ជាតិ
លោក ប៊ូ សារឿន បង្កើតយុទ្ធនាការប្រមូលកង់ ២០០គ្រឿង ជួយកុមារឱ្យងាយស្រួលធ្វើដំណើរទៅរៀន
05, Dec 2021 , 8:39 am        
រូបភាព
យុទ្ធនាការ កង ២០០ ដើម្បីជួយកុមារខ្វះខាតក្នុងខេត្តកំពង់ស្ពឺ។ រូបភាពពីលោក ប៊ូ សារឿន
យុទ្ធនាការ កង ២០០ ដើម្បីជួយកុមារខ្វះខាតក្នុងខេត្តកំពង់ស្ពឺ។ រូបភាពពីលោក ប៊ូ សារឿន
ភ្នំពេញ៖ យុទ្ធនាការកង់ ២០០គ្រឿង ជាគម្រោងដែលផ្តួចផ្តើមដោយ លោក ប៊ូ សារឿន តាំងពីឆ្នាំ២០១៧មកម្ល៉េះ ហើយឆ្នាំ២០២១នេះ កំពុងដំណើរការប្រមូលការបរិច្ចាគពីសប្បុរសជន។ ការបង្កើតយុទ្ធនាការនេះ ដើម្បីជួយសម្រួលកុមារក្រីក្រ ដែលមានផ្ទះឆ្ងាយពីសាលា និងគ្មានលទ្ធភាពទិញកង់ជិះទៅរៀន។ លោក សារឿន សង្ឃឹមថា យុទ្ធនាការនេះនឹងជួយឲ្យកុមារខ្វះខាតអាចបន្តការសិក្សាបានខ្ពស់ និងមានចំណេះដឹងសម្រាប់ធ្វើការងារល្អ។


 
បច្ចុប្បន្ន សិស្សមួយចំនួននៅតែធ្វើដំណើរទៅសាលារៀនដោយថ្មើរជើង។ ជាទូទៅសាលាបឋមសិក្សា មិនសូវឆ្ងាយពីផ្ទះឡើយ ប៉ុន្តែពេលរៀនដល់វិទ្យាល័យ សាលាខ្លះនៅឆ្ងាយពីផ្ទះសិស្សរាប់គីឡូម៉ែត្រ ដែលជាផលពិបាកក្នុងការធ្វើដំណើរទៅរៀន។ អាណាព្យាបាលសិស្សខ្លះ មានលទ្ធភាពទិញកង់ ឬម៉ូតូជិះទៅសាលា តែសិស្សខ្លះគ្មានលទ្ធភាព ក៏បានសម្រេចចិត្តបោះបង់ការសិក្សា។ ក្រោយសង្កេតឃើញការលំបាកទាំងនេះ លោក ប៊ូ សារឿន មន្រ្តីធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានបង្កើតយុទ្ធនាការកង់ ២០០គ្រឿង ក្នុងពាក្យស្លោក «ការបរិច្ចាគបន្តិចបន្តួចរបស់បងប្អូន នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ពួកគាត់ ដើម្បីរៀនសូត្រខ្ពង់ខ្ពស់ និងមានអនាគតប្រសើរ!»។
 
ក្រោយពីយល់ការលំបាករបស់ក្មេងជំនាន់ក្រោយ លោក ប៊ូ សារឿន អ្នកផ្តួចផ្តើមយុទ្ធនាការកង់ ២០០គ្រឿង លើកឡើងថា ការលំបាកក្មួយៗ ដែលត្រូវងើបពីព្រឹក រត់ទៅសាលា សុទ្ធតែជាអ្វីដែលលោកធ្លាប់ឆ្លងកាត់។ ដូច្នេះយុទ្ធនាការនេះ នឹងជួយឲ្យកុមារក្រីក្រមានកង់ជិះទៅសាលា មិនបោះបង់ការសិក្សា និងជួយសម្រាលបន្ទុកឪពុកម្តាយ។ ពិសេស លោកចង់ឃើញពួកគេបានរៀនខ្ពង់ខ្ពស់ ហើយមានការងារល្អ រួចផុតពីភាពក្រលំបាក។


