COVID-19
ជាតិ
លោក ម៉ៅ ហាវណ្ណាល់៖ ចំនួនជើងហោះហើរមកកម្ពុជា នឹងកាន់តែកើនឡើងចាប់ពីខែនេះទៅ
04, Dec 2021 , 8:59 am        
រូបភាព
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
ភ្នំពេញ៖ ជើងហោះហើរមកកាន់កម្ពុជា ចាប់ពីខែធ្នូ ឆ្នាំ២០២១នេះ  នឹងមានការកើនឡើង ដោយមួយសប្ដាហ៍មានជើងហោះហើរចំនួន៤៣ជើង។ បើតាមរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំនួនជើងហោះហើរ នឹងអាចប្រែប្រួល ទៅតាមស្ថានភាពនៃជំងឺឆ្លងកូវីដ-១៩។

 
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា លើកលែងការធ្វើចត្តាឡីស័កលើអ្នកដំណើរមកកាន់កម្ពុជា ដែលបានចាក់វ៉ាក់សាំងរួចមក ក្រសួងទេសចរណ៍មើលឃើញថា សន្ទុះអ្នកទេសចរចូលមកកាន់កម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ និងការស្នើសុំបន្ថែមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍មកកម្ពុជាផងដែរ។
 
ចាប់ពីខែធ្នូ ឆ្នាំ២០២១ ចំនួនជើងហោះហើរមកកាន់កម្ពុជា នឹងកើនឡើង ១៦ភាគរយ ធៀបទៅនឹងខែតុលា ពោលគឺចំនួន៣៧ជើងក្នុងខែតុលា ដោយកើនឡើងដល់ ៤៣ជើង ចាប់ពីខែធ្នូ។ នេះជាលើកឡើងរបស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៩ ខែវិច្ឆិកា ក្នុងកិច្ចប្រជុំលើកទី២ នៃក្រុមការងាររដ្ឋាភិបាល និងឯកជន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ លោក ម៉ៅ ហាវណ្ណាល់ បន្ថែមទៀតថា៖ «ចំនួនជើងហោះហើរនេះ អាចនឹងមានការប្រែប្រួល ទៅតាមការវិវត្តនៃស្ថានភាពជាក់ស្ដែង លើការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩»។
 
ជាមួយគ្នានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានកំណត់អាទិភាពនៃការចាប់ផ្ដើមបើកជើងហោះហើរដឹកអ្នកដំណើរតាមផ្លូវអាកាស ជាមួយបណ្ដាប្រទេសអាស៊ាន ជាអាទិភាពទី១ ស្របតាមគោលការណ៍បន្ធូរបន្ថយការធ្វើចត្តាឡីស័ក។ 
 
លោក បន្ថែមទៀតថា អាកាសចរស៊ីវិល នឹងជំរុញ និងពិភាក្សា ជាមួយបណ្ដាក្រុមហ៊ុនអាកាសចរណ៍ មកពីមជ្ឈិមបូព៌ាប្រទេសរួមមាន Emirates, Qatar Airways និង Etihad Airways ស្ថិតក្នុងការពិចារណារៀបចំជើងហោះហើរឡើងវិញ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways មកពីទីក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។ ក្រៅពីអាកាសចរណ៍មជ្ឈិមបូព៌ា កម្ពុជាក៏ផ្តោតលើអាទិភាពបន្ទាប់ លើការបើកជើងហោះហើរប្រក្រតីវិញ រវាងកម្ពុជា និងចិន នៅពេលការបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន។
 
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរូបនេះ ក៏ស្នើដល់ដៃគូពាក់ព័ន្ធ ពិចារណាបន្ថែមការធ្វើតេស្តរហ័ស ឱ្យបានច្រើន បានលឿន ដើម្បីសម្រួលដល់ទេសចរ និងស្នើឱ្យពិចារណាដល់ការផ្ដល់ទិដ្ឋាការ នៃការចូលមកដល់សម្រាប់ប្រទេសដែលមិនមែនជាសមាជិកអាស៊ាន៕
 

Tag:
 ទេសចរណ៍វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com