ជាតិ
រដ្ឋាភិបាលកំណត់​ថ្ងៃទី៨ ធ្នូ ជាថ្ងៃកាន់ទុក្ខ​ព្រះសពសម្តេចក្រុមព្រះ
04, Dec 2021 , 10:39 am        
រូបភាព
​រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី ៨ ធ្នូ ជាថ្ងៃកាន់ទុក្ខផ្លូវការព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ។ តាមរយៈសារាចរណែនាំ ស្តីពីការចូលរួគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះចុះថ្ងៃទី៣ធ្នូ រាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ព្រះអង្គមានគុណបំណាច់ ដ៏ធំធេងណាស់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

 
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃកាន់ទុក្ខ រាជរដ្ឋាភិបាល បានប្រាប់ឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​រដ្ឋ និងឯកជនទាំងអស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល នៃដងទង់ជាតិ។  
 
រដ្ឋាភិបាល ក៏ឱ្យ​ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃកាន់ទុក្ខព្រះសពផងដែរ។
 
សម្តេចក្រុមព្រះ ​បានយាងចូលព្រះទិវង្គត នៅថ្ងៃទីអាទិត្យ ទី២៨វិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង ដោយព្ររោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។ លោក ចាប ញ៉ាលីវុធ អនុប្រធានគណបក្សហ៊្វុនស៊ិនប៊ិច ប្រាប់សារព័ត៌មានថ្មីៗថា ព្រះសពសម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកដល់កម្ពុជា នៅម៉ោង១១ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១៕
 
 

Tag:
 សម្តេចក្រុមព្រះ​
© រក្សាសិទ្ធិដោយ thmeythmey.com