ជាតិ
សង្គមជាតិ
សត្វស្លាបបីប្រភេទ មានរូបរាងប្រហែលគ្នា
28, Nov 2021 , 10:30 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ កេងកងមានពីប្រភេទ រួមមានកេងកងតូច និងកេងកងធំ។ សត្វពីប្រភេទនេះ មានលក្ខណៈសម្គាល់ និងរបៀបចំណាំផ្សេងពីគ្នា តាមសណ្ឋានវវាងបក្សីញី និងឈ្មោលក៏ខុសគ្នាដែរ។ ក្រៅពីសត្វទាំងពីនេះ សត្វព្វាំង ក៏មានរូបរាងប្រហាក់ប្រហែលស្ទើរច្រឡំនឹងកេងកងពីរធំ។ នេះបើតាមក្រសួងបរិស្ថាន និងអ្នកជំនាញសត្វស្លាបភ្នំតាម៉ៅ។



«សត្វកេងកងតូច» ជាភាសារបច្ចេកទេសគេហៅ Oriental Pied Hornbill ជាសត្វមានច្រើនបង្គួរ ប៉ុន្តែមិនមានទិន្នន័យជាក់លាក់ថា ពិភពលោកមានសត្វកេងកងតូចប៉ុន្មានក្បាលនោះទេ។ វារស់នៅក្នុងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌាជាដើម។ សត្វកេងកងតូច ត្រូវបានគេដឹងថាមានចំនួនស្ថេរ។

លក្ខណៈសម្គាល់កេងកងតូចអាចមើលទៅចំពុះរបស់វា ដោយមានកំប៉ោយលើចំពុះធំ និងមានពណ៌ស។ ចំណែកឯ ស្លាបនិងកន្ទុយមានពណ៌ខ្មៅ មានទម្ងន់ចន្លោះពី៤ ទៅ៦ក្រាមក្នុងមួយក្បាល។ សម្រាប់ចំណីជាមធ្យមវាស៊ីចន្លោះពី៤ ទៅ៦ក្រាមក្នុងមួយថ្ងៃ។ សត្វប្រភេទនេះ ស៊ីផ្លែឈើជាអាហារ ។ ផ្លែឈើទុំ និងទុំជោរជាអាហារដែលវាចូលចិត្តបំផុត។
កេងកងតូចមានអាយុចន្លោះពី៧ទៅ៨ឆ្នាំ ហើយចាប់ផ្ដើមពេញវ័យចាប់ពីអាយុ៨ខែទៅ។ គេអាចសម្គាល់កេងកងតូច ឬពេញវ័យ ដោយសារសង្កេតលើចំពុះរបស់វា។
កេងកងតូច រួបភាពដោយក្រសួងបរិស្ថាន

លោក ភូក ចាន់ណារិទ្ធ ជាអ្នកចិញ្ចឹមសត្វស្លាបភ្នំតាម៉ៅ បានពន្យល់ដូច្នេះ៖ « កេងពេញវ័យ គេមើលលើចំពុះ។ កេងកងមិនទាន់ពេញវ័យចំពុះរបស់វាមានសភាពថ្លា និងទន់ជាង ចំពុះនៅពេលវាពេញវ័យ។ តែទោះជាយ៉ាងណា ចំពុះទន់ឬរឹងមិនមែនជាឧបសគ្គសម្រាប់ការស៊ីចំណីរបស់វាទេ ព្រោះភាគច្រើនកេងកងចូលចិត្តតែផ្លែឈើដែលទុំជោរៗប៉ុណ្ណោះ»។
ចំពោះរបៀបចំណាំ សត្វកេងកងញី និងឈ្មោលគេអាចចំណាំត្រង់ចំពុះ។ ឈ្មោលមានចំពុះធំជាងញី និងមានឆ្នូតខ្មៅនៅលើកំប៉ោយរបស់វា តែកេងកងញីមិនមានឆ្នូតខ្មៅទេ។

«សត្វកេងកងធំ» ភាសាបច្ចេកទេសហៅថា Great Hornbill ត្រូវបានគេដឹងថាមានរស់នៅប្រទេសឥណ្ឌា ថៃ កម្ពុជា និងតំបន់មួយចំនួនទៀត។ យោងតាមរបាយការណ៍របស់អង្គការ IUCN សត្វកេងកេងធំមានចន្លោះពី ២៣,០០០ ទៅ ៧១,០០០ក្បាល ហើយក្នុងនោះគេសន្និដ្ឋានថា សត្វកេងកងពេញវ័យមានចន្លោះពី ១៣,០០០ ទៅ ២៧,០០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនៅលើពិភពលោក។
កេងកងធំ រូបភាពដោយក្រសួងបរិស្ថាន

