ជាតិ
ក្រសួងកសិកម្ម ផ្ដល់ដីជាង៣ម៉ឺនម៉ែត្រការ៉េ ឱ្យពលរដ្ឋជាង៤០គ្រួសារក្នុងកសិដ្ឋានទួលសំរោង
04, Dec 2021 , 9:59 am        
រូបភាព
 រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្ដីជូនដំណឹងឱ្យពលរដ្ឋចំនួន៤៤គ្រួសារដែលកំពុងរស់នៅ និងធ្លាប់រស់នៅក្នុងកសិដ្ឋានផលិតពូជស្រូវទួលសំរោងមកចាប់ឆ្នោតជ្រើសរើសទីតាំងដី និងរៀបចំធ្វើប័ណ្ណកម្មសិទ្ធិ ដើម្បីធ្វើជាលំនៅដ្ឋាន។


តាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម ចេញនៅថ្ងៃទី៣០ ខែវិច្ឆិកាពលរដ្ឋចំនួន៤៤គ្រួសារ ដែលកំពុងរស់នៅនិងធ្លាប់រស់នៅក្នុងកសិដ្ឋានផលិតពូជស្រូវទួលសំរោង នឹងទទួលបានដីទំហំ ៣៦៧៨៣ម៉ែត្រការ៉េ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើលំនៅដ្ឋាន។ដីដែលរដ្ឋាភិបាល ផ្ដល់ឱ្យពលរដ្ឋនោះ មានទីតាំងស្ថិតនៅភូមិអូរញ ឃុំបឹងព្រីងស្រុកថ្មគោល ខេត្តបាត់ដំបង។

សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា មន្រ្តីក្រសួងកសិកម្មនិងអាជ្ញាធរមូលដ្ឋាន បានចាប់ឆ្នោតជ្រើសរើសទីតាំងដីប្រកបដោយតម្លាភាពដើម្បីរៀបចំធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពលរដ្ឋទាំងនោះ។ រហូតមកដល់បច្ចុប្បន្នគ្រួសារមួយចំនួននៅមិនទាន់បានមកចាប់ឆ្នោតទទួលយកក្បាលដីតាមការសម្រេចរបស់រដ្ឋាភិបាលនៅឡើយទេ។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម។ 

ទន្ទឹមនឹងនេះ ក្រសួងក៏សូមជូនដំណឹងដល់ពលរដ្ឋដែលមានឈ្មោះត្រូវទទួលបានដី ត្រូវប្រញាប់មកចាប់ឆ្នោតទទួលយកក្បាលដីខ្លួនដើម្បីឱ្យដំណើរការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិអាចប្រព្រឹត្តទៅបានរលូន និងឆាប់រហ័ស៕
 

Tag:
 ក្រសួងកសិកម្ម
 កសិដ្ឋាន
 ពូជស្រូវ
 ទួលសំរោង
© រក្សាសិទ្ធិដោយ thmeythmey.com