ជាតិ
ទិវា​​នំប្រពៃណីចាម្ប៍​ បង្ហាញ​ខ្លួន​​លើក​ដំបូងបង្អស់​​នៅ​កម្ពុជា
04, Dec 2021 , 12:39 pm        
រូបភាព
រូប​ផ្ដល់​ឱ្យ
រូប​ផ្ដល់​ឱ្យ
ភ្នំពេញ​៖ ទិវា​នំ​ប្រពៃណី​ចាម្ប៍​ នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​បង្អស់​ ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​វប្បធម៌​ ប្រពៃណី​របស់​ជន​ជាតិ​ចាម្ប៍​​។ នំ​ជា​ចម្បង​ក្នុង​ទិវា​នេះ គឺ​នំ ហៅប៉ាក់(នំផ្កា)​ ដែល​មាន​ក្បាច់​រហូត​ទៅ​ដល់​ជិត​៨០​ក្បាច់​។

 
លោក ពៀត ផល្លា ជា​សមាជិក​នៃ​ក្រុ​ម​យុវជន​ជន​ជាតិ​ចាម្ប៍ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា គោល​បំណង​សំខាន់​ ក្នុង​ការ​រៀប​ចំ​ទិវា​នេះ​ឡើង​ គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ទំនៀម​ទម្លាប់​ ប្រពៃណី និង​នំ​ជន​ជាតិ​ចាម្ប៍​។ ទិវា ក៏​ដើម្បី​បណ្ដុះ​ស្មារតីយុវជន​​ជន​ជាតិ​ចាម្ប៍ និង​យុវជន​សហគមន៍​ផ្សេង​ៗ​ទៀត មាន​ការ​សហគ្នា​ទៅ​វិញ​ទៅ​មក​។ 
 
យ៉ាង​ណា​ក៏​ដោយ លោក​ ផល្លា អះ​អាង​ថា ទិវា​នេះ​ក៏​ជា​ឱ្យ​កាស​ ដើម្បី​បង្ហាញ​ពី​ការ​រស់​នៅ​ដោយ​សុខដម​រមនីយកម្ម​នឹង​គ្នា និងអាច​​បង្ហាញ​ពីវប្បធម៌​ចម្រុះ​ ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ 


លោក ពៀត ផល្លា សមាជិកនៃក្រុមយុវជនជនជាតិចាម្ប៍ (រូប​ផ្ដល់​ឱ្យ)
 
«យើង​មាន​នំ​៥​ប្រភេទ​ រៀប​ក្នុង​ថាសតែ​មួយ​ ដោយ​រៀប​ជា​ក្បាច់​។ នំសំខាន់​ជាង​គេ​ គឺនំហៅប៉ាក់ (​នំ​ផ្កា) យើង​រៀប​ក្នុង​ថា​ស​ច្រើន​ជាង​គេ​។ នំ​នេះ​មាន​ក្បាច់​រហូត​ជិត​៨០​សិប​ក្បាច់ ប៉ុន្តែថ្ងៃ​នេះ​យើង​មិន​យក​ក្បាច់​មក​ទាំង​អស់​ទេ​។ ជា​ទូ​ទៅនំនេះ​យើង​​ធ្វើ​ឡើង​ សម្រាប់​​ប្រើ​ក្នុង​ពិធី​មង្គម​ផ្សេង​ៗ ដូច​ជា​ពិធី​មង្គល​ការ​ ពិធី​បុណ្យ​ផ្សេង​ៗ​ ឬ​ក៏​សម្រាប់​ទទួល​ទាន​ប្រចាំ​ថ្ងៃ»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ពៀត ផល្លា​។
 
ការ​​បង្ហាញ​នំ​ប្រពៃណី​ចាម្ប៍ចាម្ប៍​នេះ នឹង​មាន​ក្បួន​​​ដង្ហែនំ នៅ​ម៉ោង​៣​កន្លះ​រសៀល ដោយ​មាន​ស្គរ​កាណា(​ស្គរ​យីកេ) ប្រគំ​អម​ផង ​ដែល​​ធ្វើឡើង​តាម​ប្រពៃណី​របស់​ជន​ជាតិ​ចាម្ប៍​​​។ រីឯកម្ម​វិធីទាំង​មូ​ល នឹង​​ចាប់​ផ្ដើម​នៅ​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ​ នៅ​សារមន្ទីរ​ខ្លែង (ទុល​មុខ​រដ្ឋ​សភាព​ថ្មី)​ ដោយ​បញ្ចប់​នៅ​ម៉ោង​៦​ល្ងាច​។ ក្នុង​ទិវា​នេះ អ្នក​ចូល​រួម​អាច​ទទួល​ទាន​នំ​ប្រពៃណី​ចាម្ប៍​បាន​ ដោយ​មិន​គិត​ថ្លៃ​។ ​​​ 
 
តាម​ពិត​ទៅ ក្រុម​យុវជន​ជន​ជាតិ​ចាម្ប៍ បាន​គ្រោង​ធ្វើទិវា​នំ​ប្រពៃណី​ចាម្ប៍​ ​តាំង​ពី​ឆ្នាំ​២០២០​ម្ល៉េះ ប៉ុន្តែ​ដោយ​សារ​កូវីដ-១៩​ មាន​សភាព​ធ្ងន់​ធ្ងរ ពួក​គេ​​​ក៏​ផ្អាក​សិន​។ ដោយ​សារ​បច្ចុប្បន្ន​ ស្ថាន​ការ​ជំងឺ​រាត​ត្បាត​មាន​ភាព​ធូរ​ស្បើយ ទិវា​នេះ​ក៏​អាច​ប្រព្រឹត្ត​បាន​​។
 
លោក​ ពៀត ផល្លា បញ្ជាក់​ថា កម្ម​វិធីនេះ​​អាច​នឹង​ធ្វើ​រាល់​ឆ្នាំ ហើយ​អាច​នឹង​មាន​ការ​​បង្ហាញ​ច្រើន​ជាង​ឆ្នាំ​នេះ​​ ដូច​ជាបង្ហាញ​ពី​​មុខ​ម្ហូប​ សម្លៀក​បំពាក់​ និង​នំ​ដដែល​ ប៉ុន្តែមាន​ច្រើន​ប្រភេទ​ជាង​នេះ៕
 

ក្បួន​ដង្ហែនំ​ប្រពៃណី​ជន​ជាតិចាម្ប៍ (រូប​ផ្ដល់​ឱ្យ​)


នំប្រពៃណី​​ចាម្ប៍ (រូប​ផ្ដល់ឱ្យ​)

 

Tag:
 ប្រពៃណី​ចាម្ប៍​
  នំ​
  ចាម្ប៍​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com