លក្ខណៈសម្គាល់កេងកងធំ  តាមរយៈទំហំខ្លួន ពណ៌ស្លាប និងចំពុះរបស់វា។ លក្ខណៈខុសដាច់កេងកេងតូចត្រង់ចំពុះ និងកំប៉ោយរបស់កេងកងធំមានពណ៌លឿង ស្លាប និងកន្ទុយមានឆ្នូតស ខ្មៅ។ ចំណែកឯ ទម្ងន់របស់សត្វឈ្មោលអាចរហូតដល់២គីឡូក្រាម ចំណែកឯសត្វញីមានទម្ងន់១គីឡូ៨ខាំ។ ចំពោះចំណី វាត្រូវការចន្លោះពី ៦ទៅ ៧ក្រាមក្នុងមួយថ្ងៃ។

កេងកងញី និងឈ្មោលគេអាចសម្គាល់បានតាមរយៈការអង្កេតមើលលើកំប៉ោយ និងចំពុះរបស់វា។ ចំពោះសត្វឈ្មោលមានកំប៉ោយមូលនិងស្រួច ចំណែកញី មានកំប៉ោយរាងសំប៉ែតជាងបន្តិច។ កេងកងធំអាចរស់នៅបាន ចន្លោះពី៨ ទៅ៩ឆ្នាំ ហើយអាយុពេញវ័យ ប្រហាក់ប្រហែលនឹង កេងកងតូចដែរ។
«សត្វព្វាំងឬភូវាំង» ជាភាសាបច្ចេកទេស Whreathed hornbill ជាប្រភេទបក្សីដែលភាគច្រើន ត្រូវបានពលរដ្ឋច្រឡំជាមួយសត្វកេងកង ប៉ុន្ដែសត្វទាំងពីរនេះមានសភាពខុសគ្នាដាច់ស្រឡះ  ត្រង់បក្សីព្វាំងមានថ្នក់ក ចំណែកឯកេងកងគ្មានទេ។  ចំពុះរបស់សត្វនេះដូចនឹងកេងកងតូច ខ្លូនដូចកេងកងធំ ។វាមានស្លាបពណ៌ខ្មៅ រីឯកន្ទុយមានពណ៌ស។
  ព្វាង​​ រូបភាពដោយក្រសួងបរិស្ថាន

ព្វាំងមានទម្ងន់មធ្យម១គីឡូកន្លះ និងទំហំខ្លួនចន្លោះពី ១០០ ទៅ ១១៥សង់ទីម៉ែត្រ។ បក្សីឈ្មោល គេសម្គាល់ចំហៀងក្បាល កនិងទ្រូងពណ៌សស្រអាប់ កន្ទុយពណ៌ស មានឆ្នូតខ្មៅនៅបំពង់ក និងស្បែកជុំវិញភ្នែកពណ៌ក្រហម។ សម្រាប់បក្សីញីវិញ មានក្បាល បំពង់ក និងទ្រូងពណ៌ខ្មៅ ។ ពួកវាជាមធ្យម អាចរស់បានចន្លោះអាយុ ៨ទៅ១០ឆ្នាំ។ សត្វព្វាង ចូលចិត្តរស់នៅតាមព្រៃស្រោង ព្រៃរបោះចម្រុះ និងព្រៃតំបន់ឆ្នេរ។ នៅកម្ពុជាសត្វប្រភេទនេះ ភាគច្រើនមានវត្តមាននៅតំបន់ជួរភ្នំបូកគោ ដែលរស់នៅ និងធ្វើសម្បុកនៅក្នុងរន្ធឈើធំៗហើយច្រើននៅជាហ្វូង។

លោក ភូគ ចាន់ណារិទ្ធ បានបញ្ជាក់ថា ចំពោះកេងកងតូច មានអត្រានៃការពងកូនអាច២ទៅ៣ក្នុងមួយឆ្នាំ។ ចំពោះកេងកងធំ និងសត្វព្វាងអាចពងកូនចន្លោះពី៣ទៅ៥ ក្នុងមួយឆ្នាំ៕  






Tag:
 សត្វស្លាប
  កេងកងតូច
  កេងកងធំ
  សត្វព្វាំង ឬភូវាំង
© រក្សាសិទ្ធិដោយ thmeythmey.com