អន្តរជាតិ
នូវែលកាលេដូនី នឹងធ្វើប្រជាមតិចុងក្រោយដើម្បីផ្ដាច់ខ្លួនពីបារាំង
09, Dec 2021 , 8:29 am        
រូបភាព
នូវែលកាលេដូនី ដែលជាទឹកដីកោះរបស់បារាំងនៅតំបន់ប៉ាស៊ីហ្វិក នឹងរៀបចំការធ្វើប្រជាមតិលើកទីបី និងជាលើកចុងក្រោយស្តីពីការប្រកាសឯករាជ្យភាពពីបារាំង។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញមានការតវ៉ាឱ្យពន្យារពេលធ្វើប្រជាមតិ ព្រោះទឹកដីកោះមួយនេះកំពុងប្រឈមនឹងការរាលដាលជំងឺកូវីដ-១៩។


 
ដែនកោះនូវែលកាលេដូនី ដែលមានចម្ងាយប្រហែល ២ ពាន់គីឡូម៉ែត្រពីភាគខាងកើតនៃអូស្ត្រាលី ត្រូវបានអនុញ្ញាតឱ្យធ្វើប្រជាមតិទាមទារឯករាជ្យចំនួនបីក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៨៨។ ការធ្វើប្រជាមតិពីរដងមុននៅឆ្នាំ២០១៨ និងឆ្នាំ២០២០ មិនផ្ដល់លទ្ធផលល្អសម្រាប់ការផ្ដាច់ខ្លួនឡើយ។
 
ប្រជាជនមានសិទ្ធិបោះឆ្នោតជាង១៨ម៉ឺននាក់ដែលរស់នៅលើកោះនេះនៅថ្ងែទី​១២ ខែ​ធ្នូខាងមុខនឹងត្រូវសម្រេចចិត្តជាលើកចុងក្រោយ​ ដោយយកអធិបតេយ្យភាពពេញលេញ និងក្លាយជាឯករាជ្យ ឬបន្តនៅក្រោមការគ្រប់គ្រងរបស់បារាំង។ ប៉ុន្តែអ្នកគាំទ្រការប្រកាសឯករាជ្យ កំពុងធ្វើយុទ្ធនាការពហិការប្រជាមតិខាងមុខ ដោយចង់ពន្យារពេលទៅដល់ខែកញ្ញាឆ្នាំក្រោយវិញ ព្រោះការធ្វើយុទ្ធនាការដោយយុត្តិធម៌ នឹងមិនអាចធ្វើទៅខណៈជំងឺកូវីដ-១៩ នៅរាលដាលខ្លាំង។
 
ការបាត់បង់ទឹកដីនេះ អាចធ្វើឥទ្ធិពលបារាំងនៅឥណ្ឌូប៉ាស៊ីហ្វិកថមថយ ស្របពេល​ក្នុង​ខែកញ្ញាកន្លងទៅ បារាំងនិងអូស្ត្រាលីដែលជាប្រទេសសំខាន់មួយនៅប៉ាស៊ីហ្វិកដែរ ប៉ះទង្គិចគ្នាលើកិច្ចសន្យា​ទិញនាវាមុជទឹក​។ 
 
ការបែកខ្ញែកនាពេលថ្មីៗនេះ ធ្វើឱ្យតួនាទីនិងឥទ្ធិពលចិនកើនឡើងក្នុងតំបន់។ អ្នកវិភាគមួយចំនួនក៏បានលើកការសង្ស័យថា នូវែលកាលេដូនី អាចងាកទៅរកចិនកាន់តែខ្លាំងឡើងក្រោយប្រកាសឯករាជ្យ ដ្បិតចិនជាដៃគូរដ៏សំខាន់ក្នុងឧស្សាហកម្មរុករករ៉ែរបស់កោះនេះ។ ចិនគឺជាអតិថិជនតែមួយគត់ដ៏ធំបំផុតដែលទិញលោហៈ ជាពិសេសសម្រាប់នីកែលរបស់ដែនដីនេះ។
 
បើតាមអ្នកវិភាគទំនាក់ទំនងអន្តរជាតិលោក Bastien Vandendyck ការបាត់បង់ការគ្រប់គ្រងនៅនូវែលកាលេដូនីរបស់បារាំង នឹងអនុញ្ញាតឱ្យចិនបង្កើនឥទ្ធិពលខ្លួនជាអចិន្ត្រៃយ៍នៅក្នុងរដ្ឋនេះ។ លោក Vandendyck ក៏​ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់ដូចជាហ្វ៊ីជី​ វ៉ានូអាទូ កោះសូឡូម៉ុន និងប៉ាពូអាស៊ីនូវែលហ្គីណេ បាន​រងឥទ្ធិពល​របស់​ចិន​រួច​ទៅ​ហើយ។
 
គួររំលឹកថា ក្នុងការបោះឆ្នោតប្រជាមតិក្នុងឆ្នាំ ២០១៨ អ្នកគាំទ្រឱ្យបន្តនៅក្រោយការគ្រប់គ្រងរបស់បារាំងបានឈ្នះការបោះឆ្នោតជាមួយនឹងសំឡេង៥៦,៧ភាគរយ។​ នៅឆ្នាំ ២០២០ ៥៣,៣ភាគរយនៃអ្នកបោះឆ្នោតសរុបបន្តគាំទ្រការគ្រប់គ្រងពីបារាំង។ ប្រជុំកោះនេះបានក្លាយជាទឹកដីរបស់បារាំងតាំងពីឆ្នាំ ១៨៥៣មក៕

Tag:
 បារាំង
  នូវែលកាលេដូនី
© រក្សាសិទ្ធិដោយ thmeythmey.com