ជាតិ
រង្វង់មូលស្រអែម ដែលយករចនាបថតាមប្រាសាទព្រះវិហារ សម្ពោធនៅថ្ងៃទី៦ ខែធ្នូនេះ
06, Dec 2021 , 8:59 am        
រូបភាព
រង្វង់មូលស្រអែម ដែលយករចនាបថ តាមប្រាសាទព្រះវិហារ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៦ ខែធ្នូខាងមុខ​។ នេះបើតាមគណនីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី៣០ វិច្ឆិកា។

 
រង្វង់មូលស្រអែម ដែលស្ថិតនៅ​ចំណុចផ្លូវប្រសព្វគ្នាជា៣ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នឹង​ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៦ ខែធ្នូខាងមុខនេះ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ បានបញ្ជាក់ថា៖ «នេះជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីនៃរូបសំណាកគោបុរៈទី៥ ប្រាសាទព្រះវិហារ ត្រូវបានសាងសង់ឡើងក្នុងរចនាបថខ្មែរសុទ្ធសាធ នៅលើរង្វង់មូលថ្មីសន្លាងមួយ គឺរង្វង់មូលស្រអែម»។
 
ជាមួយគ្នានេះ លោក សំ លាងទ្រី ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទនៅថ្ងៃទី១ ខែធ្នូនេះថា ការសាងសង់រង្វង់មូលយករចនាបថ តាមប្រាសាទព្រះវិហារនេះ គឺដើម្បីឧទ្ទិសដល់កងកម្លាំងប្រដាប់អាវុធ និងអ្នកស្នេហាជាតិ ដែលបានការពារទឹកដី។
 
រង្វង់មូលនេះ ចាប់ផ្ដើមសាងសង់​កាលពីខែធ្នូ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។ ការសាងសង់រង្វង់មូលស្រអែមនេះ ​ចំណាយថវិកាអស់ប្រមាណជាង ១២ម៉ឺនដុល្លារ ក្រោមគម្រោងស្ថាបនារបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ៕ 
 
រូបភាពពី មន្ទីរព័ត៌មាន ខេត្តព្រះវិហារ៖







Tag:
 រង្វង់មូលស្រអែម
 ប្រាសាទព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com