រថយន្ត
អន្តរជាតិ
ក្រុមហ៊ុនយានយន្តវៀតណាម ចង់បានជោគជ័យនៅទីផ្សារអាម៉េរិកដូចជប៉ុន និងកូរ៉េខាងត្បូង
06, Dec 2021 , 8:29 pm        
រូបភាព
ដោយ: ធីតា
ក្រុមហ៊ុនយានយន្តវៀតណាម Vinfast ទើបបង្ហាញម៉ូដែលរថយន្តអគ្គិសនី SUVs ថ្មី មួយគូ កាលពីពេលថ្មីៗកន្លងមកនេះ ជាមួយនឹងមហិច្ឆតាលក់ចេញទៅកាន់ទីផ្សារអាម៉េរិក នាឆ្នាំក្រោយ។ នេះបើតាមការផ្សាយរបស់ CNN។

 
«យើងចង់ក្លាយជាម៉ាកសកល ហើយប្រសិនអ្នកចង់បានបែបនេះ អ្នកត្រូវតែមកកាន់សហរដ្ឋអាម៉េរិក» លោក Michael Lohscheller អគ្គនាយកសកលនៃក្រុមហ៊ុន Vinfast បានលើកឡើងយ៉ាងដូច្នេះ។
 
 
រថយន្តអគ្គិសនីទំនើបពីរគ្រឿង VF e35 និង VF e36 ត្រូវបានដាក់បង្ហាញក្នុងព្រឹត្តិការណ៍យានយន្ត Los Angeles Auto Show កាលពីពេលថ្មីៗកន្លងមក។ រថយន្តទំនើបនេះ រចនាដោយក្រុមហ៊ុន ជំនាញអ៊ីតាលី Pininfarina ដែលជាប្រភេទរថយន្តពាក់កណ្តាលស្វ័យត។
 
បើតាមលោក Lohscheller ក្រុមហ៊ុន Vinfast នឹងលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះនៅទីផ្សារអាម៉េរិក ពីព្រោះវាជាឱកាសដែលឈានឆ្ពោះទៅជោគជ័យសម្រាប់យុគសម័យថ្មីនេះ ហើយអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនមួយចំនួនដូចជា Rivian និង Lucid ជាដើម។ 
 
Vinfast បានជ្រើសរើសបុគ្គលិកប្រតិបត្តិ និងជំនាញជាច្រើន ដូចជា វិស្វករ និងអ្នករចនាម៉ូត ពីជំវិញពិភពលោក ដើម្បីសិក្សាទីផ្សារឲ្យកាន់តែច្បាស់ជាពិសេសអាម៉េរិក និងអឺរ៉ុប ប៉ុន្តែពួកគេមិនទាន់មានគម្រោងវាយលុកទីផ្សារចិននោះឡើយ។
 
តាមពិតទៅ ក្រុមហ៊ុនវៀតណាមមួយនេះ បានរៀនសូត្រពីបទពិសោធន៍ជោគជ័យពីបណ្តាក្រុមហ៊ុនមួយចំនួននៅអាស៊ីដូចគ្នា ជាពិសេសក្រុមហ៊ុន Hyundai និង Kia របស់កូរ៉េខាងត្បូង ក៏ដូចជា Toyota, Honda និង Subaru របស់ជប៉ុន ជាដើម។ ក្រុមទាំងនោះ សុទ្ធតែបានជោគជ័យនៅលើទីផ្សារអាម៉េរិក នាពេលកន្លងមក ជាពិសេសតម្លៃសមរម្យ និងគុណភាពខ្ពស់។
 
យោងតាម CNN លោក Nguyen Van Anh អគ្គនាយក VinFast ប្រចាំសហរដ្ឋអាម៉េរិក បានអះអាងថា ក្រុមហ៊ុនចង់ផ្គត់ផ្គង់ផលិតផលដែលមានគុណភាពខ្ពស់ ជាមួយតម្លៃដែលអាចទទួលយកបាន ប៉ុន្តែលោកទាន់បង្ហើបឲ្យដឹងពីតម្លៃពិតប្រាកដនោះឡើយ។
 
Vinfast មានទីស្នាក់ការកណ្តាលរបស់ខ្លួនប្រចាំសហរដ្ឋអាម៉េរិក ដោយស្ថិតនៅ Los Angeles ហើយក៏មានគម្រោងសង់រោងចក្រនៅសហរដ្ឋអាម៉េរិក នាឆមាសទី២នៃឆ្នាំ២០២៤ ផងដែរ។ នៅទីផ្សារអាម៉េរិក ក្រុមហ៊ុនវៀតណាមមួយនេះ ចាប់ផ្តើមលក់នៅ California តាមរយៈក្រុមហ៊ុនដៃគូចំនួន៦០៕
 

© រក្សាសិទ្ធិដោយ thmeythmey.com