ជាតិ
លោក ធិប ប៊ុនធី យកស្លឹកចេក ​និងផ្កា កាច់ក្បាច់ជារូបនាគ ហង្ស និងគ្រឿងតាំងលម្អ
05, Dec 2021 , 9:29 pm        
រូបភាព
ដោយ:
លោក ធិប ប៊ុនធី បានប្រឹងប្រែងថែរក្សា និងបន្តច្នៃប្រឌិត ទម្រង់សិល្បៈកាច់ក្បាច់ ដោយយកស្លឹកចេក  ស្លឹកឈើ និងផ្កាផ្សេងៗ កាច់ជារូបនាគ ហង្ស និងគ្រឿងតាំងលម្អ ក្នុងធ្វើពិធីបុណ្យ មង្គលការ និងកម្មវិធីផ្សេងៗទៀត។ សិល្បៈប្រភេទនេះ បានទទួលការចាប់អារម្មណ៍ពីពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្ដាញសង្គម។ 

 
សិល្បៈនៅក្នុងប្រទេសកម្ពុជា មានច្រើនទម្រង់ និងខុសប្លែកទៅតាមបែបបទផ្សេងៗគ្នា។ ក្នុងនោះសិល្បៈកាច់ផ្កា ឬស្លឹកចេញជារូបភាព និងទម្រង់ផ្សេងៗតាមក្បាច់ និងការរចនាប្លែកៗ កម្រមានអ្នកស្គាល់ណាស់។ មួយវិញទៀត នៅកម្ពុជាកម្រមានអ្នកចេះ និងមិនសូវមានអ្នកប្រកបរបរបែបនេះឡើយ។  
 
លោក ធិប ប៊ុនធី រស់នៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាអ្នកតុបតែង និងរចនារូប កាច់ដោយដៃតាមកម្មវិធីនានា រយៈពេលជាង១០ឆ្នាំមកហើយ។​ បុរសវ័យ៤២ឆ្នាំរូបនេះ លើកឡើងថា ជំនាញកាច់ស្លឹកឈើ និងផ្កាឱ្យចេញជាក្បាច់ និងរូបផ្សេងៗ ពិតជាត្រូវការចាំបាច់នូវភាពអត់ធ្មត់ ពេលវេលា និងការផ្ចង់អារម្មណ៍ខ្ពស់បំផុត។

លោក ប៊ុនធី ពន្យល់ដូច្នេះ៖ « គ្រប់ផ្នែកទាំងអស់ទាំងធំ និងតូច សុទ្ធតែធ្វើដោយដៃទាំងអស់។ ជាក់ស្ដែងរូបក្ងោកមួយ យើងត្រូវការមនុស្សយ៉ាងតិច៥​ ទៅ៧នាក់ដើម្បីជួយ។ ការងារបែបនេះ មិនមែនធ្វើតែមួយថ្ងៃទេ។ មានអ្នកខ្លះជួយដេរ ជួយបត់ កាច់ បិទ ​តាមជំនាញរៀងៗខ្លួន។ ការងារនេះ បើអ្នកដែលមានចិត្តក្ដៅធ្វើមិនកើតទេ ព្រោះវាត្រូវចាយពេលយូរណាស់»។ 


រូបភាពដោយ លោក ធិប ប៊ុនធី

បើតាមលោក ប៊ុនធី សកម្មភាពនៃការដំឡើងរូបមួយៗ ត្រូវការចាយពេលតាមដំណាក់របស់វា។ ទន្ទឹមនឹងការចាយពេលយូរ បុរសរូបនេះ ត្រូវប្រឈមផលលំបាកមួយទៀតគឺ ខ្វះប្រភេទផ្កាដែលមានពណ៌តាមតម្រូវការ។ បុរសវ័យ៤២ឆ្នាំខាងលើបានរិះរក និងច្នៃតាមលទ្ធភាព ដោយយកបណ្ដូលចេកមកបន្ថែម ដើម្បីជំនួសធនធានដែលខ្វះខាតកន្លងមក។ លោកសង្ឃឹមថា នៅថ្ងៃខាងមុខ ប្រហែលអាចសម្បូរផ្កាជាងនេះ ហើយតម្លៃក៏សមរម្យ។
 
« បើនិយាយថាស្រួលដូចមិនស្រួលទេ។ រូបសត្វមួយៗ ពិតជាត្រូវការកម្លាំងអ្នកជួយ និងប្រើពេលច្រើនណាស់។ ភាគច្រើនការងារនេះ ត្រូវការអ្នកចិត្តត្រជាក់ និងដៃស្រាល ដោយសារត្រូវប្រើស្លឹក ផ្កា និងវត្ថុធាតុដើមធម្មជាតិស្រស់ៗ »។ នេះជាការបញ្ជាក់របស់ លោក ប៊ុនធី។
 
រូបនីមួយៗ របស់លោក មានតម្លៃពី២លាន ទៅ៤លានរៀល ឬអាចថ្លៃជាងនេះប្រសិនបើប្រើប្រភេទផ្កាថ្លៃៗ តម្រូវតាមភ្ញៀវ។ មួយវិញទៀត ប្រសិនបើត្រូវធ្វើដំណើរទៅផ្លូវឆ្ងាយ តម្លៃក៏ត្រូវយកលើសធម្មតាបន្តិចដែរ។


រូបភាពដោយ លោក ធិប ប៊ុនធី
 
បច្ចុប្បន្នលោក មានសិស្សរៀនមុខជំនាញនេះ ចំនួន១០នាក់ ដែលអាចជួយសម្រួលការងារ នៅពេលមានការបញ្ជាទិញពីអតិថិជន។ លោក ប៊ុនធី បានលើកឡើងថា សិល្បៈបែបនេះ ពលរដ្ឋរស់នៅតាមស្រុកស្រែចម្ការ មិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ហើយអតិថិជនរបស់លោក ភាគច្រើនមកពីទីប្រជុំជនក្នុងខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត។
 
ដ្បិតការងារនេះមិនសូវមានអ្នកចាប់អារម្មណ៍ចូលរួមធ្វើ និងរៀនក្តី ក៏លោក ប៊ុនធី នៅតែចិញ្ចឹមចិត្តស្រឡាញ់ ដោយបន្តការសិក្សាស្រាវជ្រាវ និងនៅតែផ្ទេរចំណេះដឹង ដែលលោកមាន ទៅឱ្យយុវជនជំនានក្រោយ។ លោកប៊ុនធី សង្ឃឹមថា ការបង្រៀនកន្លងមករបស់លោក អាចធ្វើឱ្យសិល្បៈប្រភេទនេះ មានអ្នកបន្តវេន និងអាចបង្ហាញឱ្យ សាធារណជនស្គាល់កាន់តែច្រើន ​ដើម្បីលើកស្ទួយទម្រង់សិល្បៈនេះ៕


រូបភាពដោយ លោក ធិប ប៊ុនធី


រូបភាពដោយ លោក ធិប ប៊ុនធី


Tag:
 វប្បធម៌
  កាច់ក្បាច់
  គំនិងច្នៃប្រឌិត
© រក្សាសិទ្ធិដោយ thmeythmey.com