អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកបៃឌិន៖ អាម៉េរិក នឹងមិនដាក់ទ័ពនៅអ៊ុយក្រែនឡើយ
09, Dec 2021 , 1:36 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ Reuters
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ Reuters
ការបញ្ជូនទ័ពជាឯកតោភាគីទៅដាក់លើដែនដីអ៊ុយក្រែន ដើម្បីប្រឆាំងនឹងការឈ្លានពានរុស្ស៊ី មិនមែនជាអាទិភាពរបស់អាម៉េរិកឡើយ។ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានសង្កត់ធ្ងន់បែបនេះទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន ក្នុងថ្ងៃទី៨ ខែធ្នូ។ ទន្ទឹមនេះ លោក បៃឌិន ក៏សង្ឃឹមផងដែរថា លោកអាចនឹងប្រកាសពីជំនួបជាន់ខ្ពស់រវាងរុស្ស៊ី និងបក្សសម្ព័ន្ធយោធាណាតូឆាប់ៗ ដើម្បីជជែកពីបញ្ហាអ៊ុយក្រែន។



ក្នុងជំនួបជាមួយសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានត្រឹមតែព្រមានពីទណ្ឌកម្មសេដ្ឋកិច្ច និងចំណាត់ការមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែមេដឹកនាំអាម៉េរិករូបនេះ មិនបានបញ្ជាក់ពីការបញ្ជូនទ័ពទៅអ៊ុយក្រែនឡើយ ក្នុងករណីរុស្ស៊ីឈ្លានពាន។

ជាចម្លើយទៅកាន់អ្នកសារព័ត៌មាន ដែលបានសួរពីការបញ្ជូនទ័ពអាម៉េរិកទៅអ៊ុយក្រែន លោកបៃឌិន បានសង្កត់ធ្ងន់ថា វាមិនមែនជារបៀបវារៈសំខាន់សម្រាប់អាម៉េរិក។ មេដឹកនាំកំពូលរូបនេះ បានបកស្រាយថា ក្រុងវ៉ាស៊ីនតោន មានកាតព្វកិច្ចផ្នែកច្បាប់ និងសីលធម៌ ក្នុងការការពារសមាជិកបក្សសម្ព័ន្ធណាតូតែប៉ុណ្ណោះ ប៉ុន្តែអ៊ុយក្រែនមិនមែនជាសមាជិកណាតូឡើយ។ នៅក្នុងសន្ធិសញ្ញាបក្សសម្ព័ន្ធណាតូ ត្រង់មាត្រា ៥ បានចែងពីសន្តិសុខសមូហភាព ដែលអនុញ្ញាតឱ្យរដ្ឋជាសមាជិកការពាររដ្ឋផ្សេងទៀត ក្នុងករណីមានការវាយប្រហារពីសត្រូវ។

«វាគួរតែពឹងផ្អែកលើការសម្រេចចិត្តរបស់សមាជិកណាតូ ថាតើចង់ការពារអ៊ុយក្រែនឬយ៉ាងណា»។ ប្រធានាធិបតីអាម៉េរិក បានលើកឡើងបែបនេះ ដោយបន្ថែមថា អាម៉េរិក នឹងមិនបញ្ជូនទ័ពជាឯកតោភាគី ដើម្បីតទល់នឹងកងទ័ពរបស់រុស្ស៊ី ដែលឈ្លានពានអ៊ុយក្រែនឡើយ។

បើទោះជំនួបមេដឹកនាំរុស្ស៊ី និងអាម៉េរិក បានប្រព្រឹត្តទៅដោយប្រើពាក្យសម្តីធ្ងន់ៗដាក់គ្នាក៏ដោយ ប៉ុន្តែវាក៏បានផ្តល់សញ្ញាវិជ្ជមានមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅអ៊ុយក្រែនដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៨ ខែធ្នូ លោកពូទីន បានអះអាងថា រុស្ស៊ីឯកភាពក្នុងការបន្តកិច្ចពិភាក្សា ហើយក្នុងពេលឆាប់ៗខាងមុខ រុស្ស៊ីនឹងផ្លាស់ប្តូរយោបល់លើបញ្ហាអ៊ុយក្រែនជាមួយលោកខាងលិច។ មេដឹកនាំរុស្ស៊ីរូបនេះ បានបន្តថា ក្រុងមូស្គូ កំពុងពិចារណាពីគំនិតមួយចំនួន ហើយខ្លួននឹងផ្តល់គំនិតទាំងនោះ ទៅភាគីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេល ១សប្តាហ៍។

ស្របគ្នានេះ លោកបៃឌិន បានបង្ហាញក្តីសង្ឃឹមមួយ ដែលអាម៉េរិកអាចប្រកាសពីជំនួបមន្រ្តីជាន់ខ្ពស់រុស្ស៊ី និងបក្សសម្ព័ន្ធយោធាណាតូ ត្រឹមថ្ងៃទី១០ ខែធ្នូ ដើម្បីជជែកពីបញ្ហានៅអ៊ុយក្រែន ក៏ដូចជាបន្ធូរបន្ថយភាពតានតឹងតាមតំបន់ព្រំដែនភាគខាងកើតអ៊ុយក្រែន។

សូមបញ្ជាក់ថា ការប្រកាសរបស់ប្រធានាធិបតីអាម៉េរិកខាងលើ បានធ្វើឡើងចំពេលក្រសួងការពារជាតិអ៊ុយក្រែនបញ្ចេញរបាយការណ៍មួយ ដែលអះអាងថា រុស្ស៊ីបានបង្កើនកម្លាំងយោធាខ្លួនរហូតដល់ ១២ម៉ឺននាក់។ របាយការណ៍នោះ ក៏បានបញ្ជាក់ពីពង្រាយអាវុធរបស់រុស្ស៊ីផងដែរ ក្នុងនោះមានដូចជារថពាសដែក, រថយន្តយោធា និងមីស៊ីលប្រភេទ Iskander ជាដើម៕

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com