អន្តរជាតិ
លោកFauci៖ អូមីក្រុងងាយចម្លងជាងដែលតា តែប្រហែលមិនបង្កជំងឺធ្ងន់ធ្ងរឡើយ
08, Dec 2021 , 7:29 pm        
រូបភាព
ទិន្នន័យដែលមានក្នុងជំហានដំបូងបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីទម្រង់អូមីក្រុង មិនបង្កឱ្យមានជំងឺ ធ្ងន់​ធ្ងរជាងវីរុសទម្រង់ផ្សេងៗពីមុននោះទេ។ មន្ត្រីជាន់ខ្ពស់ខាងជំងឺឆ្លងអាម៉េរិក វេជ្ជបណ្ឌិត Anthony Fauci​ លើកឡើងបែបនេះនៅថ្ងៃទី៧ ខែធ្នូ។ យ៉ាងណាមិញ លោកក៏បញ្ជាក់ថា មនុស្ស​គ្រប់គ្នា​គួរ​មាន​ការប្រុងប្រយ័ត្ន ខណៈដែលការសិក្សាពីស្ថានភាពធ្ងន់ធ្ងរនៃវីរុស​នេះអាចនឹង​ចំណាយ​ពេល​ច្រើន​សប្ដាហ៍ទៀត។

 
ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP លោក Anthony Fauci​ អ្នកជំនាញជំងឺឆ្លងល្បីឈ្មោះ បា​នញែកជាបីចំណុចសំខាន់ៗពីវីរុសទម្រង់អូមីក្រុង ដែលរួមមានលទ្ធភាពនៃ​ការចម្លងពីមនុស្ស​ម្នាក់​ទៅមនុស្សម្នាក់ លក្ខខណ្ឌដែលវីរុសអាចនឹងគេចចេញពីប្រព័ន្ធភាពស៊ាំ និងវ៉ាក់សាំង ហើយភាព​ធ្ងន់​ធ្ងរ​បង្កឡើងដោយវីរុសនេះ។
 
ជុំវិញលទ្ធភាពនៃការចម្លងនៃវីរុសខាងលើ បើតាមវេជ្ជបណ្ឌិត Fauci​ ការសិក្សាបញ្ជាក់ច្បាស់ថាវីរុសបំប្លែងខ្លួនថ្មី​នេះ ងាយនឹងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតជាងរីរុសទម្រង់ដែលតា។ ប​ន្ថែម​ពី​នេះ ​ទិន្នន័យនៃការឆ្លងវីរុសអូមីក្រុងនៅជុំវិញពិភពលោក ក៏បង្ហាញថា វីរុសអូមីក្រុង​អាច​នឹង​បង្ក​ឱ្យមានការឆ្លងជំងឺកូវី-១៩ ឡើងវិញផងដែរ។
 
ទន្ទឹមនេះ លោក Fauci​ បញ្ជាក់ថា ការសិក្សានៅមន្ទីរពិសោធន៍អំពីប្រសិទ្ធភាពនៃ វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុសអូមីក្រុងត្រូវបានរំពឹងនឹងចេញជាលទ្ធផលនៅក្នុងប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខទៀត។ ទាក់ទងភាពធ្ងន់ធ្ងរនៃវីរុសនេះវិញ លោក Fauci អះអាងថា វីរុសទម្រង់អូមីក្រុង​អាច​នឹង​មិន​បង្ក​ហានិភ័យធ្ងន់ធ្ងរជាងវីរុសទម្រង់ដែលតានោះទេ។
«ការផ្ដល់យោបល់មួយចំនួនអះអាងថា វីរុសនេះអាចនឹងមិនសូវបង្កភាពធ្ងន់ធ្ងរនោះទេ ព្រោះ​តាម​ដែល​យើងត្រួតពិនិត្យមើលទិន្នន័យ និងស្ថានភាពដែលកើតឡើងនៅអាហ្វ្រិកខាងត្បូង សមាមាត្រ​រវាង​ចំនួន​ករណីឆ្លង និងចំនួននៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហាក់​ដូចជា​តិច​ជាង​ចំនួន​ដែល​បង្ក​ដោយ​វីរុសដែលតា» ។ អ្នកជំនាញជំងឺឆ្លងអាម៉េរិកបន្ថែមបែបនេះ។
 
យ៉ាងណាមិញ លោក Fauci សង្កត់ធ្ងន់ថា ការបកស្រាយ​ពីភាព​ធ្ងន់ធ្ង​រ​នៃ​វីរុស​នេះ​មិន​ត្រូវ​ពឹង​ផ្អែក​តែ​លើទិន្នន័យប៉ុណ្ណឹងនោះទេ ព្រោះករណីកើតឡើងនៅអាហ្វ្រិកខាងត្បូងភាគ​ច្រើន​កើត​លើ​ក្រុម​វ័យក្មេង​ដែលមិនងាយនឹងចូលសម្រាកនៅមន្ទីរពេទ្យ។ បន្ថែមពីនេះ ភាពធ្ងន់ធ្ងរនៃវីរុសអាចនឹងវិវឌ្ឍក្នុងរយៈ ពេលច្រើនសប្ដាហ៍ទៀត។
 
លើសពីនេះ វេជ្ជបណ្ឌិត Fauci​​ បានផ្ដល់យោបល់ថា​ សាធារណជនគួរតែរក្សាការប្រុង ប្រយ័ត្ន​ជាពិ​សេសក្នុងអំឡុងពេលធ្វើដំណើរ និងគួរតែពាក់ម៉ាស់នៅពេលប្រមូលផ្តុំគ្នាក្នុង ទីកន្លែងបិទជិត។ ចំពោះ​អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញគួរតែទៅទទួលដូសជំរុញបន្ថែម ប្រសិនបើ​គ្រប់​លក្ខខណ្ឌ​៕

Tag:
 Anthony Fauci
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com