ជាតិ
សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន កើនជិត ៩ពាន់លានដុល្លារ ក្នុង​រយៈពេល១០ខែ ឆ្នាំ២០២១
05, Dec 2021 , 8:29 pm        
រូបភាព
ភ្នំពេញ៖ គិតត្រឹម១០ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន កើនរហូតដល់ ៨៩៣១លានដុល្លារ គឺមានកំណើន ៣៨.៥៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 
ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចេញផ្សាយលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២ ធ្នូថា គិតចាប់ពីខែមករាដល់ខែតុលា ក្នុងឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិន កើនដល់ ៨៩៣១លានដុល្លារ។ ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានប្រមាណ ១២២២លានដុល្លារ គឺមានកំណើន៤៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ចំណែក ទំហំនៃការនាំចូលពីប្រទេសចិនមកកាន់កម្ពុជាវិញ មានប្រមាណ ៧៧០៩លានដុល្លារ គឺមានកំណើន ៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
 
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិននៅតែមានកំណើនកើនឡើង ទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ។ លោកបន្ថែមថា៖«ការកើនឡើងនេះ បង្ហាញឱ្យឃើញពីភាពខ្លាំងក្លា និងឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ»។  
 
សូមជម្រាបថា កម្ពុជានិង​ចិន បាន​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី (ATF) ​កាលពី​ថ្ងៃទី១២តុលា ឆ្នាំ២០២០ ហើយនឹងចូលជា​ធរមាន​នៅ​ខែមករា ឆ្នាំ២០២២៕
 

Tag:
 កម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com