ជាតិ
សេដ្ឋកិច្ច
១១ខែ កម្ពុជានាំចេញអង្ករជាង៥០ម៉ឺនតោន
04, Dec 2021 , 7:59 am        
រូបភាព
នារយៈពេល១១ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករជាង៥០ម៉ឺនតោន ទៅទីផ្សារអន្តរជាតិ។ អង្ករដែលនាំចេញក្នុងឆ្នាំ២០២១នេះ បានថយចុះជាង៦ម៉ឺនតោនស្មើនឹង១១,៦៤ភាគរយ បើធៀប នឹងរយៈពេលដូចគ្នា ឆ្នាំ២០២០កន្លងទៅ។ នេះបើតាមរបាយការណ៍នាំចេញកសិផល របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។



តាមរបាយការណ៍ដដែល រយៈពេល១១ខែនេះ កម្ពុជាបាននាំចេញអង្ករសរុប៥៣២ ១៧៩តោន ទៅ សហភាពអឺរ៉ុបចំនួន២២ប្រទេស ចំនួន១៣៤ ៤៣៨តោន ថយចុះជិត៣០ភាគរយ។ នាំចេញទៅ ប្រទេសចិនចំនួន ២៦៥ ២៤៤តោន កើនឡើងជាង១០ភាគរយ និងអាស៊ានចំនួន៧ប្រទេស ៥៤ ៣៥០តោន ថយចុះជាង៣០ភាគរយ។ ចំណែកឯការនាំចេញទៅប្រទេសចំនួន២៤ទៀត មានចំនួន៧៨ ១៤៧តោន ថយចុះជាង២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ 
 
ចំពោះក្រុមហ៊ុន ដែលបាននាំចេញអង្ករនោះសរុបមាន៦១ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុន ធំៗ ចំនួន ១០បាននាំចេញអង្ករចំនួន៣៩៣ ១៣១តោន ស្មើនឹង៧៣,៨៨ភាគរយ។ ចំណែកឯ ៥១ក្រុមហ៊ុនទៀត បាននាំចេញចំនួន ១៣៩ ០៤៨តោន ស្មើនឹង២៦,១២ភាគរយ។ 
 
ក្នុងចំណោមអង្ករដែលបាននាំចេញសរុបនោះ មានអង្ករក្រអូបគ្រប់ប្រភេទជាង៣៨ម៉ឺនតោន ស្មើនឹង៧៣,២៧ភាគរយ អង្ករសគ្រប់ប្រភេទ មានជាង១៣ម៉ឺនតោន ស្មើនឹង២៤,៩៣ភាគរយ និងអង្ករចំហុយមានជាង៩ពាន់តោន ស្មើនឹង១,៨០ភាគរយ៕
 

Tag:
 អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com