ជាតិ
សត្វព្រៃ៤ប្រភេទ ដែលស្រឡាញ់ស្ម័គ្រស្មោះជាមួយដៃគូ និងគ្រួសារ
05, Dec 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ សត្វមានច្រើនប្រភេទនៅលើពិភពលោក។ សត្វគ្រប់ប្រភេទទាំងអស់ សុទ្ធសឹងមានគូ និងគ្រួសារតាមច្បាប់របស់ធម្មជាតិ។ ជាមួយគ្នានេះ មានប្រភេទសត្វខ្លះមានលក្ខណៈពិសេសប្លែកជាងសត្វដទៃទាក់ទងការស្រឡាញ់ ភាពស្ម័គ្រស្មោះចំពោះដៃគូ។ ក្នុងនោះមានសត្វទោច អក កេងកង ភេ ជាប្រភេទសត្វដែលត្រូវបានគេកក់ចំណាំ។

 
«សត្វទោច» នៅក្នុងប្រទេសកម្ពុជាមានពីរប្រភេទគឺ ទោចថ្ពាល់លឿង និងទោចម្កុដ។ ទោចតែងរស់នៅលក្ខណៈគ្រួសារ មិនរស់នៅជាសហគមន៍ដូចជា សត្វស្វាឡើយ។ សត្វប្រភេទនេះ ត្រូវបានចាត់ទុកជាសត្វដែលមានទំនាក់ទំនងច្បាស់លាស់ជាមួយដៃគូ ហើយពួកវាកម្រចោលគ្នា ទៅរកគូថ្មីណាស់។ ទោចមានអាយុជាមធ្យមពី ១៥ទៅ២០ឆ្នាំ ហើយពេញវ័យនៅចន្លោះអាយុ ៥ទៅ៧ឆ្នាំ។ ធម្មជាតិរបស់សត្វទោច ត្រូវបានអ្នកស្រាវជ្រាវកំណត់ថា ជាសត្វដែលរស់នៅតែក្នុងអាណាចក្រខ្លួន ហើយមិនទៅបៀតបៀនអាណាចក្រទោចផ្សេងៗឡើយ។
 
លោក រ័ត្ន ប៊ុនធឿន  មន្ត្រីរដ្ឋបាលព្រៃឈើ និងជាបុគ្គលិកដោះលែងសត្វរបស់អង្គការ សម្ព័ន្ធមិត្តសត្វព្រៃបានពន្យល់ដូច្នេះ៖ «តាមខ្ញុំធ្លាប់សិក្សាស្រាវជ្រាវកន្លងមក ប្រភេទសត្វនេះបើមានដៃគូ ពួកវានឹងកំណត់ដែន ឬអាណាចក្រក្នុងការរស់នៅ ហើយរស់នៅតែក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់វាប៉ុណ្ណោះ។ ឧទាហរណ៍ថា នៅលើភ្នំមួយមានទោចមួយគ្រួសារនោះ នឹងមិនមានគ្រួសារទោចផ្សេងទៀតមករស់នៅជិតទេ»។


កេងកងធំ រូបភាពដោយក្រសួងបរិស្ថាន
 
លោក ប៊ុនធឿន បន្ថែមថា ទោចមានលក្ខណៈពិសេសមួយ គឺនៅពេលកូនវាពេញវ័យ ជាធម្មជាតិសត្វប្រភេទនេះ តែងដេញកូនចេញពីអាណាចក្ររបស់ខ្លួន ឱ្យទៅរកដៃគូ ឬបង្កើតអាណាចក្រថ្មីមួយផ្សេងទៀតដោយខ្លួនឯង។ ជាមួយគ្នានេះ ក្នុងករណីដៃគូរបស់ពួកវាងាប់ សត្វទោចនឹងរស់នៅក្នុងទីតាំងនោះមិនទៅស្វែងរកដៃគូថ្មីទេ។ ភាគច្រើនពួកវា នឹងបន្តរស់ដោយសោកសៅរហូតដល់ស្លាប់ខ្លួននៅកន្លែងចាស់។
 
«សត្វកេងកង» ជាសត្វបក្សីដែលគេចាត់ទុកជាសត្វស្មោះស្នេហ៍ រហូតមានបទចម្រៀងតែង រៀបរាប់ពីស្នេហា និងភាពស្មោះស្ម័គ្រចំពោះគ្រួសាររបស់ពួកវាទៀតផង។ បើតាមលោក ភូគ ចាន់ណារិទ្ធ ជាអ្នកចិញ្ចឹមសត្វស្លាបនៅភ្នំតាម៉ៅ ចំពោះសត្វកេងកង ជាប្រភេទសត្វដែលស្រឡាញ់ដៃគូណាស់  ព្រោះយោងតាមបទពិសោធលោកជាអ្នកមើលថែ និងបង្កាត់ពូជសត្វប្រភេទនេះ សង្កេតឃើញថា ពួកវាចេះយល់អធ្យាស្រ័យរវាងគ្នា និងគ្នា។ លោក ភូគ ចាន់ណារិទ្ធ បន្តថា  ជាធម្មជាតិរបស់វា ពេលបក្សីញីត្រូវក្រាបពង ចំណែកឯបក្សីឈ្មោលត្រូវរកចំណីឱ្យសត្វញី ព្រោះសត្វញីត្រូវរក្សាសម្បុក និងមើលថែពង រហូតដល់កូនញាស់។ ជាមួយគ្នានេះ ប្រសិនបើមានករណី បាត់ឈ្មោលនៅក្នុងអំឡុងពេលសត្វញីក្រាបភ្ញាស់កូនរយៈពេល២៨ថ្ងៃ នោះសត្វប្រភេទនេះ នឹងចឹកបំបែកពងទាំងអស់ ហើយរម្លាយសម្បុកចោលហើរចាកចេញ។


