ជាតិ
សង្គមជាតិ
កម្តៅផែនដី ព្រះអាទិត្យ ខ្យល់ ទឹក និងសំណល់សរីរាង្គ អាចបំប្លែងជាថាមពលអគ្គិសនីបាន
28, Nov 2021 , 9:30 pm        
រូបភាព
 
ភ្នំពេញ៖ មនុស្ស កំពុងប្រើប្រាស់អគ្គិសនីចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។ អគ្គិសនីភាគច្រើន ត្រូវបានគេផលិតដោយការដុតឥន្ធនៈហ្វូស៊ីល(ប្រេង ធ្យូងថ្ម និងឧស្ម័នធម្មជាតិ)។ ថាមពលខ្លះក៏បានមកពីថាមពលនុយក្លេអ៊ែ និងទំនប់ទឹកធំៗផងដែរ។ ក្រៅពីនេះ គេក៏អាចផលិតថាមពលអគ្គិសនីដោយប្រើកម្តៅផែនដី ព្រះអាទិត្យ ខ្យល់ ទឹក និងសំណល់សរីរាង្គ ផងដែរ។



សម័យកាលផ្លាស់ប្តូរ របៀបរស់នៅរបស់មនុស្សក៏ប្រែប្រួលបន្តិចម្តងៗ។ ពីមុនមនុស្សចម្អិនអាហារប្រើអូស និងប្រើចង្កៀងដើម្បីបំភ្លឺ តែបច្ចុប្បន្ន គ្រប់យ៉ាងគឺពឹងផ្អែកទៅលើថាមពលអគ្គិសនី។ អគ្គិសនី កំពុងដើរតួយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដែលជាហេតុជំរុញឲ្យមានការផលិតអគ្គិសនីច្រើនរបៀប ដើម្បីផ្គត់ផ្គង់ឲ្យគ្រប់តម្រូវការ។

យ៉ាងណាមិញ ការប្រើឥន្ធនៈហ្វូស៊ីល ដើម្បីផលិតអគ្គិសនីកំពុងកាន់តែខ្វះខាត និងកាន់តែមានតម្លៃថ្លៃ។ លើសពីនេះ វាក៏បង្កគ្រោះថ្នាក់ដល់ការកើនឡើងនៃកម្តៅផែនដី និងបំពុលបរិស្ថានធ្ងន់ធ្ងរដោយសារការដុតឥន្ធនៈហ្វូស៊ីលផងដែរ។ ដោយឡែក បើតាមសៀវភៅខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា «បរិស្ថាន យើង» ព្រះអាទិត្យ ខ្យល់ សំណល់សរីរាង្គ កម្តៅផែនដី និងទឹក អាចផលិតអគ្គិសនីបាន ដោយមិនប៉ះពាល់ដល់បរិស្ថាន និងអាចប្រើវាជានិរន្តនរ៍។  

ថាមពលព្រះអាទិត្យ គេអាចផលិតអគ្គិសនីចេញពីពន្លីព្រះអាទិត្យបាន។ នៅប្រទេសកម្ពុជា មានពន្លឺព្រះអាទិត្យច្រើន ដូច្នេះគេអាចដាក់បន្ទះកញ្ចក់ស្រូបពន្លឺព្រះអាទិត្យនៅលើដំបូល ឬតាមជញ្ជាំងខាងក្រៅផ្ទះបាន។ បន្ទះកញ្ចក់ទាំងនោះ ស្រូបយកពន្លឺព្រះអាទិត្យ រួចបំប្លែងទៅជាថាមពល។ សម្ភារបំប្លែងថាមពលពន្លឺព្រះអាទិត្យមានតម្លៃថ្លៃ ប៉ុន្តែបន្ទាប់មក យើងអាចបូមទឹក បំភ្លឺផ្ទះ មើលទូរទស្សន៍ ដោយមិនបាច់បង់ប្រាក់។

ចំពោះថាមពលខ្យល់ កាលពីមុនដូនតាយើងបានប្រើខ្យល់ ដើម្បីធ្វើដំណើរតាមទូកក្តោង ឬដើម្បីបូមទឹក ឬកិនស្រូវ។ សព្វថ្ងៃ គោលការណ៍ប្រើខ្យល់នេះទំនើបជាងមុន ដោយប្រើកង្ហារដើរដោយកម្លាំងខ្យល់ដើម្បីផលិតអគ្គិសនី។ វាមានគុណវិបត្តិខ្លះ ដោយការបង្កសំឡេងរំខាន និងមានបញ្ហាជាមួយសត្វស្លាប និងបាត់បង់សោភ័ណភាពនៃទេសភាពផងដែរ។ ប៉ុន្តែ វាបំពុលតិចជាងរោងចក្រផលិតអគ្គិសនី។

ថាមពលសំណល់សរីរាង្គ ជាការបំប្លែងថាមពលតាមរយៈលាមករបស់ភាវៈរស់។ សំណល់ទាំងនោះ ជាពិសេសលាមកជ្រូក អាចបង្កើនឧស្ម័នផ្ទាំងកញ្ចក់យ៉ាងច្រើន ដែលជួយបង្កើនល្បឿននៃកម្តៅសកល។ តាមពិតឧស្ម័នទាំងនោះមានប្រយោជន៍ច្រើន បើតាមបច្ចេកទេសថ្មីៗអាចឲ្យគេផលិតឧស្ម័នចេញពីសំណល់ទាំងនេះបាន។ គេអាចប្រើឧស្ម័នបនេះ សម្រាប់ចម្អិនអាហារ និងបំភ្លឺគេហដ្ឋាន។

សម្រាប់ថាមពលកម្តៅផែនដី ពេលណាយើងកាន់តែខិតទៅជិតស្នូលផែនដី កម្តៅកាន់តែកើនឡើង។ កម្តៅនេះ អាចយកទៅប្រើដើម្បីកម្តៅទីក្រុង ឬផលិតអគ្គិសនីបាន។ ឧទាហរណ៍ ជនបស្ចិមប្រទេសខ្លះប្រើកម្តៅដី ដើម្បីកម្តៅគេហដ្ឋានរបស់ខ្លួន។ នៅកៅដឺលូប កោះមួយនៅជិតប្រទេសគុយបា រោងចក្រមួយបូមយកទឹកក្តៅ ២៤០អង្សាសេ ពីក្នុងដីជ្រៅ ដើម្បីផលិតអគ្គិសនី។

ចុងក្រោយ គឺថាមពលទឹក ដែលកាលពីមុន កម្លាំងទឹកត្រូវបានគេប្រើប្រាស់ដើម្បីបង្វិលរហាត់ទឹកនៅតាមបណ្តោយខ្សែទឹក។ សព្វថ្ងៃ ទំនប់ធំៗត្រូវបានសាងសង់ឡើងកាត់ទទឹងខ្សែទឹក ដើម្បីបង្កើនសម្ពាធទឹក។ កម្លាំងនេះ បង្វិលតួប៊ីនដែលគេដាក់ក្នុងទំនប់ ដើម្បីផលិតអគ្គិសនី។ ជារឿយៗ សំណង់អគ្គិសនីត្រូវបានគេរិះគន់ ព្រោះវាធ្វើឲ្យខូចទេសភាព និងរំខាន ឬបំផ្លាញប្រព័ន្ធអេកូឡូស៊ី៕



Tag:
 អង្គការស៊ីប៉ា
  ខ្ញុំចង់ដឹង
  ស្វែងយល់ពីបរិស្ថានយើង
© រក្សាសិទ្ធិដោយ thmeythmey.com