ជាតិ
​ចូលរួមការពារភពផែនដី ដោយការបដិសេធ​ប្លាស្ទិក ​សន្សំថាមពល ការពារធនធាន​ធម្មជាតិ និ​ង​ព្រៃឈើ
05, Dec 2021 , 11:30 am        
រូបភាព
ភ្នំពេញ៖ សំរាម កំពុងក្លាយជាបញ្ហាចោទមួយសម្រាប់ប្រទេសនានា និងកម្ពុជា។ វាកំពុងបំពុលបរិស្ថានយ៉ាងខ្លាំង។ កាកសំណល់ពីការរស់នៅប្រចាំថ្ងៃរបស់មនុស្ស កើនឡើងជារៀងរាល់ថ្ងៃ ជាពិសេសការប្រើប្រាស់ថង់ប្លាស្ទិក។ ដូច្នេះដើម្បីការពារផែនដី និងបរិស្ថានក្នុងសហគមន៍ ឲ្យមានផាសុកភាពសម្រាប់ភាវរស់ទាំងអស់ ពលរដ្ឋគួរតែបែងចែកសំណល់ បដិសេធប្លាស្ទិក សន្សំសំចៃថាមពល ការពារទឹកធម្មជាតិ ការពាររុក្ខជាតិ និងព្រៃឈើ  និងគោរពសត្វ។

 
កំណើននៃការប្រើប្រាស់ថង់ប្លាស្ទិក កើនឡើងឥតឈប់ឈរ តំាងពីពេលនាំចូលប្លាស្ទិកមក ប្រទេសកម្ពុជាជាង២៦ឆ្នាំមុន។ ការប្តូរទម្លាប់មកប្រើប្លាស្ទិកនេះ ជាសញ្ញាអវិជ្ជមានមួយសម្រាប់បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងជីវិតរបស់ភាវរស់ជាច្រើនផងដែរ។ សំរាម តាមដងផ្លូវ ប្រឡាយ ផ្សារ និងតាមរមណីយដ្ឋាននានា ក៏បានជះក្លិនមិនល្អ ប៉ះពាល់សុខភាព និងធ្វើឲ្យបាត់បង់សោភ័ណភាពដែរ។ ដូច្នេះ ដើម្បីរពារសុខភាពភពផែនដី បរិស្ថាន និងជីវិតភាវរស់ជាច្រើនទៀត មនុស្សគួរយល់ដឹងពីការបែងចែកសំរាម ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ប្លាស្ទិក។ 
 
បើតាមសៀវភៅ ខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណងថា «បរិស្ថានយើង» ការបែងចែកសំណល់ ការបដិសេធថង់ប្លាស្ទិក គឺជាសកម្មចូលរួមប្រយុទ្ធនឹងការបំពុលទាំងឡាយ ដើម្បីការពារផែនដី។ ដបទឹក កំប៉ុងស្រាបៀរ ឬកំប៉ុងទឹកផ្លែឈើសម្ភារៈ ជាសំណល់លោហៈធាតុអាចលក់បាន ដែលត្រូវ​ជ្រើសរើសចេញពីគ្នា លើកលែងតែក្រដាសខូច សំណល់ចំណីអាហារ និងថង់ប្លាស្ទិក។ សំណល់ទាំងនេះ ត្រូវដាក់ដោយឡែកពីគ្នា ដើម្បីងាយស្រួលក្នុងការកែច្នៃ។
 
ពលរដ្ឋ មិនត្រូវដុតថង់ប្លាស្ទិកឡើយ ព្រោះវានឹងបំពុលអាកាសខ្លាំង។ ពលរដ្ឋត្រូវបោះចោលថង់ប្លាស្ទិកទាំងនោះ នៅកន្លែងចោលសំរាម ឬក្នុងធុងសំរាម។ ចំពោះសំណល់ផ្លែឈើ និងបន្លែ ត្រូវទុកនៅកន្លែងណាមួយ រួចឲ្យវារលួយ ដើម្បីធ្វើជីធម្មជាតិ។ 
 