កង់ ពីយុទ្ធនាការចែកជូនសិស្សានុសិស្ស នៅឆ្នាំ២០១៩។ រូបភាពពីលោក ប៊ូ សារឿន 
 
លោក ប៊ូ សារឿន សង្កេតឃើញថា សិស្សដែលរៀនចប់ថ្នាក់បឋមសិក្សា ហើយបន្តទៅអនុវិទ្យាល័យ ផ្ទះរបស់ពួកគេឆ្ងាយពីសាលា ប៉ុន្តែពេលបន្តទៅថ្នាក់វិទ្យាល័យ គឺកាន់តែឆ្ងាយទៀត។  ដូច្នេះ សិស្សជាច្រើនប្រឈមនឹងការបោះបង់ការសិក្សា។ បុរសវ័យ ៥៨ឆ្នាំរូបនេះ បានបញ្ជាក់ថា៖« ពេលខ្ញុំទៅជួបនាយកសាលា គាត់បានឲ្យដឹងថា សិស្សជាច្រើនបានបោះការសិក្សា ដោយសារសាលាឆ្ងាយពីផ្ទះ។ ពេលខ្ញុំទៅជួបសិស្សផ្ទាល់ គាត់ថាឆ្នាំដែលចូលរៀនវិញ គាត់នឹងបោះបង់ហើយ តែពេលមានយុទ្ធនាការកង់ពួកយើង ក៏បានទាក់ទងនៅនាយកដើម្បីរៀនវិញ»។
 
យុទ្ធនាការ ២០០កង់ លោក ប៊ូ សារឿន បានចាប់ផ្តើមប្រមូលកង់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ដាច់ឆ្នាំ២០២១នេះ។ កង់ទាំង២០០គ្រឿង នឹងចែកជូនកុមារក្រីក្រ ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងខែមករា ឆ្នាំ២០២២ ខាងមុខ ដោយផ្តោតលើកុមារខ្វះខាត និងមានផ្ទះឆ្ងាយពីសាលា។ យុទ្ធនាការនេះ នឹងដំណើរការពេញមួយខែមករា។ លោក បានបែងចែកជា៤ដំណាក់កាល ដោយចែកម្តង ៥០គ្រឿង។ ចំពោះ សប្បុរសជនដែលមានបំណងបរិច្ចាគថវិកា ឬកង់ ដើម្បីជួយកុមារអាចទំនាក់ទំនងតាមលេខទូរសព្ទ ០១២ ៤១៤ ០៨៨៕


កុមារបានទទួលកង់ ពីយុទ្ធនាការកង់ ២០០គ្រឿង នៅឆ្នាំ២០១៩។ 
 

កុមារបានទទួលកង់ ពីយុទ្ធនាការកង់ ២០០គ្រឿង នៅឆ្នាំ២០១៩។ .រូបភាពពីលោក ប៊ូ សារឿន


កុមារបានទទួលកង់ ពីយុទ្ធនាការកង់ ២០០គ្រឿង នៅឆ្នាំ២០១៩។ រូបភាពពីលោក ប៊ូ សារឿន  


កុមារបានទទួលកង់ ពីយុទ្ធនាការកង់ ២០០គ្រឿង នៅឆ្នាំ២០១៩។ រូបភាពពីលោក ប៊ូ សារឿន 


កុមារបានទទួលកង់ ពីយុទ្ធនាការកង់ ២០០គ្រឿង នៅឆ្នាំ២០១៩។ រូបភាពពីលោក ប៊ូ សារឿន

 

Tag:
 យុទ្ធនាការ ២០០កង់
© រក្សាសិទ្ធិដោយ thmeythmey.com