អន្តរជាតិ
លោក ពូទីន និងលោក បៃឌិន ព្រមានគ្នាទៅមក លើវិបត្តិអ៊ុយក្រែននាជំនួបអនឡាញ
08, Dec 2021 , 12:29 pm        
រូបភាព
ជំនួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ AFP
ជំនួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី៧ ខែធ្នូ បានព្រមានសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនយ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត នឹងចាត់វិធានការសេដ្ឋកិច្ច និងវិធានការផ្សេងទៀតឱ្យបានធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ី ហ៊ានវាយប្រហារលើអ៊ុយក្រែន។ នាជំនួបតាមអនឡាញ លោក ពូទីន ប្រាប់សមភាគីអាម៉េរិក កុំឱ្យបំពាក់ប្រព័ន្ធវាយប្រហារនៅអ៊ុយក្រែន។

 
 
បញ្ហានៅតាមបណ្តោយព្រំដែនអ៊ុយក្រែនភាគខាងកើត កាន់តែក្តៅឡើង បន្ទាប់ពីរុស្ស៊ីបានបញ្ជូនទ័ពប្រមាណ ១០ម៉ឺននាក់ ទៅក្បែរតំបន់នោះ។ អ៊ុយក្រែន និងអឺរ៉ុប បារម្ភថា រុស្ស៊ី អាចបញ្ជូនទ័ពខ្លួនចូលឈ្លានពានអ៊ុយក្រែនជាថ្មី ដូចកាលពីឆ្នាំ២០១៤ ដែលរុស្ស៊ីបានបញ្ជូនយោធាជាសម្ងាត់ ដើម្បីជួយចលនាផ្តាច់ទឹកដី ដែលមាននិន្នាការគាំទ្ររុស្ស៊ី នៅអ៊ុយក្រែនភាគខាងកើត។ យ៉ាងណាមិញ រុស្ស៊ី បានបដិសេធពីការឈ្លានពានលើអ៊ុយក្រែន។ 
 
បញ្ហាអ៊ុយក្រែននេះ ជារឿងធំនាជំនួបអនឡាញរវាងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមភាគីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី៧ ខែធ្នូ។ ក្នុងជំនួបនោះ លោកបៃឌិន បានបង្ហាញពីក្តីបារម្ភជុំវិញស្ថានការណ៍នៅតាមបណ្តាព្រំដែនភាគខាងកើតអ៊ុយក្រែន និងបានព្រមានរុស្ស៊ី កុំឱ្យវាយប្រហារលើអ៊ុយក្រែន។ 
 
«...អាម៉េរិក និងសម្ព័ន្ធមិត្ត នឹងឆ្លើយតបវិធានការសេដ្ឋកិច្ច និងចំណាត់ការផ្សេងទៀត ក្នុងករណីមានព្រឹត្តិការណ៍រីកសាយយោធា»។ សេតវិមានអាម៉េរិកបានស្រង់សម្តីរបស់លោកបៃឌិនបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីជំនួប។ បើតាមមេដឹកនាំរូបនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គាំទ្រអធិបតេយ្យ និងបូរណភាពដែនដីរបស់អ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោកបៃឌិន ក៏បានអំពាវនាវឱ្យភាគីទាំងពីរបន្ថយភាពតានតឹងជាមួយគ្នា និងត្រលប់ទៅចរចាផ្នែកការទូតវិញ។ 
 
ក្នុងជំនួបតាមប្រព័ន្ធវីដេអូរយៈពេល២ម៉ោងនេះ លោក ពូទីន បានប្រាប់ទៅភាគីអាម៉េរិកកុំឱ្យមានការបំពាក់ប្រព័ន្ធអាវុធវាយប្រហារនៅក្នុងតំបន់ដែលនៅជិតរុស្ស៊ី បើមិនចង់ឱ្យរុស្ស៊ីចាត់វិធានការតប។ មិនតែប៉ុណ្ណោះ មេដឹកនាំរុស្ស៊ីរូបនេះ បានលើកឡើងពីក្តីបារម្ភលើសកម្មភាពបង្ករឿងរបស់រដ្ឋាភិបាលអ៊ុយក្រែន មកលើតំបន់ Donetsk និង Lugansk ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT។ 
 
ក្រៅពីបញ្ហាអ៊ុយក្រែន មេដឹកនាំអាម៉េរិក និងរុស្ស៊ី ក៏បានពិភាក្សាលើការគ្រប់គ្រងស្ថិរភាពយុទ្ធសាស្រ្ត, បញ្ហាសន្តិសុខតាមអ៊ីនធឺណិត និងបញ្ហាអ៊ីរ៉ង់ជាដើម។ 
 
មុនជំនួបជាមួយមេដឹកនាំរុស្ស៊ី លោក បៃឌិន បានជួបជាមួយមេដឹកនាំសម្ព័ន្ធមិត្តរបស់ខ្លួនមានបារាំង, អាល្លឺម៉ង់, អ៊ីតាលី និងអង់គ្លេស។ ក្នុងជំនួបនោះ មេដឹកនាំប្រទេសទាំងអស់សុទ្ធតែបានបង្ហាញក្តីបារម្ភជុំវិញកម្លាំងយោធារុស្ស៊ី។ ក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតរបស់សេតវិមានអាម៉េរិក មេដឹកនាំ  បារាំង, អាល្លឺម៉ង់, អ៊ីតាលី, អាម៉េរិក និងអង់គ្លេស បានជំរុញឱ្យរុស្ស៊ី គោរពតាមកិច្ចចរចា Normandy Format និងកិច្ចព្រមព្រៀង Minsk ដើម្បីឈានទៅដល់ការបញ្ចប់ភាពតានតឹង។ 
 
កិច្ចចរចា Normandy Format និងកិច្ចព្រមព្រៀង Minsk ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៤ ដើម្បីបញ្ចប់ជម្លោះនៅក្នុងតំបន់ Donbass ស្ថិតនៅតំបន់ខាងកើតរបសអ៊ុយក្រែន។ ចាប់តាំងពីផ្ទុះជម្លោះនៅតំបន់នោះមក ប្រទេសលោកខាងលិច មិនធ្លាប់បញ្ជូនទ័ពទៅប៉ះជាមួយរុស្ស៊ីផ្ទាល់ឡើយ ពោលគឺមានតែដាក់ទណ្ឌកម្ម និងវិធានការផ្សេងទៀតប៉ុណ្ណោះលើអ្នកពាក់ព័ន្ធជម្លោះក្នុងតំបន់អ៊ុយក្រែនខាងកើត៕

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com