កីឡាជាតិ
ជាតិ
លោក ឆឹង យ៉ៅយ៉េន ត្រូវបានគាំទ្រឲ្យបន្ដជាប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងអាណត្តិទី៧
03, Dec 2021 , 5:10 pm        
រូបភាព
លោកសាស្ដ្រាវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន អតីតប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា អាណត្តិទី៦ ទទួលបានការគាំទ្រ ឲ្យបន្ដរមុខតំណែងរបស់ខ្លួន នៅក្នុងអាណត្តិទី៧ ឆ្នាំ២០២២ ដល់ ២០២៥ ។ ការតែងតាំងនេះ ធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីមហាសន្និបាតបញ្ចប់អាណត្តិទី៦ ។



នៅចំពោះមុខសមាជិកគណៈកម្មាធិការប្រតិបត្តិ និងកីឡាករ និងកីឡាការិនីជម្រើសជាតិ ប្រធានសហព័ន្ធប្រដាល់សាកលរូបនេះ បានជំរុញទឹកចិត្ត ឲ្យមន្ត្រីសហព័ន្ធប្រឹងអស់ពីសមត្ថភាព ដើម្បីសម្រេចគោលដៅក្នុងការដណ្ដើមយកមេដាយ ក្នុងការប្រកួតស៊ីហ្គេមលើកទី៣១ និងទី៣២ ។ 
 
តាមរយៈហ្វេសប៊ុក CAMSOC លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកល បានបញ្ជាក់ថា ក្នុងអាណត្តិថ្មីនេះ សហព័ន្ធបានផ្លាស់ប្ដូរសមាជិកគណៈកម្មាធិការប្រតិបត្តិអសកម្មមួយចំនួន ដើម្បីពង្រឹងក្បាលម៉ាស៊ីនសហព័ន្ធឲ្យកាន់តែរឹងមាំ ក្នុងការដឹកនាំ និងជំរុញការអភិវឌ្ឍវិស័យកីឡា ដ៏មានសក្ដានុពលមួយនេះឲ្យកាន់តែរីកចម្រើន។ ជាពិសេសត្រៀមការប្រកួតអន្ដរជាតិនានា រួមទាំងការប្រកួតស៊ីហ្គេម ២លើកនៅចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ។
 
គួរបញ្ជាក់ដែរថា សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៧ របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គឺមាន ១៣នាក់ លោក ឆឹង យ៉ៅយ៉េន ជាប្រធាន, លោក ខេស៊ី បាណេត និងលោកវេជ្ជបណ្ឌិត មាស វុឌ្ឍី ជាអនុប្រធាន។ លោក ប៊ុយ សុភ័ណ្ឌ ជាអគ្គលេខាធិការ និងឯកឧត្តម ពេជ្រ សូផែន និងលោក ច័ន្ទ សុទ្ធ ជាអគ្គលេខាធិការរង។ លោក សំ ពិសិដ្ឋ ជាអគ្គហេរញ្ញិក និងសមាជិក ៤នាក់ផ្សេងទៀត។ មហាសន្និបាតបន្តអាណត្តិថ្មីនេះទទួលការចូលរួមជាសាក្សីពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com