ជាតិ
ករណី​ផ្ទុះជំងឺ​ប៉េស្តអាហ្វ្រិកនៅ​វៀតណាម បង្ក​ក្តី​កង្វល់​ដល់អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​
03, Dec 2021 , 8:59 pm        
រូបភាព
រូបភាពពី ឈៀវ ហុងស្រេង
រូបភាពពី ឈៀវ ហុងស្រេង
អ្នកចិញ្ចឹមជ្រូក ព្រួយបារម្ភពីការឆ្លងជំងឺប៉េស្ដអាហ្រ្វិកមកដល់កម្ពុជា ខណៈប្រទេសវៀតណាមកំពុងផ្ទុះជំងឺនេះខ្លាំង។ អ្នកចិញ្ចឹមជ្រូក លើកឡើងថា ពួកគេនឹងប្រឈមខាតបង់កាន់តែខ្លាំង និងបោះបង់ការចិញ្ចឹម ប្រសិនបើជំងឺប៉េស្តអាហ្រ្វិក ផ្ទុះឡើងនៅកម្ពុជា។ ទន្ទឹមនេះ ពួកគេ​ស្នើឲ្យអាជ្ញាធរ ពង្រឹងការទប់ស្កាត់ការលួចនាំចូលជ្រូកខុសច្បាប់បន្ថែមទៀត ដើម្បីកុំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងឆ្លងមកដល់កម្ពុជា។

 
 
លោក ហ៊ុន តុលា កសិករចិញ្ចឹមជ្រូក៣០ក្បាលនៅខេត្តតាកែវ បានប្រាប់ ThmeyThmey25 តាមទូរសព្ទ ថា លោកមិនទាន់ហ៊ានដាក់កូនជ្រូកចិញ្ចឹមថែមទៀតឡើយ ដោយសារខ្លាចមានការឆ្លងជំងឺប៉េស្ដអាហ្រ្វិកនៅតាមព្រំដែនកម្ពុជា ព្រោះ ជំងឺនេះឆ្លងតាមខ្យល់ក្នុងរយៈចម្ងាយឆ្ងាយ ដែលអាចចូលមកក្នុងប្រទេសកម្ពុជាបាន។ លោក តុលា បញ្ជាក់ដូច្នេះថា៖«ខ្ញុំនៅតែមានការព្រួយបារម្ភ ទោះជាផ្អាកការនាំចូលក៏ដោយ។ បើសិន ជំងឺនេះផ្ទុះតាមជាយដែន គឺវា(ប៉េស្ដអាហ្រ្វិក)នៅតែមកហ្នឹង មានន័យថាជំងឺហ្នឹង វាឆ្លងតាមខ្យល់ចម្ងាយ១គីឡូម៉ែត្របួនជ្រុង។ អ៊ីចឹង ខ្ញុំចង់ឲ្យរដ្ឋាភិបាល ពង្រឹងតាមច្រកព្រំដែន ប្រសិនយើងចេញច្បាប់ ឬវិន័យម៉ឺងម៉ាត់តាមច្រកព្រំដែន ខ្ញុំជឿថាចូលមកមិនរួចទេ»។
 
កសិកររូបនេះ រំឭកថា កាលពី៤ឆ្នាំមុន ជ្រូករបស់លោកប្រមាណ១០ទ្រុង បានងាប់ដោយសារជំងឺប៉េស្ដអាហ្រ្វិក ដែលធ្វើឲ្យខាតបង់លុយជាច្រើនលានរៀល។ លោកថា បើជំងឺនេះ ផ្ទុះទៀត លោកនឹងខាតបង់ធ្ងន់ធ្ងរ ខណៈសព្វថ្ងៃតម្លៃជ្រូកចុះថោកដោយសារកូវីដ-១៩។
 
ចំណែកឯ លោក សំ ធារិទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកជាង៥ពាន់ក្បាល នៅស្រុក កៀនស្វាយ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា កាលពីឆ្នាំ២០១៩​ ជ្រូករបស់លោក ជាង៧០%បានងាប់ដោយសារ ប៉េស្តអាហ្រ្វិក ដែលបានខាតលុយអស់រាប់លានរៀល។ កសិកររូបនេះ មានក្ដីបារម្ភខ្លាចជំងឺនេះ ឆ្លងមកកម្ពុជា ដែលធ្វើឱ្យកសិករកាន់តែខាតបង់ខ្លាំង  ខណៈសព្វថ្ងៃកសិករកំពុងប្រឈមគ្មានទីផ្សារ និងលក់បានតម្លៃថោក។
 