យើងត្រូវនិយាយថា «ទេ» ចំពោះថង់ប្លាស្ទិក ហើយងាកមកប្រើថង់បរិស្ថានវិញ ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ សម្រាប់ការវេចខ្ចប់អាហារ យើងអាចប្រើស្លឹកឈូក ឬស្លឹកចេញជំនួសវិញ  ព្រោះវានឹងមិនប៉ះពាល់បរិស្ថានឡើយ។ ការសន្សំសំចៃថាមពលអគ្គិសនី ក៏ជាសកម្មភាពការពារផែនដីមួយផងដែរ។ ពេលចេញពីគេហដ្ឋាន ឬបន្ទប់ យើងត្រូវបិទភ្លើង ឬបរិក្ខារអគ្គិសនីទាំងឡាយ។ លើសពីនេះ យើងត្រូវជូតអំពូលឲ្យញឹកញាប់ ដើម្បីកុំឲ្យធូលីទប់ពន្លឺអំពូល និងត្រូវប្រើអំពូលភ្លើងណា ដែលស៊ីភ្លើងតិច។ 
 
ការពារទឹកធម្មជាតិ ជាសកម្មភាពដ៏ចាំបាច់មួយ ដែលយើងគ្រប់គ្នាគួរយល់ដឹង ព្រោះជីវចម្រុះជាច្រើនប្រភេទ ពឹងអាស្រ័យទៅលើទឹក។ យើងមិនត្រូវបោះថង់ប្លាស្ទិក អំបែងកែវ សំបកកំប៉ុង  និងដប នៅក្បែរមាត់ទឹកឡើយ។ វានឹងបំពុលខ្លាំងទឹក និងប៉ះពាល់ជីវៈចម្រុះដែលនៅរស់នៅក្នុងទឹក។ រៀងរាល់ឆ្នាំ សំណល់រាប់លានតោនរបស់ពិភពលោក ត្រូវបានបោះចោលក្នុងទន្លេ និងសមុទ្រ។ សំណល់ភាគច្រើន ធ្លាក់ចុះទៅក្នុងបាតសមុទ្រ ហើយសំណល់ផ្សេងទៀត រសាត់មកបំពុលឆ្នេរ។ 
 
ក្រៅពីនេះ ការការពាររុក្ខជាតិ និងព្រៃឈើ ក៏ជាភារកិច្ចចាំបាច់របស់យើងគ្រប់គ្នាដែរ។ ដូច្នេះនៅពេលយើងធ្វើដំណើរកម្សាន្ត នៅក្នុងរមណីយដ្ឋានទេសចរណ៍ណាមួយ យើងមិនត្រូវបេះបោច ធ្វើឲ្យបាក់មែកឈើ ឬដើរជាន់ផ្កា និងកូនឈើតូចៗ ដើម្បីកុំឲ្យខូចលំនឹងប្រព័ន្ធអេកូឡូស៊ី។ ជាពិសេស យើងមិនត្រូវចារឈ្មោះរបស់ខ្លួន នៅលើសំបកឈើឡើយ ព្រោះស្នាមចារនោះធ្វើឱ្យប៉ារ៉ាស៊ីត ចូលក្នុងដើមរុក្ខជាតិបាន។ មិនត្រូវចោលដបកែវ ចូលក្នុងព្រៃឡើយ ព្រោះក្រោមឥទ្ធិពលនៃព្រះអាទិត្យ ដបទាំងនោះអាចបង្កជាភ្លើងឆេះព្រៃបាន។ 
 
គោរពសត្វ គឺជាការគោរពជីវិតរបស់ភាវរស់ ដោយមិនប៉ះពាល់ ឬរុកកួនជីវិតសត្វទាំងនោះ។ ពេលធ្វើដំណើរក្នុងព្រៃ យើងមិនត្រូវប៉ះពាល់សំបុក ឬស៊ុតបក្សីឡើយ ហើយត្រូវរក្សាភាពស្ងៀមស្ងាត់ ដើម្បីកុំឲ្យរំខានសត្វព្រៃ៕

Tag:
 ប្លាស្ទិក
 ថាមពល
 សំរាម
  អង្គការស៊ីប៉ា
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com