អន្តរជាតិ
បន្ទុះភ្នំភ្លើង Semeru ៖ អ្នកស្លាប់កើនដល់៣៤នាក់ ឯលោក វីដូដូ ប្ដេជ្ញាសាងសង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញឱ្យលឿន
08, Dec 2021 , 3:07 pm        
រូបភាព
ប្រជាជនឥណ្ឌូណេស៊ី រស់រានពីហេតុការណ៍ផ្ទុះភ្នំភ្លើង Semeru ។ រូបថត AFP
ប្រជាជនឥណ្ឌូណេស៊ី រស់រានពីហេតុការណ៍ផ្ទុះភ្នំភ្លើង Semeru ។ រូបថត AFP
បន្ទុះភ្នំភ្លើង Semeru ចាប់ពីថ្ងៃទី៤ ខែធ្នូមក បណ្ដាលឱ្យមនុស្សស្លាប់កើនដល់៣៤នាក់ហើយ ខណៈ​ប្រជាជនរាប់ពាន់នាក់ទៀតបានបាត់បង់ផ្ទះសម្បែង។ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បាន​ទៅ​ត្រួតពិនិត្យនៅតំបន់រងគ្រោះដោយផ្ទាល់ ហើយបានសន្យា សាងសង់តំបន់នេះឡើងវិញ​យ៉ាង​រហ័ស​បំផុត។

 
​ភ្នំភ្លើង Semeru​ ដែលជាភ្នំដែលខ្ពស់ជាងគេបង្អស់នៅកោះជ្វា បានផ្ទុះចេញកម្អែ និងផេះផង់យ៉ាងច្រើនចាប់ពីនៅថ្ងៃទី៤ ខែធ្នូ ហើយកំទេចកំទីចេញពីភ្នំភ្លើងបានគ្រប់ដណ្ដប់ភូមិក្បែរនោះ ដែលនៅ​ភាគ​ខាងកើតខេត្តជ្វា។ ហេតុការណ៍ការផ្ទុះនេះ បានបំផ្លាញស្ពានសំខាន់មួយដែលត​ភ្ជាប់​តំបន់​ពីរ​នៅ​ក្នុង​ស្រុក Lumajang ក្បែរនោះជាមួយទីក្រុង Malang។ អគារ និងផ្ទះសម្បែង​នៅតំ​បន់​នោះ​ក៏​ត្រូវ​បាន​បំផ្លាញផងដែរ។
 
ប្រធានាធិបតីលោក ចូ​កូ វីដូដូ នៅថ្ងៃទី៧ ខែធ្នូ បានទៅពិនិត្យតំបន់ដែលប៉ះពាល់ដោយបន្ទុះ ភ្នំភ្លើង​ដែលស្ថិតនៅស្រុក Lumajang ភាគខាងកើតនៃខេត្តជ្វា ដើម្បីធានាថា រដ្ឋាភិបាលធ្វើការ​ជា​បន្ទាន់​ក្នុង​ការជួយសង្គ្រោះប្រជាជនដែលត្រូវការជំនួយ។
 
ពេលទៅសួរសុខទុក្ខប្រជាជនដែលត្រូវបានជម្លៀសចេញពីតំបន់មានគ្រោះថ្នាក់ ហើយ​មកស្នាក់​នៅ​លើ​ទីលានបាល់ទាត់ដែលមានសុវត្ថិភាព លោក វីដូដូ បានសន្យាថា រដ្ឋាភិបាល​នឹង​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធតំបន់ខាងលើឡើងវិញរួមមានស្ពានដ៏សំខាន់ដែលតភ្ជាប់តំបន់ Lumajang ទៅកាន់​ទីក្រុង​ផ្សេង​ទៀត ព្រមទាំងសាងសង់ផ្ទះប្រហែលជាង២៩៧០ខ្នងនៅតំបន់មានសុវត្ថិភាព។
 
បើតាមមន្ត្រីឥណ្ឌូណេស៊ី ពលរដ្ឋនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតនឹង ត្រូវផ្លាស់ប្តូរ​ទីលំនៅ​ក្នុង​រយៈ​ពេលប្រាំមួយខែខាងមុខ។ គ្រួសារនីមួយៗដែលនឹងត្រូវរង់ចាំផ្ទះថ្មី នឹងទទួលបានប្រាក់ចំនួនជាង៣៥ ដុល្លារក្នុងមួយខែ។
 
ជុំវិញមហន្តរាយនេះ មន្រ្តីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ីលោក Abdul Muhari បញ្ជាក់ថា មនុស្សជាង១០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ ហើយ២២នាក់ក្នុង​ចំណោម​នោះ រងរបួសធ្ងន់ធ្ងរដែលភាគច្រើនរលាកភ្លើង។ បន្ថែមពីនេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​បន្ត​ស្វែង​រក​អ្នក​ភូមិ​ចំនួន២២នាក់​ដែលកំពុង​​បាត់​ខ្លួន។ លោក​បន្ត​ថា ផ្ទះ​ជិត​៣ពាន់ខ្នង និង​សាលារៀន​៣៨​ខ្នងត្រូវបាន​រង​ការ​ខូចខាត ។
 
គិតត្រឹមថ្ងៃទី៧ ខែធ្នូ មនុស្សចំនួន​៣៤នាក់បានស្លាប់ដោយសារការផ្ទុះភ្នំភ្លើងនេះ។
 
ទន្ទឹមនេះ​លោក Andris Rufianto Putro អ្នកសម្របសម្រួលក្នុងការឆ្លើយតបបន្ទាន់នៅកា​ក​បាទ​ក្រហមឥណ្ឌូណេស៊ីបានអះអាងថា ចំនួនអ្នកស្លាប់ និងបាត់ខ្លួន ត្រូវបានរំពឹងថា ​នឹងកើន​ឡើង​ដោយសារតំបន់នេះភាគច្រើនជាភ្នំ និងពិបាកក្នុងការស្វែងរក៕

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com