ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី ឈិន សុភា៖ «ទោះលំបាកប៉ុនណា តែបេះដូងគ្រូបង្រៀន ត្រូវតែតស៊ូ ដើម្បីគុណភាពការសិក្សា»
05, Dec 2021 , 9:59 am        
រូបភាព
អ្នកស្រី ឈិន សុភា ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងមន្ទីអប់រំខេត្តបាត់ដំបង
អ្នកស្រី ឈិន សុភា ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងមន្ទីអប់រំខេត្តបាត់ដំបង
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ជិត២ឆ្នាំហើយ ដែលវិស័យអប់រំ ទាំងរដ្ឋ និងឯកជន រងផលប៉ះពាល់ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ពិសេសផ្នែកអប់រំឯកជន។ សាលារៀនជាច្រើនបន្តបិទទ្វារ រីឯបុគ្គលិកបាត់បង់ឱកាសការងារ តែសាលារៀនមួយចំនួន អាចឈរជើងបានដោយការបត់បែនយ៉ាងខ្លាំងជាមួយកម្មវិធីសិក្សាពីចម្ងាយឱ្យមានប្រសិទ្ធភាពទៅកាន់សិស្សានុសិស្ស។ អ្នកស្រី ឈិន សុភា នាយិកាសាលារៀនវ៉េស្ទឡាញន៍ចំការសំរោងខេត្តបាត់ដំបង ដែលមានបទពិសោធជិត២០ឆ្នាំក្នុងវិស័យនេះ បានបង្ហាញឆន្ទៈក្នុងនាមជាអ្នកអប់រំដូច្នេះ៖ «ទោះបីជួបការលំបាកប៉ុនណាក្តី តែបេះដូងអ្នកអប់រំ នឹងតស៊ូទៅមុខទៀត តាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន និងរបៀបសិក្សាក្នុងគន្លងថ្មីរបស់សិស្ស»។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង អ្នកស្រី ឈិន សុភា ដូចតទៅ៖

 

 
អ្នកស្រី ឈិន សុភា ជានាយិកាសាលារៀន វ៉េស្ទឡាញន៍សាខាទី១១ ចំការសំរោងខេត្តបាត់ដំបង ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប ដែលមានបុគ្គលិកបម្រើការងារជិត១០០នាក់ មានទាំងជនជាតិខ្មែរ និងជនជាតិបរទេស។ ជិត២ឆ្នាំហើយដែលសាលារៀនវ័យឆ្លាតមួយនេះ បានឈរជើងលើទឹកដីខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់អ្នកស្រីផ្ទាល់។


អ្នកស្រី ឈិន សុភា និងសហការី សាលារៀនវ៉េសឡាញន៍សាខាខេត្តបាត់ដំបង
 
ដើម្បីវិស័យអប់រំ នាយិការូបនេះ សុខចិត្តឃ្លាតឆ្ងាយពីស្វាមី និងកូនស្រីទាំងពីរនាក់របស់ខ្លួន ដោយបានជម្នះឧបសគ្គមួយចំនួន ក្នុងអាជីពកាងារបច្ចុប្បន្ន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» ស្រ្តីវ័យ ៤០ឆ្នាំរូបនេះ បានប្រាប់ឱ្យដឹងថា៖ «ឆ្លងកាត់វិបត្តិកូវីដជិត២ឆ្នាំនេះ ទទួលស្គាល់ថា សតិអារម្មណ៍របស់លោកគ្រូ អ្នកគ្រូ ក៏ប៉ះពាល់ដែរ គឺពួកយើងត្រូវធ្វើការគុណជាពីរ ហើយរត់ជាមួយចំណេះដឹងបច្ចេកវិទ្យាខ្លាំងណាស់ និងធ្វើការជិតស្និទ្ធ ចាំប្រឹក្សា និងសកម្មភាពប្រចាំថ្ងៃជាច្រើនទៀត ជាមួយសិស្ស ក៏ដូចជាអាណាព្យាបាល ប៉ុន្តែដោយសារលទ្ធភាពសាលាបានរងគ្រោះ យើងសម្រេចចិត្តទទួលយកប្រាក់ខែ តែពាក់កណ្តាលនៃពេលមុន»។


អ្នកស្រី ឈិន សុភា នាយិកាសាលារៀនវ៉េស្ទឡាញន៍ ខេត្តបាត់ដំបង
 
បើតាមអ្នកស្រី ឈិន សុភា អ្នកធ្វើក្នុងវិស័យអប់រំ ទាមទារមានក្តីស្រឡាញ់ធំធេងណាស់ និងមានចក្ខុវិស័យវែងឆ្ងាយ គិតគូរពីអនាគតធនធានមនុស្សដែលនៅក្នុងដៃ ឬជំហរស្ថាប័នជារឿងចាំបាច់បំផុត មិនមែនធ្វើទៅ ព្រោះគិតពីផលចំណេញរបស់សាលារៀនជាធំទេ។  ក្រោយពីមានស្ថានភាពប្រសើរក្នុងវិស័យនេះ  នាយិការូបនេះ បានបង្ហាញពីឆន្ទៈ ដើម្បីពង្រឹងនូវគុណភាពអប់រំផ្នែកឯកជន ដោយត្រូវយកចិត្តទុកដាក់ចំពោះការពង្រឹងបន្ថែមលើសមត្ថភាពគ្រូបង្រៀនគ្រប់កម្រិត។ ទន្ទឹមនេះ សាលារៀននឹងពង្រឹងលើគុណភាពអប់រំទៅកាន់សិស្សានុសិស្ស តាមរយៈវេទិកាសម្បូរបែប ប្រព័ន្ធបច្ចេកវិទ្យាពីចម្ងាយ Zoom និងការមកសិក្សាដោយផ្ទាល់ផងដែរ។
 
ជាមួយគ្នានេះ សាលាក៏បានរៀបចំប្រព័ន្ធទំនាក់ទំនងជាមួយអ្នកអាណាព្យាបាល ដើម្បីរំលឹកនូវការសិក្សារបស់បុត្រធីតាពួកគាត់។ លើសពីនេះគឺ កម្មវិធីវាយតម្លៃការសិក្សារបស់សិស្សានុសិស្ស ទៅតាមការប្រឡងប្រចាំខែ ឆ្នាំ ដែលជាកម្មវិធីដើរដោយប្រព័ន្ធស្វ័យប្រវត្តិ។ល។ អ្វីដែលសំខាន់ សាលាបានបន្តអនុវត្តន៍នូវវិធានការ បីកុំ បីការពារផងដែរ។
 
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង បានផ្តល់អាហារូបករណ៍ចាប់ពី៣០ភាគរយ ដល់១០០ភាគរយ ចំនួន៣០០កន្លែង ដើម្បីសម្រាលបន្ទុកចំណាយរបស់អាណាព្យាបាលសិស្ស និងផ្តល់ឱកាសដល់សិស្សានុសិស្សឱ្យបានមករៀនជាមួយសាលាដែលមានការអប់រំប្រកបដោយស្តង់ដារខ្ពស់៕
 
 

Tag:
 SME
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com