ជាតិ
គ្រូបង្រៀននៅខេត្ត​ព្រះសីហនុ ឡាយ ប៉ូ ចែក​អាហារដល់សិស្ស ដើម្បី​ជាគំរូល្អដល់សិស្ស និងគ្រូដទៃ
05, Dec 2021 , 7:29 pm        
រូបភាព
ភ្នំពេញ៖ លោក ឡាយ ប៉ូ ជាគ្រូមុខវិជ្ជាភាសាខ្មែរម្នាក់ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីហនុ។ លោកគ្រូ​ ប៉ូ ចាត់ទុកសិស្សដូចជាកូនរបស់ខ្លួន ព្រោះបន្ទាប់ពីឪពុកម្តាយដែលផ្តល់កំណើត គឺលោកគ្រូអ្នកគ្រូ ជាអាណាព្យាបាលទី២ ដែលផ្តល់ចំណេះដឹង។ ទឹកចិត្តស្រឡាញ់កូនសិស្ស បានធ្វើឱ្យលោក ហ៊ានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីទិញអាហារឱ្យសិស្សដូចជា ទឹកដោះគោ នំបុ័ង និងស្ករគ្រាប់ជាដើម។ លោក ឡាយ ប៉ូ ដែលចាប់អាជីពជាគ្រូបង្រៀនអស់រយៈពេល ១៨ឆ្នាំមកនេះ សង្ឃឹមថា កូនសិស្សនឹងខិតខំរៀនសូត្រ ជាពិសេស នឹងយកគំរូល្អតាមលោកផងដែរ។

 
លោកគ្រូអ្នកគ្រូ មានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ណែនាំ និងបង្ហាត់បង្រៀនដល់សិស្សានុសិស្ស។ ធនធានមនុស្ស ដែលបានរៀនខ្ពង់ខ្ពស់ទាំងអស់ គឺសុទ្ធតែត្រូវឆ្លងកាត់ការបណ្តុះបណ្តាលពីគ្រូគ្រប់កម្រិត។ ក្រៅពីនេះ លោកគ្រូអ្នកគ្រូ ក៏ជាតួអង្គដ៏សំខាន់សម្រាប់កូនសិស្សយកតម្រាប់តាមផងដែរ។ ក្នុងន័យនេះ ទើបលោកគ្រូ ឡាយ ប៉ូ ព្យាយាមធ្វើសកម្មភាពល្អៗ និងចាត់ទុកសិស្សដូចជាកូន ដើម្បីបំពេញតួនាទីជាអាណាព្យាបាលទី២។
 
លោកគ្រូ ឡាយ ប៉ូ ​បានដកថវិកាផ្ទាល់ខ្លួន ២ម៉ឺនរៀលរាល់ខែ ដើម្បីសន្សំទុកទិញទឹកដោះគោ និងនំបុ័ង ចែកឱ្យសិស្ស ដែលលោកគ្រូបង្រៀន គឺថ្នាក់ទី១០ និងថ្នាក់ទី១២។ លោកគ្រូ បានប្រាប់សារព័ត៌មានថ្មីៗ២៥ឲ្យដឹងថា៖ «មូលហេតុដែលខ្ញុំធ្វើបែបនេះ ព្រោះខ្ញុំចាត់ទុកសិស្សដូចកូនអ៊ីចឹង ដូច្នេះមានតិចក្តីច្រើនក្តី ក៏គួរចែករំលែកឱ្យសិស្សដើម្បីគាត់រីករាយ»។


លោកគ្រូ ឡាយ ប៉ូ ចាក់ទឹកដោះគោឱ្យសិស្ស នៅវិទ្យាល័យហ៊ុន សែន វាលរេញ។ រូបភាពពី លោក ឡាយ ប៉ូ 
 
ក្រៅពីនេះ គ្រូ​បង្រៀនរូបនេះ ចង់ធ្វើជាគំរូដល់លោកគ្រូអ្នកគ្រូផ្សេងទៀត ឱ្យមានចិត្តស្រឡាញ់ និងចាត់ទុកសិស្សដូចកូនដែរ។ លោកគ្រូ ឡាយ ប៉ូ ចង់កែប្រែគំនិតគ្រូមួយចំនួន ដែលតែងយកផលប្រយោជន៍ពីសិស្ស ឱ្យក្លាយជាការខិតខំចែករំលែកដល់សិស្សវិញ។ លោក ​បន្ថែមថា យើងអាចប្រជែងគ្នាធ្វើអំពើល្អ ក្នុងនាមជាមាតាបិតាទី២ ពិតប្រាកដសម្រាប់សិស្ស។
 
គ្រូបង្រៀនមុខវិជ្ជាភាសាខ្មែររូបនេះ តែងចែកអាហារឱ្យសិស្សបរិភោគ គ្រប់ពេលមានកម្មវិធីបុណ្យជាតិដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក និងចុងឆ្នាំសិក្សា ដោយចំណាយម្តងប្រមាណ ៥ម៉ឺនរៀល។ លោកគ្រូវ័យ៤១ឆ្នាំរូបនេះ បានលើកឡើងថា៖ «ការដកលុយ២ម៉ឺនរៀល ពីប្រាក់ខែរបស់ខ្លួន វាមិនច្រើនណាស់ណាឡើយ ព្រោះមិនមែនទិញឱ្យសិស្សរាល់ថ្ងៃទេ។ ម្យ៉ាង ខ្ញុំ​ស្រឡាញ់ការចែករំលែកនេះ ដែលវាជាចំណែកជួយបណ្តុះគំនិតសិស្សឱ្យចេះចែករំលែក»។
 
រយៈពេល ១៨ឆ្នាំក្នុងអាជីពជា​គ្រូ​បង្រៀន បាន​ធ្វើឱ្យលោក ឡាយ ប៉ូ យល់កាន់តែស៊ីជម្រៅពីអត្ថន័យ ក្នុងនាមជាគ្រូបង្រៀន ដែលមានតួនាទីយ៉ាងសំខាន់សម្រាប់ សិស្សានុសិស្សរាប់ពាន់នាក់។ លោកគ្រូ ប៉ូ យល់ថា គ្រូបង្រៀនជាមនុស្សម្នាក់ ដែលមានសមត្ថភាពបង្រៀនសិស្ស និងជាមនុស្សប្រកបដោយសីលធម៌ អាចធ្វើជាគំរូដល់សិស្សដើរផ្លូវល្អ។ ដោយ​ឡែក​ ឪពុកម្តាយ ជាអ្នកបង្កើតរាង្គកាយ ចំណែកលោកគ្រូអ្នកគ្រូ ជាអ្នកបណ្តុះចំណេះដឹង ជាពិសេសសីលធម៌ផងដែរ៕
 

Tag:
 ឡាយ ប៉ូ
  ទឹកចិត្តគ្រូ
© រក្សាសិទ្ធិដោយ thmeythmey.com