អន្តរជាតិ
ប្រមុខWHO៖ ចាត់វិធានការឥឡូវនេះដើម្បីទប់ស្កាត់ការរីករាលដែលវីរុសអូមីក្រុង
09, Dec 2021 , 11:51 am        
រូបភាព
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៨ ខែធ្នូ បានទទូចឱ្យរដ្ឋាភិបាលនៃប្រទេសទាំងអស់​ចាប់ផ្ដើមត្រួតពិនិត្យវិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩ ឡើងវិញដើម្បីទប់ទល់វីរុសអូមីក្រុង ទោះការសិក្សាបឋមបង្ហាញថា វ៉ាក់សាំងដែលមានទំនងអាចទប់ទល់វីរុសបំប្លែងក្ដី។

 
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែធ្នូ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងថា ការឆ្លងរីក រាលដាលនៃវីរុស​អូមីក្រុងនៅ​ជុំវិញ​ពិភពលោក​បង្ហាញថា វីរុសនេះអាចនឹងបង្កផលវិបាកដ៏ធំមួយដល់ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ ចំពោះអ្វីដែល​សហគមន៍អន្តរជាតិត្រូវ ធ្វើនោះគឺត្រូវចាត់វិធានការទប់ស្កាត់កុំឱ្យ​មានការឆ្លងវីរុ​ស​អូមីក្រុង​និង​ការ​ចូល​សម្រាកនៅមន្ទីរពេទ្យបន្ថែមទៀត។
 
«យើង​សូម​អំពាវនាវ​ដល់​ប្រទេស​ទាំងអស់​ឱ្យ​បង្កើន​ការ​ត្រួតពិនិត្យ និងការ​ធ្វើ​តេស្ត​​តាមលំដាប់​លំ​ដោយ​»។ លោក Tedros បញ្ជាក់បែបនេះស្របពេលប្រទេសខ្លះហាក់បន្ធូរដៃក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ តាមរយៈការបន្ថយវិធានការក្នុងប្រទេសដើម្បីសម្រួលសេដ្ឋកិច្ច។ ប្រមុខ WHO ក៏បាន​ផ្ដល់យោ​បល់​ឱ្យ​ប្រទេសទាំងអស់បង្កើនល្បឿនក្នុងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ផងដែរ។
 
ចំណែកប្រធានផ្នែកគ្រប់គ្រងស្ថានភាពអាសន្នរបស់ WHO លោក Mike Ryan បានសង្កត់ធ្ងន់ថា វីរុស​ទម្រង់ថ្មីនេះងាយនឹងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដូច្នេះកិច្ចប្រឹងប្រែងត្រូវតែ កើនឡើង​ទ្វេដង​ដើម្បីទប់ស្កាត់ការចម្លងនេះ។
 
ក្រៅពីនេះ WHO ក៏បានទទួលទន្និន័យពីក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer ដែលបានបញ្ជាក់ថា យោងតាមការសិក្សានៅមន្ទីរពិសោធន៍ វ៉ាក់សាំងចំនួនបីដូសរបស់ខ្លួនអាចទប់ទល់នឹង វីរុសទម្រង់​អូមីក្រុងបាន។ ចំណែកឯ ចំនួនវ៉ាក់សាំងពីរដូសវិញអាចមានអង់ទីករទាបក្នុងការទប់ទល់នឹងវីរុស។
 
ប៉ុន្តែប្រធានផ្នែកវិទ្យាសាស្ត្រនៃ WHO ចាត់ទុកលទ្ធផលនេះជាការសន្និដ្ឋាននេះរហ័សពេក​ក្នុង​ការ​សន្មតពីការថយចុះខ្សោយនៃអង់ទីករទប់ទល់នឹងវីរុស ឬវ៉ាក់សាំងចុះខ្សោយប្រសិទ្ធភាព៕ 

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com