្យសត្វ និងមនុស្សអាចរស់នៅជាមួយគ្នាបាន ដោយសន្ដិភាព។

សូមបញ្ជាក់ថា អណ្ដើកដែលបានលែងចំនួន៥១ក្បាល ទៅក្នុងជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិលស្ថិតក្នុងស្រុកកំពុងសីលា ខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែវិច្ឆិកា​ ភាគច្រើនជាអណ្ដើកពេញវ័យ។ សត្វអណ្ដើកហ្លួង ឈ្មោលពេញវ័យនៅអាយុ១០ឆ្នាំ ចំណែកឯអណ្ដើកញី ពេញវ័យនៅអាយុចន្លោះ១៥ ទៅ១៦ឆ្នាំ៕



Tag:
 អង្គការ WCS
  អណ្ដើកហ្លួង
  ព្រៃធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com