សត្វទោចម្កុដរូបភាពដោយលោក ទ្រីស៊ីថេង
 
«សត្វភេ» ជាសត្វមួយប្រភេទ ដែលត្រូវបានគេសង្កេតឃើញថា ស្រឡាញ់ដៃគូ និងកូនរបស់វាណាស់ ។ រឿងមួយទៀតដែលគេកត់សម្គាល់ឃើញនោះគឺ សត្វប្រភេទនេះ ចេះរួមគ្នាមើលថែសុវត្ថិភាពគ្រួសារជាចម្បងទាំងញី និងឈ្មោល។ លោក ខាត់ ខ្វាវ ជាអ្នកមើលថែសត្វភេ នៅសួនសត្វភ្នំតាម៉ៅ បានពន្យល់ថា ភេស្រឡាញ់ដៃគូ និងកូនណាស់ ជាពិសេសពេលកូនៗនៅតូច។ ពួកវាផ្ដល់សេចក្តីស្រឡាញ់ឱ្យដៃគូទៅវិញទៅមក និងសាមគ្គីគ្នាថែរក្សាកូនដោយភាពកក់ក្តៅ និងក្ដីស្រឡាញ់។
 
«ខ្ញុំនិយាយបែបនេះ ប្រហែលមានអ្នកគិតថាជារឿងធម្មតា។ តែសត្វភេមានលក្ខណៈពិសេសត្រង់ថា ពេលកូនវាមិនទាន់ចេះហែលទឹក ពួកវាពាំកូនមួយមកលេងទឹក ហើយនៅឈរមើលកូនជាប់ជាប្រចាំ ព្រោះនៅឃ្លាំមើលខ្លាចកូនលង់ទឹក។ លុះកូនមួយរៀនលេងទឹកហើយ វាពាំកូននោះទៅទុក និងនាំកូនផ្សេងទៀតមកលេងបន្ដ។ វានឹងធ្វើយ៉ាងនេះរហូតគ្រប់កូនៗទាំងអស់។ លក្ខណៈពិសេសខុសគ្នាត្រង់នឹង»។ នេះជាបទពិសោធដែលលោក ខ្វាវ សង្កេតជាង១០ឆ្នាំលើសត្វភេ។


សត្វភេខ្លួនរលោង  រូបភាពដោយលោក ទ្រី ស៊ីថេង
 
«សត្វអក» ជាប្រភេទសត្វស្លាបដែលស្រឡាញ់ដៃគូ និងកូនៗមិនខុសពីសត្វទាំងបីប្រភេទខាងលើទេ។ លោក ភូគ ចាន់ណារិទ្ធ ជាអ្នកចិញ្ចឹមសត្វស្លាបនៅភ្នំតាម៉ៅ សង្កេតឃើញថា សត្វអកទាំង៧ប្រភេទរួមមានអកសមុទ្រ អកត្នោតខ្មៅដីសើម អកច្រើនពណ៌ អកត្រីក្បាលប្រផេះ អកពស់ព្រៃ និងអកត្រីធំ ជាសត្វនៅក្នុងអម្បូរតែមួយ។ លោកថា ប្រភេទអកចេះស្រឡាញ់ និងមើលថែគ្រួសារមិនចាញ់សត្វកេងកងឡើយ។ លោក ចាន់ណារិទ្ធ បន្ថែមថា ធម្មជាតិរបស់សត្វអកឈ្មោល និងញីសាមគ្គីគ្នាណាស់ក្នុងការរកចំណី ហើយនៅពេលដល់រដូវបន្តពូជ អកញីត្រូវនៅមើលថែសម្បុក និងកូន រង់ចាំសត្វឈ្មោលរកចំណីមកឱ្យ និងបញ្ចុកកូនផងដែរ។ សត្វប្រភេទនេះ តែងមានទំនួលខុសត្រូវផ្ដល់ក្ដីស្រឡាញ់គ្រប់ពេលជាមួយដៃគូ ហើយក្នុងជីវភាពរស់នៅសត្វនេះចេះយល់អធ្យាស្រ័យគ្នាណាស់ដែរ៕
 


Tag:
 សត្វព្រៃ
  ស្ម័គ្រស្មោះ
  ការពារគ្រួសារ
© រក្សាសិទ្ធិដោយ thmeythmey.com