ជាតិ
សង្គមជាតិ
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បង្កើតកន្លែងបង្កាត់ពូជសត្វជិតផុតពូជ «ខ្សឹប» រួចរាល់
28, Nov 2021 , 8:59 pm        
រូបភាព
រូបភាពពី ឃឹម ហ្វីណង់
រូបភាពពី ឃឹម ហ្វីណង់
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ  បានបង្កើតកន្លែងបង្កាត់ពូជសត្វ «ខ្សឹប» ដំបូងគេបង្អស់នៅលើពិភពលោក ក្នុងគោលបំណងទប់ស្កាត់កុំឲ្យផុតពូជ។ សត្វខ្សឹប គឺជាប្រភេទបក្សីកម្រ ដែលកំពុងរងគ្រោះជិតផុតពូជ និងត្រូវបានគេប៉ាន់ស្មានថា នៅសល់មិនដល់៥០០ក្បាលក្នុងប្រទេស ឥណ្ឌា នេប៉ាល់ និងកម្ពុជា។


 
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់ថា កន្លែងបង្កាត់ពូជសត្វ ខ្សឹប នេះ ត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) ស្ថិតនៅក្នុងបរិវេណរមណីយដ្ឋានក្បាលស្ពាននៃស្រុកបន្ទាយស្រី ខេត្តសៀមរាប។
 
លោក ហ្វីណង់ បញ្ជាក់ថា កន្លែងបង្កាត់ពូជបក្សីជិតផុតពូជនេះ នឹងផ្តល់បរិយាកាសប្រកបដោយសុវត្ថិភាពដល់សត្វខ្សឹប ដែលត្រូវបានសង្គ្រោះឱ្យស្តារសម្បទាឡើងវិញ និងបង្កលក្ខណៈងាយស្រួលដល់សត្វខ្សឹប ឱ្យបានក្រាបពង និងចិញ្ចឹមកូនរបស់ខ្លួន។ ពងសត្វខ្សឹប ដែលប្រមូលបានពីព្រៃ ក៏នឹងត្រូវបានភ្ញាស់ដោយសិប្បនិមិត្តនៅទីនោះ។ កូនសត្វទាំងអស់ ត្រូវបានចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យ មុននឹងត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីបង្កាត់ពូជ។ កូនដែលបង្កាត់បានទាំងអស់ នឹងត្រូវលែងឱ្យចូលទៅក្នុងព្រៃវិញនាពេលអនាគត។
 
លោក ហ្វីណង់ រៀបរាបដូច្នេះ៖«ការបង្កើតកន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្នុងពេលនេះ គឺជាមោទកភាពមួយរបស់កម្ពុជា និងជាជំហានដ៏សំខាន់បំផុតជាលើកដំបូង។ កន្លែងបង្កាត់ពូជ នឹងផ្តល់ក្តីសង្ឃឹមដល់ការកែប្រែជោគវាសនា និងទប់ស្កាត់ការដាច់ផុតពូជនៃបក្សីដ៏កម្រមួយប្រភេទនេះ ហើយដែលយើងទាំងអស់គ្នាជាខ្មែរចាំបាច់ត្រូវតែចូលរួមជួយអភិរក្សថែរក្សាឱ្យបានទាំងអស់គ្នា»។
 
សូមបញ្ជាក់ថា សត្វខ្សឹប ឬ Bengal Florican (គឺជាប្រភេទបក្សីដ៏កម្របំផុតមួយនៅក្នុងពិភពលោកដែលត្រូវបានគេចាត់ចំណាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ សត្វខ្សឹបត្រូវបានគេប៉ាន់ស្មានថា នៅសល់មិនដល់៥០០ក្បាលទេនៅលើពិភពលោក ក្នុងនោះកម្ពុជាមាន១០០ក្បាល៕











Tag:
 សៀមរាប
 សត្វខ្សឹប
 មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB))
© រក្សាសិទ្ធិដោយ thmeythmey.com