ជាតិ
១១ខែ កម្ពុជារកចំណូលបានជាង១៥លានដុល្លារ ពីការលក់ស្លាកលេខពិសេស
04, Dec 2021 , 5:59 pm        
រូបភាព
ជំនួបរវាង លោកស្រី Mariam Sherman នាយិកាធនាគារពិភពលោក ប្រចកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាមួយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន។
ជំនួបរវាង លោកស្រី Mariam Sherman នាយិកាធនាគារពិភពលោក ប្រចកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាមួយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន។
ភ្នំពេញ៖ កម្ពុជាទទួលបានប្រាក់ចំណូលជាង ១៥លានដុល្លារ ពីការលក់ស្លាកលេខពិសេសផ្ទាល់ខ្លួន និងស្លាកលេខពិសេសរាជធានី-ខេត្ត ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២១។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជាលក់ស្លាកលេខពិសេសផ្ទាល់ខ្លួន និងស្លាកលេខពិសេសរាជធានី-ខេត្ត សរុបបានចំនួន ៣០ ១៦៦ស្លាក។

 
យោងតាមរបាយការណ៍របស់គណៈកម្មាការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ក្នុងរយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន លក់ស្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៤ ៨០២ស្លាក រកថវិកាបានជាង ៣,៤ម៉ឺនលានរៀល។ ចំណែកស្លាកលេខពិសេសរាជធានី-ខេត្តវិញ លក់បានចំនួន ២៥ ៣៦៤ស្លាក រកចំណូលបានជាង ២,៧ម៉ឺនលានរៀល។
 
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ការបង្កើតឱ្យមានលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ គឺដើម្បីបន្ថែមជម្រើសដល់ពលរដ្ឋ និងរកចំណូលជូនរដ្ឋ។ ស្លាកលេខនេះ មានតម្លៃចាប់ពី ២លានរៀល ដល់ ១ ពាន់លានរៀល ប៉ុន្តែសម្រាប់ការដេញថ្លៃស្លាកលេខពិសេស អាចមានតម្លៃខ្ពស់ជាងនេះ។ ម្យ៉ាងទៀត តម្លៃស្លាកលេខទាប ឬខ្ពស់ អាស្រ័យលើប្រភេទលេខ ឬតួអក្សរផងដែរ។
 
សូមជម្រាបផងដែរថា ស្លាកលេខចុះបញ្ជីពិសេសនេះ ជាស្លាកលេខដែលអាចដាក់ឈ្មោះ ជាអក្សរឡាតាំង ឬលេខ មិនលើសពី៨ខ្ទង់ ដោយផ្នែកខាងលើមានពាក្យកម្ពុជា និងផ្នែកខាងក្រោមមានពាក្យ Cambodia។ ចំណែកម្ចាស់យានយន្តក៏អាចរក្សាទុកស្លាកលេខនេះបានផងដែរ ពេលផ្ទេរកម្មសិទ្ធិរថយន្ត សម្រាប់ទុកប្រើជាមួយរថយន្តថ្មី៕
 

Tag:
 ThmeyThmey25
  ស្លាកលេខពិសេស
  ក្រសួងសាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com