អន្តរជាតិ
តុលាការកំពូលថៃ កាត់ទោសឱ្យសេដ្ឋីម្នាក់ជាប់ពន្ធនាគារជាង៣ឆ្នាំ ដោយសារបរបាញ់សត្វព្រៃ
08, Dec 2021 , 9:29 pm        
រូបភាព
សេដ្ឋីថៃ លោក Premchai Karnasuta។ រូបភាព៖ AFP
សេដ្ឋីថៃ លោក Premchai Karnasuta។ រូបភាព៖ AFP
តុលាការកំពូលថៃ នៅថ្ងៃទី៨ ខែធ្នូ បានសម្រេចដាក់ពន្ធនាគារ លោកPremchai Karnasuta សេដ្ឋីថៃ ដែលរកស៊ីផ្នែកសំណង់រយៈពេល៣ឆ្នាំ និង២ខែ ជុំវិញការបរបាញ់សត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃ Thungyai Naresuan កាលពីជិត៤ឆ្នាំមុន។

 
 
កាលពីឆ្នាំ២០១៨ លោក Premchai Karnasuta សេដ្ឋីថៃ និងជាប្រធានក្រុមហ៊ុន Italian-Thai Development Plc ត្រូវបានឃាត់ខ្លួន បន្ទាប់ពីមន្រ្តីឧទ្យានជាតិ Thungyai Naresuan បានរកឃើញកាំភ្លើង និងសាកសពសត្វព្រៃជាច្រើនក្បាល។ កន្លងមក តុលាការឧទ្ធរណ៍បាន កាត់ទោសឱ្យលោកជាប់ពន្ធនាគារ ៣ឆ្នាំ និង ២ខែ ទាក់ទិនការស្លាប់សត្វព្រៃដោយខុសច្បាប់ចំនួន ៣ករណី។ 
 
ពីតុលាការខេត្ត Thong Pha Phum លោក Premchai ដែលជិះរថយន្ត Range Rover និងមានបិទបង់នៅភ្នែកខាងឆ្វេងនោះ បានមកស្តាប់សវនាការដោយផ្ទាល់។ ទាក់ទិននឹងបញ្ហានេះ តុលាការកំពូល នៅថ្ងៃទី៨ ខែធ្នូ បានសម្រេចបន្តអនុវត្តសាលក្រមរបស់តុលាការឧទ្ធរណ៍ ដែលកាត់ទោសឱ្យលោក Premchai ជាប់ពន្ធនាគាររយៈពេលជាង ៣ឆ្នាំដដែល និងពិន័យជាប្រាក់ប្រមាណ ៦ម៉ឺនដុល្លារ។ 
 
ក្រៅពីសេដ្ឋីថៃរូបនេះ អតីតអ្នកបើករថយន្ត និងអ្នកប្រមាញ់សត្វឱ្យលោក Premchai ក៏ត្រូវបានតុលាការសម្រេចឱ្យជាប់ពន្ធនាគាររយៈពេលជាង ៣ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ ៦ម៉ឺនដុល្លារផងដែរ។ ជនល្មើសទាំងបីរូប ត្រូវបានបញ្ជូនទៅពន្ធនាគារក្នុងស្រុក Thong Pha Phum នៅខេត្ត Kanchanaburi។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
 
សូមបញ្ជាក់ថា​ លោក Premchai និងប្អូនស្រី គឺជាសេដ្ឋីថៃ ដែលជាប់ក្នុងបញ្ចីអ្នកមាន៥០រូប របស់ទស្សនាវដ្តី Forbes រហូតដល់ឆ្នាំ ២០១៦ ដែលមានទឹកប្រាក់រហូតដល់៦៣០លានដុល្លារ។ ចាប់ពីឆ្នាំនោះមក អ្នកទាំងពីររូប បានធ្លាក់ចេញពីការវាយតម្លៃរបស់ទស្សាវដ្តី Forb ជាលំដាប់។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Italian-Thai Development Plc មានកាន់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើននៅថៃ ក្នុងនោះមានដូចជា រថភ្លើងលើអាកាសក្នុងក្រុងបាងកក និងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ (Suvarnabhumi) ជាដើម៕ 

Tag:
 ថៃ
  សត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com