ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេចក្រុមព្រះ សោយ​ទិវ​ង្គ​ត ក្នុងព្រះជន្ម៧៧វស្សា នៅ​ប្រទេស​បារាំង​
28, Nov 2021 , 7:29 pm        
រូបភាព
​សម្ដេចក្រុមព្រះ ​នរោត្តម រណឫទ្ធិ បាន​សោយ​ទិវ​ង្គ​ត ដោយ​រោគាពាធ ក្នុង​ព្រះជន្ម​៧៧​វស្សា នៅ​ប្រទេស​បារាំង នា​ព្រឹក​ម៉ោង​១០ព្រឹក (​ត្រូវ​ម៉ោង៤​រសៀល ម៉ោង​នៅ​កម្ពុជា​) នៅ​ថ្ងៃទី​២៨ វិច្ឆិកា​។ នេះ​បើតាម​លោក ចាប ញ៉ាលីវុធ ប្អូនប្រុស​ឪពុក​ទីទៃ​របស់​សម្ដេចក្រុមព្រះ​។


 
​លោក ចាប ញ៉ាលីវុធ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ខ្ញុំ​ទើបបាន​ព័ត៌មាន​ពី​ខាង​ស្រុក​បារាំង​ថា ព្រះអង្គ​សោយ​ទីវ​ង្គ​ត​មែន »​។​ បើតាម​លោក ចាប ញ៉ាលីវុធ សម្ដេចក្រុមព្រះ​ធ្លាក់​ព្រះកាយ​ឈឺ ចាប់តាំងពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មក​។ «តាំងពីគ្រោះថ្នាក់ចរាចរណ៍លើកមុនមក លោក(សម្ដេចក្រុមព្រះ)បានទៅពេទ្យព្យាបាលនៅថៃ ព្យាបាលចុះឡើងបានមកស្រុកខ្មែរយើង ហើយលោកគិតពីសុខភាពថា មិនល្អ ក៏ទៅព្យាបាលនៅបារាំងរហូតមក»។ នេះបើតាមលោក ចាប ញ៉ាលីវុធ។

ចាប់តាំងជួបគ្រោះថ្នាក់ចរាចរណ៍លើកទី២នេះមក សម្ដេចក្រុមព្រះ ក៏ផ្អាកពីសកម្មភាពនយោបាយ រហូតមកដែរ ដោយសារមានបញ្ហាសុខភាព និងផ្លូវអារម្មណ៍ ក្រោយជួបគ្រោះផ្ទួនៗ។
 

កាលពី​ថ្ងៃទី​១៧ ខែមិថុនា ២០១៨ សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ ដែលជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​លើក​ទី​២ នៅលើ​ផ្លូវជាតិ​លេខ ៤ ស្ថិតក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅពេល​កំពុងធ្វើដំណើរ​ចុះ​ជួប​​អ្នកគាំទ្រ​គណបក្ស​។ ព្រះអង្គ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ជាបន្ទាន់ ចំណែក​ជាយា​របស់​ព្រះអង្គ គឺ​អ្នក​ម្នាង អ៊ុក ផល្លា បាត់បង់​ជីជីវិតក្នុងគ្រោះថ្នាក់​ចរាចរណ៍នេះ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​ក្រោយពេល​រថយន្ដ​តាក់ស៊ី បាន​បើក​ជែង​រថយន្ដ​មួយគ្រឿង​ទៀត ហើយ​បាន​រេ​ចង្កូត​ទៅ​ផ្លូវ​ម្ខាងទៀតនៃ​ក្បួន​រថរថយន្តសម្ដេច​ក្រុមព្រះ​។​ កាលពី​ឆ្នាំ​២០១៥ សម្ដេចក្រុមព្រះ និង​អ្នក​ម្នាង អ៊ុក ផល្លា ក៏​ធ្លាប់​ជួបប្រទះ​គ្រោះថ្នាក់​ចរាចរណ៍​កម្រិតធ្ងន់​ម្ដង អំឡុងពេល​ធ្វើដំណើរ​ត្រឡប់​មកពី​ជួប​អ្នកគាំទ្រ​គណបក្ស​នៅឯ​ខេត្តកំពង់ចាម ដោយមាន​រថយន្ត​ធុន​ធំ​មួយគ្រឿង បើក​ចូល​ក្បួន​រថយន្ត​ព្រះអង្គ​។​
 
​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ប្រឡូក​នយោបាយ នៅ​ឆ្នាំ​១៩៨៩ ក្នុងតួនាទីអគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មុននឹងឡើងជាប្រធានបក្សនៅឆ្នាំ១៩៩២ ។ ក្រោយគណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះឆ្នោត ព្រះអង្គ​ក្លាយជា​នាយករដ្ឋមន្ត្រី​ទីមួយ​នៃ​កម្ពុជា ពី​ឆ្នាំ​១៩៩៣ រហូតដល់​ឆ្នាំ​១៩៩៧ ។ ព្រះអង្គ ក៏​ធ្លាប់​ធ្វើជា​ប្រធានរដ្ឋសភា​ចន្លោះ​ឆ្នាំ​១៩៩៨ ដល់​ង​ឆ្នាំ​២០០៦​ដែរ​។

