អន្តរជាតិ
កាត់ទោស​លោកស្រី ស៊ូជី ៖ រដ្ឋមន្ត្រី​របប​យោធា​មីយ៉ាន់ម៉ាថា គ្មាន​នរណា​នៅ​ពី​លើ​ច្បាប់​ឡើយ
08, Dec 2021 , 10:30 am        
រូបភាព
ការកាត់ទោសឱ្យពន្ធនាគារលើលោកស្រី អ៊ុងសាន ស៊ូជី បង្ហាញថា គ្មានអ្នកណាម្នាក់នៅលើច្បាប់នោះទេ។ រដ្ឋមន្ត្រីព័ត៌មានរបបយោធាមីយ៉ាន់ម៉ាអះអាងបែបនេះ។ លោកស្រី ស៊ូជី ត្រូវកាត់ទោសឱ្យជាប់គុក៤ឆ្នាំលើបទល្មើសពីរ តែត្រូវសម្រាលមកត្រឹមពីរឆ្នាំវិញ ដែលមន្រ្តីមីយ៉ាន់ម៉ាអះអាងថា ធ្វើឡើងក្រោមហេតុផលមនុស្សធម៌។



ក្នុងសន្និសីទសារព័ត៌មានតាមអនឡាញនៅថ្ងៃទី៧ ខែធ្នូ រដ្ឋមន្ត្រីព័ត៌មានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា Maung Maung Ohn លើកឡើងថា ប្រព័ន្ធយុត្តិធម៌របស់មីយ៉ាន់ម៉ាមិនមានភាពលំអៀងឡើយ ហើយការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ស្របតាមច្បាប់មីយ៉ាន់ម៉ា។
 
«​គ្មាន​អ្នក​ណា​នៅ​ពី​លើ​ច្បាប់​នោះ​ទេ ​ប្រព័ន្ធ​តុលាការ​របស់​មីយ៉ាន់ម៉ា មិន​លំអៀងទេ»។ លោក Maung Maung Ohn ប្រាប់អ្នកកាសែតនៅថ្ងៃទី ៧ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយ ក្នុងអំឡុងពេលដែលលោក និងរដ្ឋមន្ត្រីវិនិយោគរបស់របបយោធាថ្លែងថា ស្ថានភាពនៅក្នុងប្រទេសកំពុងមានស្ថិរភាព។
 
លោកស្រី អ៊ុងសាន ស៊ូជី ដែលមានអាយុ ៧៦ ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំពីបទញុះញង់ឱ្យប្រឆាំងយោធា និងបំពានវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ យ៉ាងណាមិញមេដឹកនាំរបបយោធាបានបន្ធូរបន្ថយការកាត់ទោសចំពោះអតីតមេដឹកនាំមីយ៉ាន់ម៉ាពីការជាប់ពន្ធនាគារ ៤ឆ្នាំមក២ឆ្នាំវិញ​ ដោយសារមូលហេតុមនុស្សធម៌។
 
មកទល់ពេលនេះ លោកស្រី ស៊ូជី និងមេដឹកនាំសំខាន់ៗមួយចំនួនមិនត្រូវបានយោធាបញ្ជូនទៅពន្ធនាគារឡើយ ហើយត្រូវបានយោធាឃុំខ្លួននៅទីតាំងសម្ងាត់។ 
 
មីយ៉ាន់ម៉ាជួបប្រទះវិបត្តិនយោបាយ ចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈកន្លងទៅ ដោយយោធាបានចាប់ខ្លួនលោកស្រី ស៊ូជី និងសមាជិករដ្ឋាភិបាលភាគច្រើនរបស់គណបក្សលោកស្រី។ យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយនៅមីយ៉ាន់ម៉ា កងកម្លាំងរក្សាសន្តិសុខរបស់យោធា បានសម្លាប់មនុស្សជាង ១២០០ នាក់ ខណៈបាតុកម្មនិងការបះបោរប្រដាប់អាវុធបានផ្ទុះឡើងនៅទូទាំងប្រទេសស្ទើររាល់ថ្ងៃ៕

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com