កសិកររូបនេះ ចង់ឲ្យក្រសួងពាក់ព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីវិធានការការពារ ឬទប់ស្កាត់ជំងឺប៉េស្តអាហ្រ្វិក និងជំងឺផ្សេងៗដែលកើតមានលើសត្វជ្រូក។ លោក ប្រាប់ដូច្នេះថា៖« បើជំងឺនេះកើតនៅកម្ពុជាយើង​ អ្វីដែលប្រឈមជាងគេហ្នឹង​គឺកសិករខ្នាតតូច បន្ទាប់មកខ្នាតធំ ដោយកសិករខ្នាតតូចគាត់ចិញ្ចឹមខ្វះការប្រុងប្រយ័ត្នផ្នែកជីវៈសុវត្ថិភាពជាដើម»។ 
 
 
ពាក់ព័ន្ធបញ្ហានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា  លោកបានដាក់លិខិតស្នើតាមបណ្ដាខេត្តជាប់ព្រំដែន ឱ្យជួយទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ពីវៀតណាម ដើម្បីកុំឲ្យប៉ះពាល់ដល់តម្លៃទីផ្សារជ្រូកក្នុងស្រុក និងបង្ការកុំឲ្យឆ្លងជំងឺប៉េស្តអាហ្រ្វិកចូលក្នុងប្រទេសកម្ពុជា។ 
 
បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ ការផ្អាកមិនឲ្យនាំចូលជ្រូកពីប្រទេសជិតខាង ពិសេសវៀតណាមនៅមានចន្លោះប្រហោងដោយសារមានឈ្មួញមួយចំនួនលួចនាំចូលខុសច្បាប់តាមផ្លូវទឹក និងច្រករបៀងផ្សេងៗតាមផ្លូវគោក ដែលអាចធ្វើឲ្យកម្ពុជាប្រឈមឆ្លងជំងឺប៉េស្តអាហ្រ្វិក ប្រសិនទប់ស្កាត់មិនទាន់ពេលវេលា។
 
លោក បានអះអាងដូច្នេះថា៖«ខ្ញុំដាក់លិខិតស្នាមទៅតាមបណ្ដាខេត្តជាប់ព្រំដែន គឺដើម្បីការពារឈ្មួញលួចនាំចូលហ្នឹង មិនមែនការពារអ្នកចូលស្របច្បាប់នោះទេ។ គឺទប់ការលួចនាំចូល ទាំងសាច់ជ្រូក ទាំងជ្រូករស់។ អ៊ីចឹងហើយ វាធ្វើឲ្យធ្ងន់ធ្ងរដល់ប្រទេសយើង ដោយសារការលួចនាំចូលហ្នឹងឯង។ បើយើងសន្និដ្ឋានទៅ កម្ពុជា និងវៀតណាម តិច ឬច្រើននៅតែមានការនាំចូលមក»។ 
 
លោក ស្រ៊ុន ពៅ បន្ថែម ប្រសិនបើកម្ពុជាជួបប្រទះនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះ នឹងធ្វើឲ្យកសិករប្រឈមក្ស័យធន ឬបិទកសិដ្ឋានលែងចិញ្ចឹមដូចនឹងឆ្នាំ២០១៩។ លោក ក៏បានអំពាវនាវឲ្យ កសិករប្រុងប្រយ័ត្នខ្ពស់ និងត្រូវធ្វើអនាម័យ ឬជីវៈសុវត្ថិភាពតាមទ្រុងនីមួយៗឲ្យបានត្រឹមត្រូវ។
 
លោក ប្រាប់យ៉ាងដូច្នេះថា៖«ជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះ បើវាមកហើយ គឺវាអាចបំផ្លាញទាំងទ្រុងៗតែម្ដង បានសេចក្ដីថា គ្មានថ្នាំ ឬវ៉ាក់សាំង ចាក់ទប់ស្កាត់វានោះទេ។ អ៊ីចឹង បានអំពាវឲ្យបងប្អូនប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារផលប្រយោជន៍ខ្លួនឯង»។ 
 
គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក កំពុងរីករាលដាលទូទាំងប្រទេសវៀតណាម និងកំពុងប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូកជាច្រើន។ គិតត្រឹម ទី២៥ ខែវិច្ឆិកានេះ អាជ្ញាធរវៀតណាមបានបង្ខំចិត្តសម្លាប់ជ្រូកប្រមាណ ២៣០ ០០០ក្បាល៕ 

Tag:
 ជ្រូក
 ជំងឺប៉េស្តអាហ្វ្រិក
  សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com