អន្តរជាតិ
អាល្លឺម៉ង់ និងបារាំងព្រមានរុស្ស៊ី ក្រោយជំនួបបៃឌិន-ពូទីន
09, Dec 2021 , 10:31 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian។ រូបភាព៖ AP
រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian។ រូបភាព៖ AP
អាល្លឺម៉ង់ និងបារាំង នៅថ្ងៃទី៨ ខែធ្នូ បានចេញសារព្រមានរុស្ស៊ី កុំឱ្យវាយប្រហារអ៊ុយក្រែន បើមិនចង់រងផលវិបាកធ្ងន់ធ្ងរ។ ការព្រមានរបស់ប្រទេសមហាអំណាចអឺរ៉ុបទាំងពីរនេះ ធ្វើឡើងជំនួបរវាងប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

 
 
បណ្តាប្រទេសលោកខាងលិច កាន់តែដាក់សម្ពាធលើរុស្ស៊ីខ្លាំងឡើង ដើម្បីបង្ការទីក្រុងមូស្គូកុំឱ្យវាយប្រហារលើអ៊ុយក្រែន ខណៈវិបត្តិនៅអ៊ុយក្រែនកំពុងតែក្តៅ។ យោធារុស្ស៊ីប្រមាណ ១០ម៉ឺននាក់ រួមទាំងសម្ភារយោធាជាច្រើនទៀត ត្រូវបានបញ្ជូនមកក្បែរតំបន់ព្រំដែនភាគខាងកើតរបស់អ៊ុយក្រែន។ 
 
ស្របពេលស្ថានការណ៍នៅអ៊ុយក្រែន កំពុងតែតានតឹងបែបនេះ អាល្លឺម៉ង់ និងបារាំង សុទ្ធតែបានចេញមកព្រមានរុស្ស៊ី។ ក្នុងសេចក្តីថ្លែងការណ៍មួយចេញថ្ងៃទី៨ ខែធ្នូ ក្រសួងការបរទេសបារាំង បានលើកឡើងថា រុស្ស៊ីនឹងប្រឈមផលវិបាកធ្ងន់ធ្ងរ និងផលវិបាកបែបយុទ្ធសាស្រ្ត ប្រសិនបើសម្រេចវាយប្រហារលើអ៊ុយក្រែន។ 
 
«សារដ៏ច្បាស់មួយ ត្រូវបានបញ្ជូនទៅរុស្ស៊ីពីការវាយប្រហារថ្មីលើដែនដីអ៊ុយក្រែន»។ ក្រសួងការបរទេសបារាំង បានបញ្ជាក់ច្បាស់ៗបែបនេះ។ 
 
ស្របគ្នានេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលទើបតែឡើងកាន់តំណែងថ្មី ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Die Welt TV ជំរុញឱ្យអនុវត្តគោលការណ៍មិនរំលោភបំពានព្រំដែន។ បើតាមអធិការបតីអាល្លឺម៉ង់រូបនេះ ទង្វើរបស់រុស្ស៊ិ អាចនឹងមានផលវិបាកលើប្រព័ន្ធបង្ហូរប្រេង Nord Stream 2។ បង្ហូរប្រេង Nord Stream 2 គឺជាគម្រោងដ៏សំខាន់មួយរបស់រុស្ស៊ី ក្នុងការបញ្ជូនឧស្ម័នធម្មជាតិមកអាល្លឺម៉ង់។ 
 
 
គួររំលឹកថា ក្នុងជំនួបនៅថ្ងៃទី៧ ខែធ្នូ មេដឹកនាំអាម៉េរិក និងរុស្ស៊ី បានព្រមានដាក់គ្នាទៅវិញទៅមក ដោយរុស្ស៊ី បានប្រាប់អាម៉េរិកកុំឱ្យបក្សសម្ព័ន្ធណាតូ បំពាក់អាវុធនៅអ៊ុយក្រែន ខណៈអាម៉េរិកប្រាប់រុស្ស៊ី កុំវាយប្រហារលើអ៊ុយក្រែន។ បន្ទាប់ពីកិច្ចប្រជុំដ៏សំខាន់មួយនេះ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានសង្ឃឹមថា រដ្ឋាភិបាលក្រុងកៀវ និងក្រុងមូស្គូ អាចឈានទៅដល់កិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះដូរអ្នកទោសជាថ្មី៕ 

Tag:
 អាល្លឺម៉ង់
  បារាំង
  ​រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com