សម្តេចក្រុមព្រះ​បាន​លាលែង​ពី​តំណែង​ប្រធានរដ្ឋសភា នៅ​ខែមីនា ២០០៦ ហើយ​បន្តធ្វើ​នយោបាយ​នៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រហូតដល់​ខែតុលា ឆ្នាំ​២០០៦ ព្រះអង្គ​ត្រូវបាន​បណ្តេញចេញ​ប្រធាន​គណបក្ស​។ មួយខែ​ក្រោយមក ព្រះអង្គ​បាន​បង្កើត​គណបក្ស​នរោត្តម រណឫទ្ធិ (​គនរ​)​។ ព្រះអង្គ​ក៏​ធ្លាប់​រងការចោទប្រកាន់​និង​ការផ្តន្ទាទោស​ព្រះអង្គ​ពីបទ​កេង​បន្លំ​លួច (​ប្រាក់​) ដែល​ធ្វើឱ្យ​ព្រះអង្គ​និរទេស​ទៅ​ក្រៅប្រទេស រហូតដល់​ខែកញ្ញា ឆ្នាំ​២០០៨ ទើប​ព្រះអង្គ​បាន​ចូល​ស្រុក​វិញ ក្រោយ​ទទួលបាន​ការលើកលែង​ទោស​និង​ចូលប្រឡូក​ការងារ​នយោបាយ​វិញ​។ ភាពមិន​ចុះសម្រុង​ក្នុង​បក្ស បានធ្វើឱ្យ​ព្រះអង្គ​ត្រូវ​ចេញទៅ បង្កើត​គណបក្ស​តូច​មួយ​ឈ្មោះថា គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​នៅ​ឆ្នាំ​២០១៤ មុនពេល​បង្រួម​ចូល​ជាមួយ​ហ្វ៊ុនស៊ិនប៉ិច​ម្តងទៀត ក្នុង​ខែមករា ឆ្នាំ​២០១៥​។ ព្រះអង្គ​ក៏ត្រូវ​គេ​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ​។​

ព្រះអង្គម្ចាស់ ន​រោ​ត្ត រណឫទ្ធិ ប្រសូត​នៅ​ថ្ងៃទី​២ មករា ឆ្នាំ​១៩៤៤​។ ព្រះអង្គ​បានបញ្ចប់​បរិញ្ញាបត្រ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​ផ្នែក​ច្បាប់សាធារណៈ នៅក្នុង​ឆ្នាំ​១៩៦៨ ឆ្នាំ​១៩៦៩ នៅ​ឆ្នាំ​១៩៧៥ ពី​សកល​វិទ្យាល័យ​ប្រូ​វេន (Provence) ប្រទេស​បារាំង​។ ព្រះអង្គ​ក៏​ធ្លាប់​ធ្វើជា​សាស្ត្រាចារ្យ​រង​បង្រៀន​មុខវិជ្ជា​ច្បាប់រដ្ឋធម្មនុញ្ញ​និង​សង្គម​នយោបាយ នៅ​ទីនោះ​ផងដែរ​។​
 
​ព្រះអង្គម្ចាស់ រណឫទ្ធិ មាន​បងប្អូន​សរុប ១២ នាក់​ដែល​មកពី​មាតា​ផ្សេងៗ​គ្នា​ ជាមួយសម្ដេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ មានតែ​នរោត្តម បុប្ផា​ទេវី​(​ចូល​ទីវ​ង្គ​ត កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩)​ទេ ដែលជា​បង​បង្កើត​តែមួយគត់​របស់​ព្រះអង្គ ចេញពី​ឧទរ​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល និង​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។​
 
​ព្រះអង្គ រណឫទ្ធិ បាន​រៀប​អភិ​សេ​ភ​ជាមួយ​អ្នក​ម្នាង អេង ម៉ា​រី ដែលជា​ភរិយា​ដំបូង​របស់​ព្រះអង្គ​នៅ​ដើមឆ្នាំ​១៩៦៨​។ ព្រះអង្គ និង​អ្នក​ម្នាង អេង ម៉ា​រី មាន​បុត្រ​បី​អង្គ ព្រះនាម ច​ក្រា​វុ​ឌ្ឍ (​ប្រសូត​ឆ្នាំ​១៩៧០), សីហ​ឫទ្ធិ (​ប្រសូត​ឆ្នាំ​១៩៧២) និង​រតនាទេវី (​ប្រសូត​ឆ្នាំ​១៩៧៤)​។ ព្រះអង្គ​ក៏មាន​បុត្រា​ពីរ​អង្គ​ទៀត ជាមួយ​អ្នក​ម្នាង អ៊ុក ផល្លា (​មរណភាព​នៅ​ឆ្នាំ​២០១៨) ដែរ ព្រះនាម សុធា​រិ​ទ្ធ (​ប្រសូត​ឆ្នាំ​២០០៣) និង​រ៉ា​ណាវ​ង្ស (​ប្រសូត​ឆ្នាំ​២០១១)៕
 
 

Tag:
 សម្ដេចក្រុមព្រះ
© រក្សាសិទ្ធិដោយ thmeythmey.com