ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សង្គមស៊ីវិល អាចជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ តែមិនត្រូវឲ្យលើស២០០នាក់ឡើយ
03, Dec 2021 , 4:21 pm        
រូបភាព
កិច្ចប្រជុំរវាងអាជ្ញាធរសាលារាជធានីភ្នំពេញ និង តំណាងអង្គការស៊ីវិល (រូបពីអង្គការអាដហុក)
កិច្ចប្រជុំរវាងអាជ្ញាធរសាលារាជធានីភ្នំពេញ និង តំណាងអង្គការស៊ីវិល (រូបពីអង្គការអាដហុក)
ដោយ: ថ្មីៗ
អាជ្ញាធររាជធានីភ្នំពេញ​ អនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល ប្រមូលផ្តុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើក៧៣ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់អាជ្ញាធររាជធានីភ្នំពេញ បានជួបពិភាក្សាគ្នាជាមួយតំណាងអង្គការស៊ីវិល នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។ អង្គការសង្គមស៊ីវិល បានដាក់សំណើទៅកាន់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការសុំរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិនេះ។

 
 
ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៣ នឹងត្រូវរៀបចំឡើងនៅទីលានប្រជាធិបតេយ្យ ស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ។ អង្គការអាដហុក ផ្សាយលើគេហទំព័ររបស់ខ្លួនថា អ្នកចូលរួមក្នុងពិធីនេះ គឺមានត្រឹម២០០នាក់ប៉ុណ្ណោះ។ 
 
អង្គការអាដហុក លើកឡើងថា មុនដំបូង ​ក្រុមអង្គការ​សង្គមស៊ីវិល គ្រោងរៀបចំ​អ្នកចូលរួម​ចំនួន៥០០នាក់ ប៉ុន្តែដោយ​សារទីតាំងទីលាន​ប្រជាធិបតេយ្យ ​ត្រូវបាន​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (អង្គការ JICA) ស្នើសុំមួយផ្នែក ដើម្បីដាក់​ការដ្ឋាន ដែលមិន​អាចដាក់​អ្នកចូលរួមដល់៥០០នាក់បាន ហើយរួមទាំងការបារម្ភពីបញ្ហារីក​រាលដាល​នៃជំងឺឆ្លង​កូវីដ-១៩ផងនោះ ទើបអង្គការសង្គមស៊ីវិល យល់ព្រម​​តាមការ​លើកឡើង​របស់សាលា​រាជធានីភ្នំពេញ ដោយអនុញ្ញាតឲ្យមានអ្នកចូលរួមត្រឹមតែ២០០នាក់។ 
 
បើតាមអង្គការអាដហុកដដែល ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នឹងត្រូវដំណើរការទៅក្រោមការ​គោរព​តាមគោលការណ៍​ណែនាំរបស់ក្រសួង​សុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងមានការជួយ​ការពារ​សន្តិសុខ ពីសំណាក់អាជ្ញាធរ៕ 

Tag:
 ទិវាសិទ្ធិមនុស្សអន្តរជាតិ
  ខួប៧៣
© រក្សាសិទ្ធិដោយ thmeythmey.com