អន្តរជាតិ
តុលាការឧទ្ធរណ៍ម៉ាឡេស៊ី បន្តសម្រេចឱ្យលោក ណាជីប ជាប់ពន្ធនាគារ១២ឆ្នាំដដែល
08, Dec 2021 , 2:10 pm        
រូបភាព
លោក ណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ រូបភាព៖ AP
លោក ណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ រូបភាព៖ AP
តុលាការឧទ្ធរណ៍ម៉ាឡេស៊ី នៅថ្ងៃទី៨ ខែធ្នូ នៅតែបន្តរក្សាសាលក្រមចេញដោយតុលាការថ្នាក់ក្រោមចេញកាលពីឆ្នាំមុន ដែលកាត់ទោសលោក ណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្រ្តីឱ្យជាប់ពន្ធនាគារ១២ឆ្នាំ ​និងពិន័យជាប្រាក់ប្រមាណ៤៩លានដុល្លារពាក់ព័ន្ធសំណុំរឿងពុករលួយ។ មិនតែប៉ុណ្ណោះ តុលាការ ក៏បានច្រើនចោលការដាក់ភស្តុតាងថ្មីពីសំណាក់មេធាវីលោក ណាជីប ផងដែរ។

 
 
បន្ទាប់ពីចាញ់ការបោះឆ្នោតនៅក្នុងឆ្នាំ២០១៨ លោក ណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវបានចាប់ខ្លួនពីបទអំពើពុករលួយ និងបង្វិលលុយជិត ១០លានដុល្លារពីក្រុមហ៊ុន SRC International ដែលជាផ្នែកមួយនៃមូលនិធិរដ្ឋ 1MDB។ 
 
កាលពីឆ្នាំមុន តុលាការម៉ាឡេស៊ី បានកាត់ទោសអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះឱ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤៩លានដុល្លារ ដោយផ្អែកលើបទចោទចំនួន ៧ករណី ក្នុងនោះមានដូចជា ពុករលួយ, ការលាងលុយកខ្វក់ និងការបំពានទំនុកចិត្ត។ 
 
បន្ទាប់ពីសេចក្តីសម្រេចនោះ លោក ណាជីប បានបន្តដាក់ពាក្យបណ្តឹងមកតុលាការឧទ្ធរណ៍។ ក្នុងសវនាការថ្ងៃទី៨ ខែធ្នូ តុលាការឧទ្ធរណ៍បន្តគាំទ្រសាលក្រមមុន ដែលកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ និងច្រានចោលពាក្យបណ្តឹងលោកណាជីប។ 
 
«យើងច្រានចោលបណ្តឹងឧទ្ធរណ៍លើបទចោទចំនួន៧ និងគាំទ្រសាលក្រមលើកមុន»។ លោកចៅក្រម Abdul Karim Abdul Jalil ដែលជាប្រធាននៃអង្គជំនុំជម្រះបានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា​ វាគ្មានហេតុផលល្អឡើយក្នុងការច្រានចោលសេចក្តីសម្រេចមុន។ 
 
បន្ទាប់ពីការច្រានចោលនេះ លោក Shafee Abdullah មេធាវីលោកណាជីប បានប្រាប់តុលាការថា លោកនឹងបន្តដាក់ពាក្យបណ្តឹងជំទាស់ទៅតុលាការសហព័ន្ធ ដែលជាតុលាការខ្ពស់បំផុតរបស់ម៉ាឡេស៊ី និងជាអង្គជំនុំជម្រះចុងក្រោយ។ 
 
មុនសវនាការនេះ មេធាវីលោក ណាជីប ក៏បានស្នើឱ្យតុលាការពន្យារពេលដែរ ដោយសារតែសមាជិកមេធាវីលោក ណាជីប ឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែតុលាការច្រានចោល និងរៀបចំសវនាការតាមប្រព័ន្ធវីដេអូជំនួស។ ទន្ទឹមនេះ លោក ណាជីប បានដាក់ភស្តុតាងបន្ថែមទៀត ហើយត្រូវបានតុលាការបន្តបដិសេធទទួលយក។ 
 
សូមបញ្ជាក់ថា លោកណាជីប គឺជាអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលើកដំបូង ដែលរងបទចោទប្រព្រឹត្តអំពើពុករលួយ។ កន្លងមក តុលាការបានអនុញ្ញាតឱ្យអតីតមេដឹកនាំរូបនេះ នៅក្រៅឃុំបណ្តោះអាសន្ន មុនសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍។ នៅក្នុងខែតុលា តុលាការឧទ្ធរណ៍ បានផ្តល់លិខិតឆ្លងដែនដល់លោកណាជីប ដើម្បីអាចឱ្យលោកទៅមើលចៅរបស់ខ្លួននៅសិង្ហបុរី៕ 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com