អត្ថបទពាណិជ្ជកម្ម
ពិតជាអស្ចារ្យណាស់! លោកជំទាវ ជា សិរី សរសើរ KHQR Code របស់ធនាគារអេស៊ីលីដាទូទាត់បានយ៉ាងទូលំទូលាយតាមហាងនានានៅប្រទេសថៃ
05, Dec 2021 , 12:53 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ពិតជារឿងមួយដ៏គួរឱ្យមានមោទកភាព ដែល KHQR Code របស់ធនាគារអេស៊ីលីដាអាចទូទាត់បានយ៉ាងទូលំទូលាយនៅបណ្តាប្រទេសនានា។ ថ្មីៗនេះលោកជំទាវ ជា សិរី ដែលជាឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ក្នុងអំឡុងពេលដែលលោកជំទាវបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសថៃ លោកជំទាវបានសរសើរចំពោះ KHQR Code របស់ធនាគាអេស៊ីលីដា ដែលអាចធ្វើការទូទាត់បានយ៉ាងទូលំទូលាយនៅប្រទេសថៃ។
 
លោកជំទាវ ជា សិរី បានសរសេរសរសើរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកជំទាវថា៖«ទីបំផុតបានសាកចាយលុយដោយប្រើ QR កូដ នៅប្រទេសថៃ ដោយប្រើ app ធនាគារ ACLEDA ។ បច្ចុប្បន្ន មានតែអ្នកប្រើ app ACLEDA ទេ ដែលអាចចាយបានជាមួយអ្នកលក់ដែលប្រើធនាគារ SCB ថៃ»។
 
លោកជំទាវ បានសរសេរបន្តទៀតថា៖«ឆ្នាំក្រោយ នាពេលគ្រឹះស្ថានធនាគារ ទាំង២ប្រទេស ធ្វើបច្ចុប្បន្នកម្មប្រព័ន្ធព័ត៌មានវិទ្យារួចរាល់អ្នកប្រើប្រាស់ app ធនាគារនៅស្រុកខ្មែរ នឹងអាចចាយតាមគ្រប់អ្នកលក់ដែលប្រើធនាគារក្នុងស្រុកថៃ។ អគុណចំពោះការគាំទ្ររបស់ធនាគារកណ្តាលថៃ»។
 
ធនាគារ អេស៊ីលីដា ភីអិលស៊ី «ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» គឺជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជាបានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាម KHQR Code ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ។


 
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា៖ « តាមរយៈការស្កែត KHQR Code នេះ ជាមួយនឹងអេស៊ីលីដាម៉ូបាល អ្នកប្រើប្រាស់មិនត្រឹមតែធ្វើការទូទាត់បាននូវទូទាំងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្កែន KHQR Code នេះ សម្រាប់ការទូទាត់នៅក្រៅប្រទេស ដូចជាប្រទេសថៃជាដើម។ ហើយក៏អាចស្កែនជាមួយ Visa QR Code ជាអន្តរជាតិផងដែរ។
 
លោកស្រី សុខ សោភា បានថ្លែងបញ្ជាក់ទៀតថា៖«ខ្ញុំក៏ចង់បញ្ជាក់ជូនដែរតាមរយៈ អេស៊ីលីដាម៉ូបាល និង អេស៊ីលីដា QR នេះ គឺសព្វថ្ងៃនេះយើងអាចស្កែនបាននៅប្រទេសថៃ គឺយើងអាចស្កែនទៅវិញទៅមកបាននិងចាយជាលុយរៀល និងមួយទៀតគឺយើងអាចស្កែនបានជាមួយ Visa QR  និង Master QR ជាលក្ខណះអន្តរជាតិតែម្តង។ អ៊ីចឹងមានតែអេស៊ីលីដាម៉ូបាលមួយ គឺគ្រប់គ្រាន់ក្នុងការធ្វើដំណើរជុំវិញសកលលោកដោយរីករាយ»។
 
សម្រាប់អតិថិជននៅធនាគារ ឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Code របស់អេស៊ីលីដា ដែលជាស្តង់ដារឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕
 


© រក្សាសិទ្ធិដោយ thmeythmey.com